អន្តរជាតិ
អូស្រ្តាលី ក៏ធ្វើពហិការការទូតកីឡាអូឡាំពិកប៉េកាំងដូចអាម៉េរិកដែរ
08, Dec 2021 , 11:30 am        
រូបភាព
ដោយ:
អូស្ត្រាលី នឹងចូលរួមជាមួយអាម៉េរិកលើការធ្វើពហិការការទូតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។ ការសម្រេចចិត្តដែលប្រកាសដោយនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន នៅថ្ងៃទី៨ ខែធ្នូ នឹងបង្កើនភាពតានតឹងលើទំនាក់ទំនងទ្វេភាគីដែលកំពុងល្អក់កកររួចស្រេច។



នៅថ្ងៃទី៦ ខែវិច្ឆិកា អាម៉េរិកមិនបញ្ជូនមន្រ្តីរដ្ឋាភិបាលខ្លួនទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារដែលចិនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ឡើយ។ ការធ្វើពហិការនេះគឺដើម្បីប្រឆាំងការរំលោភសិទ្ធិមនុស្សលើជនជាតិភាគតិ​ចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅស៊ីនជាំង។ ជុំវិញរឿងនេះ ចិនបាននិយាយថា អាម៉េរិកនឹងត្រូវរងការតបស្នងមិនខាន និងព្រមានពីវិធានការតបតទៀតផង។
 
បើបានឃើញពីការព្រមានរបស់ចិនលើអាម៉េរិកក្ដី អូស្ត្រាលីឯណោះ ក៏សម្រេចចិត្តមិនបញ្ជូនមន្រ្តីទៅប៉េកាំងដែរ។ នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន និយាយនៅថ្ងៃទី៨ ខែធ្នូ ថា ទីក្រុងកង់ប៉េរ៉ានឹងចូលរួមការធ្វើពហិការការទូតនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនាពេលខាងមុខនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
 
លោក ម៉ូរីសុន បន្ថែមថា ការសម្រេចចិត្តមិនចូលរួមនេះកើតឡើងក្រោយអូស្ត្រាលីមិនអាចរកច្រកទំនាក់ទំនងជាមួយចិនឡើងវិញដើម្បីដោះស្រាយរាំងស្ទះកន្លងមក ពិសេសវិធានការយកពន្ធដ៏ខ្ពស់របស់ចិនលើទំនិញអូស្ត្រាលី។ 
 
ការដើរតាមអាម៉េរិក នឹងធ្វើឱ្យទំនាក់ទំនងរបស់អូស្រ្តាលីជាមួយចិនដែលធ្លាប់ជាដៃគូពាណិជ្ជកម្មធំបំផុត កាន់តែយ៉ាប់យ៉ឺនថែមទៀត។ ទំនាក់ទំនងនេះ មិនល្អឡើយក្រោយក្រុងកង់ប៉េរ៉ាបានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei ពីការចូលរួមសាងសង់បណ្តាញអ៊ីនធឺណែត 5G កាលពីឆ្នាំ២០១៨ និងការអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃជំងឺកូវីដ-១៩ នៅឆ្នាំមុន។ ក្រោយរឿងនេះ ចិនដំឡើងពន្ធលើទំនិញអូស្ត្រាលីជាច្រើនមានធ្យូងថ្ម​ សាច់គោ ធញ្ញជាតិនិងស្រាក្រហម។
 
យ៉ាងណាមិញ ​គណៈកម្មាធិការអូឡាំពិកអូស្រ្តាលីបាននិយាយថា ការធ្វើពហិការនេះនឹងមិនប៉ះពាល់ដល់អត្តពលិកអូស្រ្តាលីចំនួន៤០នាក់ដែលរំពឹងនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនេះឡើយ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនាខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ៕ 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com