កីឡាជាតិ
ជាតិ
Hun Sen Cup 2021៖ បន្ថែមលើការ​បន្តគ្រងជើងឯក វិសាខាក្ដោបពានរង្វាន់ឯកត្តជនទាំងអស់
26, Nov 2021 , 11:30 am        
រូបភាព
ក្រុមបាល់ទាត់វិសាខា នៅតែរក្សាតំណែងជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០២១ ក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង ដោយវគ្គកាត់សេចក្តីដោយបាល់ប៉េណាល់ទី ១១ម៉ែត្រ ដោយលទ្ធផល៥-៤ នាកីឡដ្ឋាន RSN កាលពីថ្ងៃទី២៥ វិច្ឆិកា។



ក្រោយពីលទ្ធផលពេញម៉ោង ១-១ ដោយគ្រាប់ទី១ រកបានដោយកីឡាករ ប្រាក់ មុនីឧត្ដម របស់ព្រះខ័នរាជ នៅនាទី៥៣ មុនពេល វុធ តុលា រកបានមួយគ្រាប់ នាំឲ្យវិសាខា តាមស្មើនោះ ការប្រកួត ក៏បន្តឈានដល់ការថែមម៉ោង ៣០នាទី​  ។ ការប្រកួតថែមម៉ោងនៅត្រឹមនាទី៩០+១០ ខ្សែបម្រើ ជូ ស៊ីនទិ បានរកគ្រាប់បាល់ទី២ ឱ្យក្រុមព្រះខ័នរាជស្វាយរៀង និងជាក្តីសង្ឃឹមខ្ពស់សម្រាប់ក្រុមមួយនេះទៅហើយ។ ប៉ុន្តែគ្រាប់នេះ ក៏ធ្វើឱ្យវិសាខា កាន់តែបើកការសម្រុកតាមស្មើ ២-២វិញ នៅ​នាទី៩០+១៦ ដោយខ្សែការពារ អ៊ុក​ សុវណ្ណ តាមរយៈការទាត់ពិន័យពីចម្ងាយ ។ 
 
ឈានដល់វគ្គកាត់សេចក្ដី ដោយការស៊ុតបាល់១១ម៉ែត្រនោះ ក្រុមវិសាខា នៅតែរក្សាជំហរស៊ុតបាល់បានល្អ ដោយទាត់ចូលទាំង៥គ្រាប់ ខណៈព្រះខ័នរាជស្វាយរៀង ស៊ុតចូលតែ៤គ្រាប់ប៉ុណ្ណោះ ដោយសារកីឡាករ សួន សុវណ្ណ ស៊ុតខុសគោលដៅ ។
 
វិសាខា ដែលនៅតែរក្សាតំណែងជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០២១នេះ ទទួលបានទឹកប្រាក់១០០លានរៀល និងមេដាយមាស រួមទាំងក្តោបយកពានរង្វាន់សំខាន់ៗផ្សេងៗទៀត ដូចជា កែវ សុខសិលា ជាប់ជា អ្នកចាំទីល្អជាងគេ ដោយទទួលបាន«ស្រោមដៃមាស» ។ ខ្សែប្រយុទ្ធ កែវ សុខផេង ដែលរកបាន៧គ្រាប់ ក្នុងការប្រកួតពាននេះ ទទួលបាន«ស្បែកជើងមាស»។ ខ្សែការពារ អ៊ុក សុវណ្ណ ជាប់ជាកីឡាករល្អជាងគេ ដោយទទួលបាន «បាល់មាស»  ខណៈលោក Akeeb Tunji Ayoyinka ជាប់ជាគ្រូបង្វឹកល្អជាងគេ ដោយទទួលបាន«រង្វាន់សរសើរ»។ ពួកគេទាំងសុទ្ធតែទទួលបានទឹកប្រាក់រង្វាន់៣លានរៀល ក្នុងម្នាក់ៗថែមទៀតផង។
 
ចំណែកព្រះខ័នរាជស្វាយរៀង ជើងឯករង ទទួលបានមេដាយប្រាក់ និងទឹកប្រាក់៦០លានរៀល ខណៈបឹកកេត បានលេខ៣ ទទួលបានទឹកប្រាក់៣០លានរៀល និងមេដាយសំរឹទ្ធ។ រីឯភ្នំពេញ ដែលស្ថិតនៅលេខ៤នោះ បានត្រឹមជាប់ជាក្រុមបានល្អត្រឹមត្រូវជាងគេ (Fairs Play) ទទួលបានទឹកប្រាក់៨លានរៀលដែរ។ ដោយឡែកអាជ្ញាកណ្ដាលល្អជាងគេ៤រូប បានទៅ ហោ ប៊ុនថង, ហេង សុខលី, លោក ហែម ចិត្រា និង អ៊ីវ ទីណា ដែលទទួលបានទឹកប្រាក់សរុប៥លានរៀល សម្រាប់ពួកគេទាំង៤នាក់។
 
គួរបញ្ជាក់ថា ក្លិបវិសាខា បានគ្រងតំណែងជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន នេះពីរឆ្នាំជាប់គ្នាហើយ៕

Tag:
 Hun Sen Cup
  វិសាខា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com