ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
សារលោក កឹម សុខា ជាការបិទផ្លូវ​នយោបាយលោក សម រង្ស៊ី?
30, Nov 2021 , 2:35 pm        
រូបភាព
ភ្នំពេញ៖ លោក កឹម សុខា បានផ្ញើរសារមួយប្រាប់​ទៅ​លោក សម រង្ស៊ី និង​សហការី​ផ្សេងទៀត ឱ្យឈប់​យកឈ្មោះ​ខ្លួន ទៅ​ផ្សារភ្ជាប់​ជាមួយ​សកម្មភាពនយោបាយ និង​ចលនា​ផ្សេងៗនៅក្រៅ​ប្រទេស ដែល​ប៉ះពាល់​សិទ្ធិ​ និងជំហររបស់ខ្លួន។ សារ​របស់លោក កឹម សុខា កាលពីថ្ងៃទី២៨ វិច្ឆិកា ហាក់​បង្ហាញថា លោក កឹម សុខា និង​លោក សម រង្ស៊ី លែង​ជាម​នុស្ស​តែមួយ​ទៀតហើយ​។​ តើសារលោក កឹម សុខា ទៅកាន់លោក សម រង្ស៊ី ផ្ដល់ផលចំណេញ ឬបិទផ្លូវនយោបាយមេដឹកនាំប្រឆាំងមួយនេះ?



ជាការពិតណាស់! សាររបស់លោក កឹម សុខា ប្រាប់ទៅលោក សម រង្ស៊ី បែបនេះ វាមិនត្រឹមតែបង្ហាញពីការបែកបាក់សាមគ្គី និងផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិទេ តែវាថែមទាំងមិនផ្ដល់ផលចំណេញដល់ក្រុមប្រឆាំងដ៏ធំមួយនេះទៀតផង។ ផលខាតធំនោះ ដោយសារអ្នកគាំទ្រមេបក្សប្រឆាំង ជាពិសេសគឺលោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសនោះ មានច្រើនជាងអ្នកគាំទ្រលោក កឹម សុខា។ ដូច្នេះពួកគេ ច្បាស់ណាស់ប្រាកដជាស្អប់ និងខឹងលោក កឹម សុខា ហើយថែមទាំងរិះគន់អតីតមេបក្សប្រឆាំងរូបនេះ ថា ជាអ្នកបំផ្លាញបក្ស។
 
មិនតែប៉ុណ្ណោះពលរដ្ឋដែលមានសមានចិត្តខ្លាំងចំពោះលោក សម រង្ស៊ី ទំនងនឹងឈប់គាំទ្រ ហើយនឹងមិនធ្វើចលនាទាមទារណាមួយ ឱ្យដោះលែងលោក កឹម សុខា ទៀតឡើយ។ លើសពីនេះទៀតសោត វាក៏ធ្វើឱ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ត្រូវបែកខ្ញែកគ្នាជាពីរដូចមុន គឺមានក្រុមអ្នកគាំទ្រ និងស្មោះស្ម័គ្រលោក កឹម សុខា និងក្រុមអ្នកគាំទ្រ និងប្ដូរផ្ដាច់ជាមួយលោក សម រង្ស៊ី។
 
សូមរំឭកបន្ដិចថា មុនពេលលោក កឹម សុខា និងលោក សម រង្ស៊ី ច្របាច់គណបក្សបញ្ចូលគ្នា ដោយបង្កើតបានគណបក្សសង្គ្រោះជាតិមួយឡើង កាលពីឆ្នាំ២០១២ និងចូលរួមបោះឆ្នោតឆ្នាំ២០១៣នោះ គឺគណបក្សមេដឹកនាំទាំងពីរ ទទួលបានអាសនក្នុងរដ្ឋសភា មិនដល់៣០កៅអីឡើយ នាពេលបោះឆ្នោតអាណត្តិទី៤ ឆ្នាំ២០០៨។ ក្នុងនោះ គណបក្សសម រង្ស៊ី (បច្ចុប្បន្នគណបក្សភ្លើងទៀន) ទទួលបាន ២៦កៅអី , គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ទទួលបាន៣កៅអី ,ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ សុទ្ធតែទទួលបាន២កៅអីដូចគ្នា ខណៈគណបក្សប្រជាជនកម្ពុជា ឈ្នះអាសន៩០ ក្នុងចំណោម១២៣កៅអី ក្នុងរដ្ឋសភា។ 
 
ដោយមិនបកស្រាយលើបញ្ហាផ្សេងៗ គេអាចមើលឃើញថា ការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី (បច្ចុប្បន្នគណបក្សភ្លើងទៀន) និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលបង្កើតបានគណបក្សសង្គ្រោះជាតិ ចូលរួមបោះឆ្នោតនៅក្នុងឆ្នាំ២០១៣ នោះ គឺជាកម្លាំងមួយដ៏ខ្លាំង ដែលបានទាញអ្នកគាំទ្រពាក់កណ្ដាលនគរ ហើយទទួលបានអាសនរហូតដល់៥៥កៅអី ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ៦៨កៅអី ក្នុងរដ្ឋសភា។ 
 
ចលនាគាំទ្រមេដឹកនាំគណបក្សប្រឆាំងទាំងពីរ កាន់តែរីកធំៗទៅ មុននឹងត្រូវបានតុលាការរំលាយ នៅថ្ងៃទី១៦ វិច្ឆិកា ២០១៧ ដោយទាញភ្ជាប់ករណីក្ដីក្ដាំលោក កឹម សុខា ពីបទ«គប់គិតជាមួយបរទេស»។ ហើយបានហាមសកម្មភាពមន្ត្រី១១៨នាក់(ស្លាប់១នាក់) នៃអតីតបក្សប្រឆាំងធ្វើនយោបាយ៥ឆ្នាំទៀតផង មុនកាលបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨។ បានន័យថា អតីតបក្សប្រឆាំងនេះ មិនបានចូលរួមបោះឆ្នោតអាណត្តិមុនទេ។
 
សារលោក កឹម សុខា កំពុងសម្លាប់នយោបាយលោក សម រង្ស៊ី ?

ទោះបីជាអតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយ ហើយមន្ត្រីមួយចំនួន ជាប់បម្រាមនយោបាយក្តី ហេតុអ្វីមេដឹកនាំបក្សទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា មិនព្រមរក្សាជំហររួមគ្នា ដូចពាក្យសន្យាប្ដូរផ្ដាច់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយទៅ? មេដឹកនាំទាំងពីរក៏ដឹងហើយថា ការបែកបាក់គ្នាវាមិនផ្ដល់ផលចំណេញដល់ក្រុមប្រឆាំងឡើយ ។ ផ្ទុយទៅវិញ វាផ្ដល់ផលចំណេញកាន់តែធំទៅគណបក្សកាន់អំណាច ដែលកំពុងចង់ឱ្យមេដឹកនាំទាំងពីរបែកបាក់គ្នា។
 
តែយ៉ាងណា ការអត់ធ្មត់របស់មនុស្សម្នាក់ៗ មានដែនកំណត់! លោក កឹម សុខា ដែលបានប្រាប់​ឱ្យ​លោក សម រង្ស៊ី និង​សហការី​ផ្សេងទៀត ឱ្យបញ្ឈប់សកម្មភាព​យកឈ្មោះ​ខ្លួន ទៅ​ផ្សារភ្ជាប់​ជាមួយ​សកម្មភាពនយោបាយ និង​ចលនា​ផ្សេងៗនៅក្រៅ​ប្រទេសនោះ ដោយយល់ឃើញថា វាជាការបំពានសិទ្ធិខ្លួន។
 
ម្យ៉ាងទៀតលោក កឹម សុខា ដែលកំពុង​ជាប់​រឿងក្តី​ក្ដាំ​ជាង​៤​ឆ្នាំ​មកនេះ មើលឃើញថា លោក សម រង្ស៊ី​និង​សហការី​បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការរួបរួម ដោយ​ទៅ​បង្កើត​ចលនានយោបាយ​ផ្សេងៗ និង​មុខតំណែង​ខ្លួនឯង​។ ជាពិសេស​ថ្មីៗ​នេះ គឺ​ការ​ត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហរ ​ឬនៅ​ពីក្រោយ​ការដឹកនាំ​គណបក្សនយោបាយ​ចាស់​របស់​ពួកគេ គឺ​គណបក្ស​ភ្លើងទៀន​។ សម្រាប់​លោក កឹម សុខា ទង្វើ​របស់​ពួកគេ​ទាំងនោះ បានបញ្ជាក់​ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជា​មនុស្ស​តែមួយ​ទេ ព្រោះ​សកម្មភាព​ទាំងអស់នេះ មិនមាន​ការគាំទ្រ ឬ ជា​ជំហរ​របស់ខ្លួន​ឡើយ​។​
 
បើតាមការអះអាងរបស់លោក កឹម សុខា លោក សម រង្ស៊ី កំពុងយកឈ្មោះលោក ទៅធ្វើសកម្មភាពបំពេញ​ម​ហិ​ច្ឆិ​តា​នយោបាយ​របស់ខ្លួន ដែល​ធ្វើឱ្យ​សាធារណមតិ​ជាតិ និង អន្តរជាតិ​មានការ​ភ័ន្តច្រឡំប៉ុណ្ណោះ​។
 
តែយ៉ាងណាលោក សម រង្ស៊ី ចាត់ទុកសេចក្តីថ្លែងការណ៍របស់លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់សម្ដេច ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់។
 
វាជាការបកស្រាយមួយអន្លើររបស់លោក សម រង្ស៊ី។ ប៉ុន្តែមួយដង ជាពីរដង លោក សម រង្ស៊ី ក៏ធ្លាប់យកករណីរឿងក្តីលោក កឹម សុខា ពីបទ«គប់គិតជាមួយបរទេស» នេះ ទៅលេងជាល្បែងភ្នាល់ជាមួយសម្ដេច ហ៊ុន សែន ជាច្រើនដងមកហើយ ។
 
គេអាចចាំបានថា លោក សម រង្ស៊ី ធ្លាប់បបួលសម្ដេច ហ៊ុន សែន ភ្នាល់ពីការដោះលែងលោក កឹម សុខា កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨។ កាលណោះលោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នោះ, លោក ហ៊ុន សែន នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលស្រុកឱ្យអាជ្ញាធរចាប់ខ្លួន»។
 
សម្ដេច ហ៊ុន សែន ទទួលយកការភ្នាល់នេះ ។ សម្ដេច ហ៊ុន សែន ក៏បានព្រលយដែរថា លោក សម រង្ស៊ី កំពុងប្រើយុទ្ធសាស្រ្តសម្លាប់ជីវិតនយោបាយលោក កឹម សុខា ។ ប្រមុខរដ្ឋាភិបាល ធ្លាប់បានអះអាងថា លោក សម រង្ស៊ី ជាអ្នករុញសម្តេចផ្ទប់ជញ្ជាំងឱ្យគ្មានជម្រើសអ្វី ក្រៅពីទទួលយកការភ្នាល់ ដើម្បីសម្លាប់ជីវិតនយោបាយលោក កឹម សុខា ឡើយ។ ដូច្នេះទាំងលោក កឹម សុខា និងក្រុមគ្រួសារ ព្រមទាំងអ្នកគាំទ្រមេដឹកនាំរូបនេះ កុំភាន់ច្រឡំលើរឿងនេះ។
 
ការភ្នាល់គ្នានេះចប់ហើយ! ប៉ុន្តែលោក កឹម សុខា នៅតែមិនទាន់រួចផុត ពីបទចោទ«គប់គិតជាមួយបរទេស»នេះឡើយ ខណៈតុលាការផ្អាកដំណើរការសវនាការមួយរយៈពេលធំមកហើយ ពោលគឺចាប់តាំងពីខែមីនា ២០២០មកម្ល៉េះ។ ចំណែកលោក សម រង្ស៊ី ដែលភ្នាល់ចាញ់សម្ដេច ហ៊ុន សែន ពីរឿងដោះលែងលោក កឹម សុខា នេះ ក៏នៅមិនព្រមចូលស្រុកឱ្យគេចាប់ខ្លួន ហើយបន្តរស់នៅបរទេស ធ្វើសកម្មភាពនយោបាយផ្សេងៗ ដោយយកឈ្មោះលោក កឹម សុខា ទៅផ្សារភ្ជាប់សកម្មភាពរបស់ខ្លួន។
 
ទំនងរូបភាពទាំងនេះហើយ ទើបធ្វើឱ្យលោក កឹម សុខា រក្សាភាពស្ងៀមស្ងាត់ជាង៤ឆ្នាំមកនេះ បញ្ចេញសារលើកដំបូង ដោយបង្ហាញពីការបែកបាក់គ្នារវាងខ្លួន និងលោក សម រង្ស៊ី។ សារនយោបាយរបស់លោក កឹម សុខា នេះ ត្រូវបានគេមើលឃើញថា ជាសារសម្លាប់ជីវិតនយោបាយលោក សម រង្ស៊ី ផងដែរ ព្រោះមេដឹកនាំបក្សប្រឆាំង ដែលមិនអាចចូលស្រុកបានរូបនេះ មានទឹកមាត់ប្រៃខ្លាំង នៅពេលយកឈ្មោះលោក កឹម សុខា ទៅនិយាយជាមួយបណ្ដាស្ថាប័នអន្តរជាតិនានា។
 
ដូច្នេះបើសិនជាលោក សម រង្ស៊ី មិនអាចយកឈ្មោះ លោក កឹម សុខា ដែលកំពុងជាប់ក្តីក្តាំនៅកម្ពុជា ទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពខ្លួនទេនោះ លោក សម រង្ស៊ី ក៏ទំនងហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់សហគមន៍អន្តរជាតិ និងជាតិដែរ។ នោះក៏ព្រោះតែលោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំងនេះ ហាក់បង្ហាញរូបភាពរស់នៅបែបស៊ីវិល័យ និងមិនសូវពិបាកដូចលោក កឹម សុខា ដែលកំពុងប្រឈមមុខច្បាប់ និងធ្លាប់ជាប់ពន្ធនាគារនេះ។
 
សំនួរមួយទៀត ត្រូវបានគេចោទសួរថា ចុះបើលោក កឹម សុខា ចេញសារបែបសម្លាប់ជីវិតនយោបាយលោក សម រង្ស៊ី បែបនេះ បានន័យថា លោក កឹម សុខា កំពុងបំពេញបំណងសម្ដេច ហ៊ុន សែន ដែលធ្លាប់ប្រកាសពីការបញ្ចប់អាជីពដៃគូនយោបាយជិត៣០ឆ្នាំមកដែរនេះ។ 
 
ដូច្នេះតើលោក កឹម សុខា អាចជាកូនអុកសម្ដេច ហ៊ុន សែន ដែរទេ?​ ត្រង់ចំណុចនេះ គេអាចសន្និដ្ឋាន តាមរូបភាពខាងក្រៅថា លោក កឹម សុខា ហាក់កំពុងចូលដៃជាមួយសម្ដេច ហ៊ុន សែន ដោយប្រយោល ក្នុងការកម្ចាត់លោក សម រង្ស៊ី ពីឆាកនយោបាយ។ ប៉ុន្តែធាតុពិតនៃផ្ទៃក្នុងរវាងមនុស្សពីរនាក់ គឺលោក សម រង្ស៊ី និងលោក កឹម សុខា វិញ មិនដឹងថាផ្ទៃក្នុងដែលរួមគ្នា ដោយក្រុមគណបក្សពីរបញ្ចូលគ្នានេះ វាបានប្រេះឆា តាំងពីពេលណាមក ហើយនាំគ្នាប្រឹងប្រែងទប់កំដៅ រហូតដល់ផ្ទុះបែកបាក់ដូច្នេះ។
 
ប៉ុន្តែបើសួរទៀតថា តើជីវិតនយោបាយលោក កឹម សុខា ទៅជាយ៉ាងណា ក្រោយលោក សម រង្ស៊ី បាត់បង់ឱកាសធ្វើនយោបាយនោះ? វាក៏ពិបាកព្យាករដែរ! ប៉ុន្តែគេអាចមើលឃើញបានខ្លះៗថា បើសិនជាលោក សម រង្ស៊ី ពិតជាមិនទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ តាមរយៈការស្នើសុំពីសម្ដេច ហ៊ុន សែន ដែលធ្លាប់ប្រកាសថា គ្មានការយោគយល់លើមេដឹកនាំរូបនេះទៀតទេ នោះលោក កឹម សុខា អាចនឹងក្លាយជាមេដឹកនាំនយោបាយបក្សប្រឆាំង ជំនួសវត្តមានលោក សម រង្ស៊ី ។ លោក កឹម សុខា អាចមានសិទ្ធិធ្វើនយោបាយវិញបាន លុះត្រាតែតុលាការទម្លាក់បទចោទ«គប់គិតជាមួយបរទេស» បើសិនជាមិនរកឃើញភស្តុតាង ឬកំហុសណាមួយ ។
 
នៅពេលដែលលោក កឹម សុខា អាចមានឱកាសធ្វើនយោបាយវិញ នៅពេលណាមួយនោះ លោកទំនងជាអាចទាញអ្នកគាំទ្របាន ព្រោះចង់មិនចង់ លោក កឹម សុខា ជាអ្នកនយោបាយជើងចាស់មួយរូប ដែលមានបទពិសោធន៍ច្រើន ជាងអ្នកនយោបាយជំនាន់ក្រោយ ក្នុងការប្រកួតជាមួយសម្ដេច ហ៊ុន សែន បាន ។ ប៉ុន្តែបើសួរថា លោក កឹម សុខា អាចយកឈ្នះគណបក្សប្រជាជនទេ វាពិបាកបន្តិចហើយ ដោយសារតែសំឡេងអ្នកគាំទ្របក្សប្រឆាំង ពោលគឺអ្នកគាំទ្រ និងស្រលាញ់លោក កឹម សុខា និងលោក សម រង្ស៊ី ត្រូវបែកខ្ញែកគ្នា លែងជាកម្លាំង និងសំឡេងគាំទ្រតែមួយ ដូចមុន។ គេអាចមើលឃើញហើយថា លោក សម រង្ស៊ី ដែលជាតួអង្គរប្រឆាំងមុនគេ ចាប់តាំងពីឆ្នាំ១៩៩៣មក មិនទាន់អាចឈ្នះអាសន លើស៥០បូកមួយ ដើម្បីកាន់អំណាចផង ចុះទម្រាំបែកបាក់គ្នាដូច្នេះទៀត។ តើអាចទៅរួចទេ?
 
សរុបមកវិញ លោក កឹម សុខា ដែលកំពុងជាប់បទចោទ«គប់គិតបរទេស» តាំងពីខែកញ្ញា ឆ្នាំ២០១៧មកនេះ ស្ថិតនៅចន្លោះកណ្ដាល ឬអាចហៅថាជាកូនអុកមួយគ្រាប់ ដែលរងគ្រោះដោយសារអ្នកនយោបាយចាស់វស្សាពីររូប គឺលោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន កំពុងយកមកលេង ដើម្បីយកឈ្នះ-ចាញ់ គ្នាទៅវិញទៅមកប៉ុណ្ណោះ៕

Tag:
 កឹម សុខា
  សម រង្ស៊ី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com