អន្តរជាតិ
ស្ថានទូតចិននៅលីទុយអានី ផ្អាកសេវាកុងស៊ុល ខណៈមានជម្លោះរឿងតៃវ៉ាន់
26, Nov 2021 , 12:29 pm        
រូបភាព
ទិដ្ឋភាពស្ថានទូតចិនប្រចាំលីទុយអានី។ រូបថត China Daily
ទិដ្ឋភាពស្ថានទូតចិនប្រចាំលីទុយអានី។ រូបថត China Daily
ដោយ:
ស្ថានទូតចិនប្រចាំលីទុយអានី ប្រកាសផ្អាកសេវាកុងស៊ុលជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងតាមក្រោយបន្ថែមក្រោមហេតុផលបច្ចេកទេស។ នេះបើតាមសេចក្តីថ្លែងការណ៍មួយនៅលើវេបសាយស្ថានទូតចិននាថ្ងៃទី២៤ ខែវិច្ឆិកា។ ប៉ុន្តែភ្លាមៗ ការជូនដំណឹងនេះ ស្រាប់តែត្រូវបានលុបភ្លាមៗ។

 
ទំនាក់ទំនងរវាងចិន និងលីទុយអានីកាន់តែល្អក់កករ ក្រោយលីទុយអានីអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងក្នុងប្រទេសរបស់ខ្លួន។​ ទំនងជាវិធានការតបវិញ ចិនក៏សម្រេចផ្អាកសេវាកុងស៊ុលដែលរួមការផ្ដល់ទិដ្ឋាការផងនៅស្ថានទូតប្រចាំទីក្រុងវីលនីញូស។ យ៉ាងណាមិញ ការប្រកាសនេះ ត្រូវលុបចោលពីវេបសាយស្ថានទូតចិនប្រហែលកន្លះម៉ោងក្រោយការផ្សាយ។
 
ការផ្អាកសេវាកម្មកុងស៊ុលជាបណ្តោះអាសន្ននេះបានកើតឡើង បន្ទាប់ពីចិនបានទម្លាក់កម្រិតទំនាក់ទំនងកាទូតជាមួយលីទុយអានីនៅថ្ងៃទី២១ ខែវិច្ឆិកា មកត្រឹមថ្នាក់ភារធារី។ ចិនក៏ព្រមានពីផលវិបាកផ្សេងទៀត បើលីទុយអានីមិនព្រមផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន។
 
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting លើកឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាថា ការសម្រេចចិត្តរបស់លីទុយអានីធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ក្រុមហ៊ុននៅក្នុងប្រទេសទាំងពីរ ព្រមទាំងរដ្ឋជាសមាជិកសហភាពអឺរ៉ុបផងដែរដែលត្រូវតែទទួលនូវផលវិបាកទាំងអស់។​ លោកស្រី Shu បន្តទៀតថា ចិនជំរុញឱ្យភាគីលីទុយអានីកែប្រែចំពោះការសម្រេចចិត្តខុសនេះភ្លាមៗហើយបែរមកប្តេជ្ញាចំពោះគោលការណ៍ចិនតែមួយវិញ។
 
គួរបញ្ជាក់ថា លីទុយអានីមានទំនាក់ទំនងផ្លូវការជាមួយចិន មិនមែនតៃវ៉ាន់ឡើយ ប៉ុន្តែបានធ្វើឱ្យទីក្រុងប៉េកាំងខឹងជាខ្លាំង ក្រោយប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋអឺរ៉ុបមួយនេះអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងនៅប្រទេសខ្លួនក្រោមឈ្មោះជាតៃវ៉ាន់តែម្តង។ ចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដែលគ្មានសិទ្ធិរួចក្លាយជារដ្ឋមួយនោះទេ ហើយថែមទាំងបង្កើនសម្ពាធដល់ប្រទេសផ្សេងសូម្បីតែរដ្ឋមិនផ្លូវការឱ្យកាត់ផ្តាច់ទំនាក់ទៅនងជាមួយតៃវ៉ាន់ទៀតផង៕

Tag:
 លីទុយអានី
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com