អន្តរជាតិ
ជប៉ុន​និង​វៀតណាម ឯកភាពគ្នាជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ខណៈបារម្ភ​សកម្មភាពចិនដូចគ្នា
25, Nov 2021 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ស្វាគមន៍សមភាគីវៀតណាម ផាម មិញឈិញ នៅទីក្រុងតូក្យូ។ រូបថត AFP
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ស្វាគមន៍សមភាគីវៀតណាម ផាម មិញឈិញ នៅទីក្រុងតូក្យូ។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ និងសមភាគីវៀតណាម ផាម មិញឈិញ នៅថ្ងៃទី២៤ ខែវិច្ឆិកា បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ខណៈភាគីទាំងពីរសុទ្ធ​តែព្រួយបារម្ភពីសកម្មភាពរបស់ចិននៅក្នុងដែនទឹកតំបន់។ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាពង្រឹងខ្សែច្រវាក់​ផ្គត់ផ្គង់ ហើយជប៉ុននឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ថែមទៀតឱ្យវៀតណាម។

 
លោក គីស៊ីដា ហ្វូមីអូ បានស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ នៅទីក្រុងតូក្យូនៅថ្ងៃទី២៤ ខែវិច្ឆិកា។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីជំនួបនេះ ប្រមុខរដ្ឋាភិបាលទាំងពីរឯកភាព​គ្នា​លើសារសំខាន់នៃការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ហើយនឹងធ្វើការរួមគ្នាឆ្ពោះទៅ​រក​ការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាលដាលសកល។
 
បន្ថែមពីនេះ សេចក្តីថ្លែងការណ៍រួមខាងលើបញ្ជាក់ថា មេដឹកនាំជប៉ុន-វៀតណាមសុទ្ធតែព្រួយ​បារម្ភ​យ៉ាងខ្លាំងអំពីស្ថានភាពនៅសមុទ្រចិនខាងត្បូង និងការប៉ុនប៉ងរបស់ឯកតោភាគីណាមួយ​ដែលអាច​បង្កអស្ថិរភាព និងបង្កើនភាពតានតឹង។ ទោះមិននិយាយចំឈ្មោះ ជប៉ុន និងវៀតណាម ​ទំន​ង​ជា​សំដៅ​លើអំណាចចិនដែលកំពុងកើនឡើងក្នុងតំបន់ ហើយប៉ះពាល់ដល់ប្រយោជន៍​ប្រទេស​ពួកគេ។
 
«វៀតណាមជាដៃគូដ៏សំខាន់សម្រាប់ជប៉ុនដែលនឹងដើរតួជាស្នូលក្នុងការខិតខំរបស់យើងដើម្បីសម្រេចបានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ លោក គីស៊ីដា បានថ្លែងបែបនេះអំឡុង​សន្និសីទ​សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំខាងលើ។ ឯលោក ឈិញ វិញលើកឡើងថា ប្រទេសទាំងពីរបាន​ចាត់​ទុក​គ្នាជាដៃគូដ៏យូរអង្វែង និងសំខាន់បំផុត ហើយវៀតណាមសង្ឃឹមថា នឹងអាចបន្តលើកកម្ពស់​ទំនាក់​ទំនងទ្វេភាគីបន្ថែមទៅមុខទៀត។
ជុំវិញកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងទៀត មេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការពង្រឹង​ខ្សែច្រវាក់ផ្គត់ផ្គង់រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាដើម។ លើសពីនោះ ជប៉ុន​ក៏​នឹង​ជួយ​ជ្រោម​ជ្រែងវៀតណាមក្នុងការកែលម្អលក្ខខណ្ឌសម្រាប់កម្មសិក្សាការី និងនិស្សិតវៀតណាម​ជំនាញ​ផ្នែក​បច្ចេកទេសដែលទៅហាត់ការ និងសិក្សានៅជប៉ុន។
 
ប្រមុខរដ្ឋាភិបាលជប៉ុន ក៏សន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់វៀតណាមចំនួន១,៥៤​លាន​ដូស​ទៀត​។ ជាសរុប ជប៉ុនបានផ្ដល់វ៉ាក់សាំងឱ្យវៀតណាមប្រមាណ៥,៦លានដូសឯណោះ៕

Tag:
 ជប៉ុន
  វៀតណាម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com