ជាតិ
ថវិកាជាតិ ដែលគ្រោងចំណាយ ៨ ៥០០លានដុល្លារ នៅឆ្នាំ២០២២ ត្រូវបានអនុម័តហើយ
26, Nov 2021 , 2:00 pm        
រូបភាព
លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ នៅរដ្ឋសភា កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២១
លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ នៅរដ្ឋសភា កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២១
ភ្នំពេញ៖ រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយ កាលពីថ្ងៃទី២៥ វិច្ឆិកា។ កម្ពុជា បានកំណត់ការចំណាយរបស់ជាតិ ប្រមាណ៨៥០០លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២២។ទំហំថវិកាចំណាយនេះ គឺកើនឡើងចំនួន៨,៤ភាគរយ បើធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០២១។

 
រដ្ឋាភិបាលនឹងអនុម័តលើការចំណាយប្រចាំឆ្នាំ២០២២ ក្នុងទំហំថវិកាសរុប ៣៤ ៧០៨ ៦៣០ លានរៀល(ប្រមាណ៨ ៥០០លានដុល្លារ)។ ចំនួនថវិកានេះ ស្មើនឹង២៧,៩៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស-GDP) ដែលកើនឡើង៨,៤ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២១។ នេះបើតាមយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ ដោយបានបញ្ជាក់ថា ក្នុងនោះចំណាយចរន្ត (ទាំងថ្នាក់ជាតិ និងក្រោមជាតិ) មានជាង២០,៨ទ្រីលានរៀល(ប្រមាណ ៥០០០លានដុល្លារ និងចំណាយមូលធន មានជាង ១៣,៨ទ្រីលានរៀល (ក្នុងរង្វង់៣ ៤០០ លានដុល្លារ)។
 
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុបានបង្ហាញថា ការចំណាយថ្នាក់ជាតិប្រចាំឆ្នាំ២០២២ រដ្ឋាភិបាលគ្រោងថវិកាជាង៨,៤ទ្រីលានដុល្លារ(ប្រមាណ២ ០០០លានដុល្លារ)សម្រាប់ចំណាយលើវិស័យសង្គមកិច្ច។ ទំហំថវិកានេះ គឺបានកើន៨ភាគរយ ធៀបនឹងឆ្នាំ២០២១។ ចំណាយលើវិស័យរដ្ឋបាលទូទៅ ជាង២ទ្រីលានរៀល(ប្រមាណ៥០០លានដុល្លារ) កើនជិត៦ភាគរយ, វិស័យសេដ្ឋកិច្ច ជាង៦,៥ទ្រីលានរៀល (ប្រមាណ១ ៦០០លានដុល្លារ) កើន១,៧ភាគរយ និងចំណាយវិស័យការពារជាតិ ជិត៤,៨ទ្រីលានរៀល(ប្រមាណ ១ ១៧០លានដុល្លារ) ដែលត្រឹម០,៥ភាគរយ។ ដោយឡែក ថវិកាជាង ៣ទ្រីលានរៀលទៀត (៧៣០លានដុល្លារ) គឺសម្រាប់ការចំណាយថ្នាក់ក្រោមជាតិ។
 
ចំពោះចំណាយមូលធនប្រចាំដែលរដ្ឋាភិបាលគ្រោងចំណាយប្រចាំឆ្នាំ២០២២ នោះ មានការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងស្រុក មានជាង ៦,៥ទ្រីលានរៀល(ប្រមាណ ១៦០០លានដុល្លារ), ការទូទាត់ប្រាក់ខ្ចី មានជាង ១,៤ទ្រីលានដុល្លារ(ប្រមាណ៣៦០លានដុល្លារ) និងចំណាយលើការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសមានជាង ៥,៨ទ្រីលានរៀល(ជាង១ ៤០០លានដុល្លារ)៕

© រក្សាសិទ្ធិដោយ thmeythmey.com