អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនតបទៅអាម៉េរិក៖ សកម្មភាពអាម៉េរិក កំពុង ផ្តល់សញ្ញាខុសទៅកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់
07, Dec 2021 , 10:43 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកZhao Lijian។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកZhao Lijian។ រូបភាព៖ ក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី៧ ខែធ្នូ បានលើកឡើងថា ការលើកឡើងរបស់មន្រ្តីអាម៉េរិកទាក់ទងបញ្ហាតៃវ៉ាន់ ជាការបង្កបញ្ហាប្រឈមដល់គោលនយោបាយ «ចិនតែមួយ», បំពានកិច្ចព្រមព្រៀងរួម និងជាការផ្តល់សញ្ញាខុសទៅកម្លាំងគាំទ្រឯករាជ្យរបស់តៃវ៉ាន់។ បើតាមក្រសួងការបរទេសចិន ដើមហេតុ ដែលបង្កឱ្យមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ គឺដោយសារតែកម្លាំងផ្តាច់ទឹកដី ស្វែងរកការគាំទ្រការប្រកាសឯករាជ្យពីបរទេស។



ទំនាក់ទំនងចិន និងតៃវ៉ាន់ កាន់តែធ្លាក់ចុះ ខណៈពេលអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន តែងរិះគន់សកម្មភាពចិន ដែលតែងបញ្ជូនយន្តហោះចម្បាំងទៅកៀកតៃវ៉ាន់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅប៉ុន្មានថ្ងៃមុន លោក អាន់តូនី ប្លីងខិន ប្រមុខការទូតអាម៉េរិក បានព្រមានចិនកុំឱ្យឈ្លានពានតៃវ៉ាន់។ លោកប្លីងខិនបានបន្ថែមថា អាម៉េរិក នឹងបន្តជួយតៃវ៉ាន់ ដើម្បីឱ្យដែនកោះមួយនេះ អាចការពារខ្លួនឯងបាន។ ការលើកឡើងបែបនេះ គឺជាការបញ្ជាក់ថា អាម៉េរិក នឹងបន្តលក់ឱ្យអាវុធឱ្យដែនកោះមួយនេះ។

ស្របគ្នានោះ ប្រមុខការពារជាតិអាម៉េរិក លោក ឡូយ អូស្ទីន ក៏បានបញ្ជាក់ពីបញ្ហាចិនផងដែរ។ ក្នុងថ្ងៃទី៤ ធ្នូ រដ្ឋមន្រ្តីការពារជាតិរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា ការពង្រឹងសកម្មភាពយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ គឺជាការហាត់សម ហើយលោកអូស្ទីនជំរុញឱ្យប្រឆាំងកម្លាំង ដែលបំផ្លាញសន្តិសុខនៅតៃវ៉ាន់។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានទាក់ទិននឹងបញ្ហាខាងលើក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានសង្កត់ធ្ងន់ថា តៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ក្នុងន័យនេះ ការលើកឡើងរបស់ថ្នាក់ដឹកនាំក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យប៉ះពាល់គោលការណ៍ «ចិនតែមួយ», កិច្ចព្រមព្រៀងរួមរវាងប្រទេសទាំងពីរ ​និងជាការបញ្ជូនសញ្ញាខុសទៅកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។

«ដើមហេតុនៃភាពតានតឹងឆ្លងច្រកសមុទ្រតៃវ៉ាន់ គឺជាការប៉ុនប៉ងដោយកម្លាំងឯករាជ្យតៃវ៉ាន់ ដែលស្វែងរកការគាំទ្រពីអាម៉េរិក និងបរទេស»។ លោក Zhao បានថ្លែងបែបនេះ មុនបន្តថា បញ្ហាកាន់តែរីកធំឡើង នៅពេលជនជាតិអាម៉េរិកមួយចំនួន បានព្យាយាមប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ឥទ្ធិពលចិន និងគាំទ្របក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ បក្ស DPP គឺជាបក្សរបស់លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។

ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញអាម៉េរិកជាថ្មី កុំឱ្យប្រលែងជាមួយភ្លើង ប្រយ័ត្នគ្រោះថ្នាក់។ មិនតែប៉ុណ្ណោះ លោក Zhao បានអះអាងថា ចិន-តៃវ៉ាន់ នឹងបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែកម្លាំងគាំទ្រឯករាជ្យមិនត្រូវដើរហួតបន្ទាត់ក្រហមឡើង ប្រសិនបើមិនចង់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងចាត់វិធានការធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង​ និងក្រុងវ៉ាស៊ីនតោន តែងប៉ះពាក្យសម្តីគ្នាជាញឹកញាប់លើបញ្ហាតៃវ៉ាន់។ កន្លងមក កោះតៃវ៉ាន់ បានក្លាយជារបៀបវារៈដ៏សំខាន់មួយនៅក្នុងជំនួបរវាងប្រធានាធិបតី លោកស៊ី ជិនភីង និងសមភាគីអាម៉េរិក លោកចូ បៃឌិន៕

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com