អន្តរជាតិ
លោកវ៉ាងយី៖ ចិននឹងជួយកម្ពុជាសាងសង់រោងចក្របំពេញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
05, Dec 2021 , 5:29 pm        
រូបភាព
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នៅថ្ងៃទី៤ ខែធ្នូ បានលើកឡើងថា ទីក្រុងប៉េកាំងនឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងតាមតម្រូវការរបស់កម្ពុជា ហើយនឹងជួយ​ សាងសង់រោងចក្របំពេញវ៉ាក់សាំង។

 
ចំពោះមុខលោក ប្រាក់​ សុខុន ដែលជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅទីក្រុង Anji ខេត្ត Zhejiang លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានថ្លែងថា កម្ពុជាជាមិត្តរបស់ចិន និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងសុន្ទរកថានោះ ប្រមុខការទូតចិន បានបន្តថា ចិនមានឆន្ទៈ ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជានៅក្នុងគម្រោងធំៗ ដូចជាការសាង សង់ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ឌីជីថល និងគម្រោងផ្សេងៗបន្ថែមទៀត។
 
លើសពីនេះ លោកវ៉ាង បានលើកឡើងថា ទីក្រុងប៉េកាំង នឹងបន្តជួយផ្ដល់ជំនួយវ៉ាក់សាំង តាមតម្រូវការរបស់កម្ពុជា ហើយនឹងជួយសាងសង់រោងចក្របំពេញវ៉ាក់សាំងផងដែរ។
 
ជាការឆ្លើយតប លោក ប្រាក់ សុខុន មានប្រសាសន៍ថា លោកកោត សរសើរ ចំពោះចិនដែលបានគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ កន្លងមក។ លោកក៏បានបន្ថែមថា កម្ពុជានឹងយកចិត្តទុកដាក់ និងគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសុវត្ថិភាពទិន្នន័យសកល ដែលស្នើឡើងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។
 
ប្រមុខការទូតកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជានឹងរឹតបន្តឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិនឱ្យស៊ីជម្រៅបន្ថែមទៀត ហើយក៏ជូនពរឱ្យចិនទទួល បានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ។ ក្រៅពីនេះ សមភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីការរួមគ្នាជំរុញទំនាក់ទំនង ចិន- អាស៊ាន៕
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com