អន្តរជាតិ
រថភ្លើងល្បឿនលឿនភ្ជាប់ឡាវ-ចិនតម្លៃ៦ពាន់លានដុល្លារ ចាប់ផ្ដើមប្រតិបត្តិការ
04, Dec 2021 , 1:59 pm        
រូបភាព
ប្រធានាធិបតីឡាវ និងចិន នៅថ្ងៃទី៣ ខែធ្នូ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលូវរថភ្លើងល្បឿនលឿនដែលជាភ្ជាប់ប្រទេសទាំងពីរ។ ផ្លូវរថភ្លើងប្រវែងជាង៤០០គីឡូម៉ែត្រនេះ សាងសង់ដោយលុយចិនសុទ្ធសាធ ដែលរំពឹងថា នឹងជំរុញសេដ្ឋកិច្ច និងការតភ្ជាប់ផ្ទៃក្នុងឡាវដែលជាប្រទេសគ្មានសមុទ្រ ក៏ដូចជាការតភ្ជាប់បណ្ដាញគមនាគមន៍ក្នុងតំបន់។ ប៉ុន្តែគម្រោងនេះ ក៏នាំឱ្យមានក្ដីបារម្ភពីបញ្ហាបំណុលផងដែរ។

 
រថភ្លើងល្បឿនលឿនដែលលាបពណ៌ខៀវ បៃតង ស និងក្រហម បានចាកចេញពីរដ្ឋធានីវៀងចន្ទន៍នៅថ្ងៃទី៣ ខែធ្នូ ដែលជានិមិត្តរូបនៃការចាប់ផ្ដើមប្រតិបត្តិការផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន។​ គម្រោងនេះ ចំណាយទឹកប្រាក់ដល់ទៅ៦ពាន់លានដុល្លារ និងរយៈពេលសាងសង់៥ឆ្នាំលើចម្ងាយផ្លូវ៤១៤គីឡូម៉ែត្រក្រោមគម្រោងខ្សែក្រវាត់ និងវិថីរបស់ចិន ដែលនឹងជួយឡាវពីប្រទេសដែលគ្មានផ្លូវសមុទ្រទៅជាប្រទេសដែលមានបណ្ដាញតភ្ជាប់រហ័ស។
 
ប្រធានាធិបតីចិន ស៊ី ជិនភីង និងសមភាគីឡាវ ថងលួន ស៊ីសូលីត សម្ពោធសមិទ្ធផលថ្មីនេះតាមប្រព័ន្ធវីដេអូ ដែលធ្វើឡើងចំថ្ងៃបុណ្យជាតិរបស់ឡាវផងដែរ។ លោក ស៊ីសូលីត លើកឡើងថា ផ្លូវរថភ្លើងល្បឿនលឿននេះ ជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើបក្នុងប្រទេស និងថា ជាការសម្រេចក្ដីសុបិនរបស់ប្រជាជនឡាវ។ ចំណែកលោក ស៊ី លើកឡើងថា រថភ្លើងនេះ នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ។
 
ផ្លូវរថភ្លើងនេះ តភ្ជាប់ពីទីក្រុងឃុនមីង ខេត្តយូណាន មករដ្ឋធានីវៀងចន្ទន៍ ដោយមានល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវនេះឆ្លងកាត់រូងភ្នំ៧៥ ស្ពាន១៦៧ និងមានស្ថានីយ១០។ វាក៏ជាផ្នែកមួយនៃគម្រោងច្រករបៀងដឹកជញ្ជូនខ្នែងកណ្ដាលដែលភ្ជាប់ពីចិនទៅសិង្ហបុរីដោយឆ្លងកាត់ថៃផងដែរ។ 
 
គម្រោងនេះ រំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ចឡាវមួយកម្រិតធំ ស្របពេលដែលជំងឺកូវីដ-១៩ បន្តរាលដាល។ ការធ្វើដំណើរផ្ទៃក្នុងឡាវ ក៏នឹងកាន់តែងាយស្រួលផងដែរ ដ្បិតឡាវមិនសូវមានផ្លូវដែកក្នុងប្រទេសឡើយ ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏មិនសូវជារីកចម្រើនដែរនោះ។​ យ៉ាងណាមិញ ជាមួយនឹងក្ដីសង្ឃឹម អ្វីដែលជាការបារម្ភ គឺបញ្ហាបំណុលដែលរដ្ឋាភិបាលឡាវ ត្រូវដោះស្រាយ៕

Tag:
 ចិន
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com