ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជនមួយចំនួន​ មានលទ្ធភាពរៀននៅមហាវិទ្យាល័យ តាមរយៈការងារជាជាងចម្លាក់ស្បែក
13, Jan 2022 , 10:59 pm        
រូបភាព
(ពីឆ្វេង) យុវជន អៀន សំអាត, យុវជន ឌឿន ណារ៉ុង និង យុវជន ស៊ាង ទេព
(ពីឆ្វេង) យុវជន អៀន សំអាត, យុវជន ឌឿន ណារ៉ុង និង យុវជន ស៊ាង ទេព
សៀមរាប៖ សិប្បកម្មចម្លាក់ស្បែករបស់លោក ញឹក សិរីរតនា ដែលមានទីតាំងនៅទល់មុខប្រាសាទព្រះគោនៃទឹកដីខេត្តសៀមរាប បានបណ្ដុះបណ្ដាលយុវជន និងកុមារក្រីក្រមួយចំនួន លើជំនាញចម្លាក់ស្បែក។ តាមរយៈជំនាញចម្លាក់ស្បែកនេះ បានធ្វើឱ្យយុវជនទាំងនោះ​មានលទ្ធភាពបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានា។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នក ទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 
សិប្បកម្មចម្លាក់ស្បែកមួយកន្លែងដែលមានអាយុកាលប្រមាណ២០ឆ្នាំមកហើយនៅខេត្តសៀមរាប មិនត្រឹមតែជាអាជីវកម្មបង្កើតដើម្បីប្រាក់ចំណូលនោះទេ ប៉ុន្តែវាក៏ជាទីតាំងមួយ ដែលបានផ្តល់ឱកាសឱ្យយុវជនក្រីក្រ និងក្មេងកំព្រាទៅស្នាក់នៅ និងរៀនជំនាញគូរ និងដាប់ឆ្លាក់វត្ថុសិល្បៈ ដែលផលិតពីស្បែកសត្វគោក្របី។ សិប្បកម្មចម្លាក់ស្បែកនេះ មានទីតាំងទល់មុខប្រាសាទព្រះគោ ដែលស្ថិតក្នុងភូមិឱឡោក ឃុំបាគង ស្រុកប្រាសាទបាគង។ 


  យុវជន ស៊ាង ទេព ជាជាងចម្លាក់ស្បែក វ័យ២១ឆ្នាំ។
 
ទីកន្លែងសិប្បកម្មចម្លាក់ស្បែកនេះ បានផ្តល់ឱកាសឱ្យយុវជន ស៊ាង ទេព  អាចរកប្រាក់ចំណូលបានពីជំនាញផលិតវត្ថុសិល្បៈផ្សេងដែលផលិតពីស្បែកគោក្របីសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសគឺអាចបន្តការសិក្សានៅមហាវិទ្យាល័យបានថែមទៀត។ កំពុងដាប់ស្បែកជារូបអប្សរាមួយផ្ទាំងនៅក្រោមដើមឈើ យុវជនវ័យ២១ឆ្នាំរូបនេះ ឆ្លៀតមកផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានថ្មីៗដូច្នេះថា៖«ដោយសារខ្វះជីវភាពសិក្សា ខ្ញុំក៏សុំគាត់មកនៅទីនេះ ហើយខ្ញុំបានមកស្គាល់ទីនេះ ដោយសារលោកគ្រូម្នាក់គាត់បានបង្រៀនក្នុង (ស្រុក) នេះ ហើយគាត់បានទៅបង្រៀននៅស្រុកខ្ញុំ។ ហើយគាត់បានឃើញជីវភាពគ្រួសារខ្ញុំ គាត់ក៏ជួយណែនាំ មកឱ្យនៅទីនេះ។ កាលខ្ញុំនៅស្រុកនោះ អត់ធ្វើអីទេ ដើរតែឃ្វាលគោទេ»។ 
 
យុវជនមកពីស្រុកក្រឡាញ់រូបនេះ បានរស់នៅក្នុងកន្លែងសិប្បកម្មចម្លាក់ស្បែកនេះអស់រយៈពេល៤ឆ្នាំមកហើយ ខណៈបច្ចុប្បន្ន រូបគេកំពុងសិក្សាលើជំនាញគណនេយ្យនៅសាកលវិទ្យាល័យមួយកន្លែងផងដែរ។  «ការងារ [ជាជាងចម្លាក់ស្បែក] នេះ ល្អសម្រាប់ពួកខ្ញុំ ដែលខ្វះថវិកាក្នុងការសិក្សា»។ នេះជាការលើកឡើងរបស់និស្សិត ស៊ាង ទេព ដោយបានរៀបរាប់ដូច្នេះថា៖«ទីមួយយើង អាចរកលុយពី (ការងារ)ហ្នឹង! សម្រាប់ផ្គត់ផ្គង់ការសិក្សា បង់ថ្លៃសិក្សា»។ សម្រាប់យុវជនរស់នៅក្នុងខេត្តសៀមរាបរូបនេះ ការងារជាជាងចម្លាក់ស្បែកនេះ គឺមិនបានប៉ះពាល់ដល់ការសិក្សារបស់នៅមហាវិទ្យាល័យនោះឡើយ។​ 


យុវជន អៀន សំអាត ជាងចម្លាក់ស្បែក វ័យ២១ឆ្នាំ។ 
 
ងាកមកចាប់អារម្មណ៍យុវជន អៀន សំអាត វិញម្តង ដែលកំពុងមមាញឹកក្នុងការដាប់ចម្លាក់រូបនាគរាជពីស្បែកគោ នៅក្រោមសំយាបផ្ទះ ប្រក់ដោយស័ង្កសីក្រហមឆ្អៅ។ យុវជនវ័យ២១ឆ្នាំរូបនេះ សម្រេចចិត្តទៅបំពេញការងារនៅសិប្បកម្មចម្លាក់ស្បែកនេះ គឺដោយសារតែជីវភាពខ្វះខាត និងគ្មានលទ្ធភាពបន្តការសិក្សា។ «សម្រាប់ការងារហ្នឹង វាបានជួយដល់ការរៀនសូត្រ គឺសម្រាប់យើងខ្វះខាតថវិកា។ យើងមានពេលមួយម៉ោង ពីរម៉ោងអីយើងធ្វើ [ចម្លាក់ស្បែក] រួច ហើយយើងទៅរៀនទៅ។ ស្អែកឡើង យើងទំនេរទៀត យើងធ្វើបន្តរហូតទៅ ដល់ពេលហើយយកវាទៅលក់ ហើយយកថវិកាដើម្បីទៅរៀន»។ នេះជាសម្ដីរបស់យុវជន សំអាត ដែលជាអ្នកមកពីស្រុកសូត្រនិគម។ ការងារជាជាងចម្លាក់ស្បែកនេះ បានផ្គត់ផ្គង់ការរៀនសូត្រថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យរបស់យុវជនរូបនេះ រហូតដល់បានចប់ចុងចប់ដើម។ 
 
សម្រាប់យុវជន ឌឿន ណារ៉ុង ក៏មានជីវភាពមិនខុសពីយុវជនទាំង២នាក់ខាងលើប៉ុន្មានដែរ។ បច្ចុប្បន្ន ណារ៉ុង កំពុងរៀននៅថ្នាក់ទី១០ និងបានធ្វើការនៅក្នុងសិប្បកម្មចម្លាក់ស្បែកនេះអស់រយៈពេល៨ឆ្នាំមកហើយ។  បើតាម ណារ៉ុង ការងារជាធ្វើចម្លាក់ស្បែកនេះ គឺមិនត្រឹមជួយសម្រាកបន្ទុកគ្រួសារនោះទេ តែជំនាញនេះ ក៏បានផ្តល់ឱកាសដល់យុវជនវ័យក្មេងរូបនេះ អាចចូលរួមថែរក្សាសម្បត្តិសិល្បៈខ្មែរផងដែរ។  «ទីមួយចេះជំនាញនេះ ហើយយើងអាចថែរក្សាសម្បត្តិនេះផង មួយទៀតអាចឱ្យយើងមានចំណូលបានទៅរៀនបន្ត។ ទាល់ទំនេរពីការសិក្សាទើបយើងធ្វើវា ធ្វើវាដើម្បីយកលុយ ទៅរៀនគួរ ទៅរៀនអីបន្ថែម ហើយមកទីនេះកុំឱ្យគ្រួសារមានបន្ទុកច្រើន កាត់បន្ថយបន្ទុកគ្រួសារខ្លះ»។ 


 យុវជន ឌឿន ណារ៉ុង ជាងចម្លាក់ស្បែក កំពុងសិក្សាថ្នាក់ទី១០។
 
សិប្បកម្មចម្លាក់ស្បែកខាងលើនេះ បានបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនប្រមាណ១០០នាក់មកហើយ ដែលពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យទៅតាមជំនាញផ្សេងៗ។ នេះជាការលើកឡើងរបស់លោក ញឹក សិរីរតនា ដែលជាម្ចាស់សិប្បកម្មចម្លាក់ស្បែកឈ្មោះ Little Angel។ លោក បានបញ្ជាក់ថា ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះបានក្លាយជាគ្រូបង្រៀន  និងមានខ្លះទៀត បានក្លាយជាមគ្គទេសក៏ទេសចរ ជាដើម ខណៈបច្ចុប្បន្ន សិប្បកម្មចម្លាក់ស្បែកនេះ មានយុវជននិងកុមារចំនួន៣៥នាក់ទៀត ដោយនោះមានស្រី១៥នាក់ ដែលកំពុងហាត់រៀនចម្លាក់ស្បែកនេះបណ្តើរ និងកំពុងសិក្សារៀនសូត្រនូវចំណេះដឹងទូទៅឬជំនាញផ្សេងៗនៅតាមសាលារៀនបណ្តើរផងដែរ៕  

Tag:
 ThmeyThmey
  ចម្លាក់ស្បែក
  BBC
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com