អន្តរជាតិ
ចិន ​ព្រមាន​ប្រទេស​​ធ្វើ​ពហិការ​ការទូត​​អូឡាំពិកថា​ នឹងត្រូវតបសងចំពោះទង្វើខ្លួន
10, Dec 2021 , 11:53 am        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
ក្រោយការប្រកាស​ធ្វើ​ពហិការ​ការទូត​កីឡា​អូឡាំពិករបស់អាម៉េរិក អង់គ្លេស កាណាដា និងអូស្រ្តាលី ក្រសួងការបរទេសចិន នៅថ្ងៃទី​៩ ខែ​ធ្នូ បានព្រមានប្រទេសទាំងនោះថា នឹងទទួលរងផលវិបាក ចំពោះសកម្មភាពបង្កកំហុស។

  
 
ទីក្រុងវ៉ាស៊ីនតោន នៅដើមសប្តាហ៍នេះ បានប្រកាសធ្វើពហិការការទូតព្រឹត្តិការណ៍កីឡាអូឡាំពិក ជាការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់ចិន ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកជា អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចវីហ្គ័រមូស្លីម និងជនជាតិភាគតិចផ្សេងទៀត នៅតំបន់ស្វយ័តស៊ីនជាំង។ បន្ទាប់ពីការប្រកាសរបស់អាម៉េរិក អូស្ត្រាលី អង់គ្លេស និងកាណាដា ក៏បានប្រកាស ធ្វើពហិការការទូតព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំងឆ្នាំ២០២២ ដែរ ដោយសំអាងលើហេតុផលសិទ្ធិមនុស្ស និងការបង្រ្កាបសេរីភាពនៅហុងកុង។ ប៉ុន្តែប្រទេសទាំង ៤ នៅតែបន្តបញ្ជូនអត្តពលិកទៅដដែល។ 
 
ការធ្វើពហិការការទូតរបស់បណ្តាប្រទេសខាងលើ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងយ៉ាងខ្លាំង និងចាត់ទុកជាឧបករណ៍នយោបាយ។ «ការប្រើប្រាស់វេទិកាអូឡាំពិកជាឧបករណ៍នយោបាយរបស់ អាម៉េរិក អូស្ត្រាលី អង់គ្លេស និងកាណាដា គឺជាទង្វើដែលគ្មានប្រជាប្រិយភាព និងជាការផ្ដាច់ខ្លួនឱ្យនៅឯកោ»។ អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បានប្រាប់អ្នកកាសែត ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបែបនេះ មុននឹងព្រមានថា ប្រទេសទាំងនោះ នឹងត្រូវតបសងចំពោះអំពើខុសឆ្គងរបស់ខ្លួន។  
 
ការធ្វើពហិការការទូត​កីឡា​អូឡាំពិកនេះ ទទួលបានការគាំទ្រពីក្រុមតស៊ូមតិមួយចំនួន។ លោកស្រី Sophie Richardson នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅចិន បានហៅទង្វើនេះជា ជំហានដ៏សំខាន់សម្រាប់ឆ្លងតបនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់រដ្ឋាភិបាលចិន លើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចដទៃទៀត។ 
 
ពាក់ព័ន្ធនឹងបញ្ហាការធ្វើពហិការ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានលើកឡើង នៅថ្ងៃទី៨ ខែធ្នូថា លោកសូមរក្សាជំហរអព្យាក្រឹតលើបញ្ហានេះ។ ប៉ុន្តែ លោក Thomas Bach បានជំរុញអត្តពលិកនៃបណ្តាប្រទេសផ្សេងៗចូលរួម ក្នុងកីឡាអូឡាំពិក។ 
 
ផ្ទុយពីប្រទេសលោកខាងលិច រុស្ស៊ីបានទទួលយកការអញ្ជើញរបស់មេដឹកនាំចិន ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិក។ វិមានក្រឹមឡាំង បានរិះគន់ចំណាត់ការរបស់អាម៉េរិក ដោយលើកឡើងថា កីឡាអូឡាំពិក២០២២ គួរតែមិនត្រូវពាក់ព័ន្ធនឹងរឿងនយោបាយ។ 
 
គួររំលឹកថា យ៉ាងហោចណាស់ ជនជាតិវីហ្គ័រ ១ លាននាក់ និងជនជាតិផ្សេងទៀត បានជាប់ឃុំនៅក្នុង មណ្ឌលអប់រំឡើងវិញ នៅក្នុងតំបន់ស៊ីនជាំង ដែលត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់ថា មានអំពើរំលោភបំពានលើស្រ្តី។ ប៉ុន្តែ ទីក្រុងប៉េកាំងម្តងហើយម្តងទៀតបានការពារថា មណ្ឌលទាំងនោះជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងកាត់បន្ថយសកម្មភាពជ្រុលនិយមប៉ុណ្ណោះ៕ 

Tag:
 ចិន
  អូឡាំពិក
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com