COVID-19
អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
05, Dec 2021 , 6:29 pm        
រូបភាព
ក្នុងសប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ បានក្លាយជាប្រធានបទដ៏សំខាន់មួយ ដោយសារតែការលេចឡើងនៃវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង បណ្តាប្រទេសជាច្រើន បានបិទជើងហោះហើរជាមួយបណ្តាប្រទេសអាហ្រ្វ៊ិក ខណៈពេលអង្គការសុខភាពពិភពលោក (WHO) កំពុងតែតាមដាន។ ទន្ទឹមនេះ បញ្ហារុស្ស៊ី-អ៊ុយក្រែន, បញ្ហាចិន-កោះតៃវ៉ាន់ ក៏កំពុងតែក្តៅផងដែរ។

 
ថ្ងៃទី២៩ ខែវិច្ឆិកា
 
កងទ័ពអាកាសតៃវ៉ាន់ បានចេញប្រតិបត្តិការជាថ្មី ដើម្បីឃ្លាំមើលយន្តហោះចិនចំនួន២៧គ្រឿ​ង ដែលបានហោះចូលក្នុងតំបន់ការពារដែនអាកាសខ្លួន។ នេះជាស្ថានការវិវដ្ដចុងក្រោយមួយទៀត នៅច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងតែតានតឹងខ្លាំង។
 
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនមិនទាន់មានព័ត៌មាន​ច្បាស់បញ្ជាក់ពីវីរុសបំប្លែងខ្លួនថ្មី បង្កជំងឺកូវីដ-១៩ ឈ្មោះអូមីក្រុង ងាយចំលងពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់ ឬក៏បង្កឱ្យមានជំងឺធ្ងន់ធ្ងរបើប្រៀបធៀបនឹងវីរុសបំប្លែងខ្លួនដទៃទៀត។
 
ថ្ងៃទី៣០ ខែវិច្ឆិកា 
 
ប្រធានប្រតិបត្តិក្រុមហ៊ុនឱសថ BioNTech លោក Ugur Sahin ​​ បានផ្ញើសារទៅប្រជាជន ដែលបារម្ភពីវីរុសបង្កជាជំងឺកូវីដ-១៩ អូមីក្រុង ឱ្យរក្សាភាពស្ងប់ស្ងៀម និងកុំជ្រួលច្របល់។ បើតាមប្រធានក្រុមហ៊ុន BioNTech រូបនេះ បើទោះវីរុសអូមីក្រុង អាចចម្លងលឿនមែន វ៉ាក់សាំងនៅតែអាចការពារការឈឺធ្ងន់ធ្ងរ។
 
តុលាការ​ដែលគ្រប់គ្រងដោយយោធា​មីយ៉ាន់ម៉ា ​បាន​សម្រេចពន្យារ​ពេលចេញ​សាលក្រម​ដំបូងលើ លោកស្រី​ ​អ៊ុងសាន ស៊ូជី ដែល​ត្រូវបានទម្លាក់ចេញពីតំណែង ក្នុងរដ្ឋប្រហារកាលពីដើមខែកុម្ភៈកន្លងទៅ។ សាលក្រម​ដែលបានគ្រោងចេញនៅថ្ងៃទី៣០ ខែ​​វិច្ឆិកា ត្រូវបានពន្យារ ទៅប្រកាសនៅដើមខែធ្នូវិញ។

ថ្ងៃទី១ ខែធ្នូ
 
គណៈកម្មាធិការសារតាំងអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលលើអត្តសញ្ញាណតំណាងរបស់ប្រទេសជាសមាជិកទាំងអស់។ បើតាមអ្នកការទូតនានា ក្រុមតាលីបង់ និងយោធាមីយ៉ាន់ម៉ា ទំនងជាមិនត្រូវអនុញ្ញាតឱ្យមានតំណាងក្នុងក្នុងស្ថាប័នពិភពលោកដែលមានសមាជិក ១៩៣ នេះឡើយ។
 
ក្រសួងការបរទេសចិន បានកោះហៅអគ្គរដ្ឋទូតជប៉ុនប្រចាំទីកក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំបន្ទាន់មួយ ។ ការកោះប្រជុំនេះ ធ្វើឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី អាបេ ស៊ិនហ្សូ  បានលើកឡើងថា ជប៉ុន និងអាម៉េរិក នឹងមិននៅស្ងៀមឡើយ ក្នុងករណីចិនវាយប្រហារកោះតៃវ៉ាន់។ បើតាមលោក អាបេ ករណីឈ្លានពានលើកោះតៃវ៉ាន់ នឹងធ្វើឱ្យមានការគំរាមយ៉ាងខ្លាំងដល់ជប៉ុន។
 
ថ្ងៃទី២ ខែធ្នូ
 
ប្រមុខការពារអាម៉េរិក និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នា​ ដោយឯកភាពគ្នាធ្វើបច្ចុប្បន្នភាពផែនការសង្គ្រាម និងពិនិត្យមើលឡើងវិញការបញ្ជាការយោធារួមគ្នា ស្របពេលការគំរាមរបស់កូរ៉េខាងជើងកើនឡើង។ រដ្ឋមន្រ្តីទាំងពីរ ក៏បានអំពាវនាវឱ្យកូរ៉េខាងជើងវិលត្រលប់ចូលតុចរចាតាមបែបការទូតវិញផងដែរ។
 
អង្គការសហប្រជាជាតិ (UN) បានព្រមានថា តម្រូវការជំនួយមនុស្សធម៌កំពុងកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយសារជំងឺរាលដាលនៅតែបន្តផ្ទុះឡើង រួមទាំងបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ និងជម្លោះផ្នែកនយោបាយ។ វិបត្តិទាំងនេះ ជំរុញឱ្យមនុស្សកាន់តែច្រើនជួបគ្រោះទុរ្ភិក្ស។
 
ថ្ងៃទី៣ ខែធ្នូ
 
អង្គការសុខភាពពិភពលោក (WHO) បានសរសើរកម្ពុជាពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ថាបានល្អ។ ប៉ុន្តែអង្គការមួយនេះ បានអំពាវនាវឱ្យកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ករណីឆ្លងហក់ឡើងនាពេលខាងមុខ និងកុំពឹងផ្អែកតែលើវិធានការបិទព្រំដែន។
 
ប្រធានាធិបតីឡាវ និងចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលូវរថភ្លើងល្បឿនលឿនដែលជាភ្ជាប់ប្រទេសទាំងពីរ។ ផ្លូវរថភ្លើងប្រវែងជាង៤០០គីឡូម៉ែត្រនេះ សាងសង់ដោយលុយចិនសុទ្ធសាធ ដែលរំពឹងថា នឹងជំរុញសេដ្ឋកិច្ច និងការតភ្ជាប់ផ្ទៃក្នុងឡាវដែលជាប្រទេសគ្មានសមុទ្រ ក៏ដូចជាការតភ្ជាប់បណ្ដាញគមនាគមន៍ក្នុងតំបន់។ ប៉ុន្តែគម្រោងនេះ ក៏នាំឱ្យមានក្ដីបារម្ភពីបញ្ហាបំណុលផងដែរ។
 
ថ្ងៃទី៤ ខែធ្នូ
 
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានលើកឡើងថា ទីក្រុងប៉េកាំងនឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងតាមតម្រូវការរបស់កម្ពុជា ហើយនឹងជួយ សាងសង់រោងចក្របំពេញវ៉ាក់សាំង។
 
នៅតាមបណ្ដាទីក្រុងមួយចំនួនក្នុងបណ្តាប្រទេសអឺរ៉ុបបែកពាយព្យ ក្រុមបាតុកររាប់ពាន់នាក់ បានដង្ហែរក្បួន ប្រឆាំងនឹងការអនុវត្តវិធានការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩ឡើងវិញ ខណៈពេលជំងឺឆ្លងនេះកំពុងតែហក់ឡើងខ្ពស់វិញ៕
 

Tag:
 កូវីដ-១៩
  ចិន
  អាម៉េរិក
 ​ តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com