ជាតិ
ពីនេះ ពីនោះ
យុទ្ធនាការ «ខ្ញុំទទួលយក» ដើម្បីសមភាពច្បាប់រៀបការ ដល់អ្នកស្រឡាញ់ភេទដូចគ្នា
11, Dec 2021 , 9:59 am        
រូបភាព
ពិធីបើកសម្ពោធផ្លូវការ យុទ្ធនាការ «ខ្ញុំទទួលយក» របស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា
ពិធីបើកសម្ពោធផ្លូវការ យុទ្ធនាការ «ខ្ញុំទទួលយក» របស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា
ភ្នំពេញ៖ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងតំណាងរដ្ឋាភិបាលកម្ពុជា សម្ពោធនូវយុទ្ធនាការ «ខ្ញុំទទួលយក» នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ ឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។



យុទ្ធនាការ «ខ្ញុំទទួលយក»នេះ ធ្វើឡើងក្នុងគោលបំណង បង្កើនការផ្សព្វផ្សាយ ការយល់ដឹង និងទទួលយកអ្នកស្រឡាញ់ភេទដូចគ្នាបន្ថែមទៀត ពីសាធារណជន។ យុទ្ធនាការនេះ ក៏ដើម្បីចូលរួមចំណែក លើកម្ពស់ឱ្យមានកិច្ចការពារផ្លូវច្បាប់ ចំពោះសមភាពអាពាហ៍ពិពាហ៍ សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ស្របទៅនឹងប្ដេជ្ញាចិត្តរដ្ឋាភិបាលកម្ពុជា ក្នុងអនុសាសន៍នៃយន្តការពិនិត្យជាសកល តាមកាលកំណត់ជុំទីបី។ 
 
បច្ចុប្បន្នស្ថានភាព អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ហាក់ត្រូវបានកាត់បន្ថយការរើសអើង ហើយកិច្ចការពារផ្លូវច្បាប់នៅតែសំខាន់សម្រាប់ពួកគាត់។ មុនពិធីសម្ពោធជាផ្លូវការនូវយុទ្ធនាការ «ខ្ញុំទទួលយក»នេះ ក៏មានកិច្ចសន្ទនាមួយផងដែរ ដែលមានអ្នកចូលរួម តំណាងរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន អាណាព្យាបាលអ្នកស្រឡាញ់ភេទដូចគ្នា សមាជិកសហគមន៍ និងសង្គមស៊ីវិលផងដែរ។ 
 
កិច្ចសន្ទនាតុមូលនេះ ធ្វើឡើងក្រោមគោលបំណងបន្តនូវការពិភាក្សារវាងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អំពីដំណើរឆ្ពោះទៅមុខ ក្នុងការលើកកម្ពស់ឱ្យមានការទទួលស្គាល់ និងការការពារផ្នែកច្បាប់ នៃសមភាពអាពាហ៍ពិពាហ៍ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
 
ក្នុងកិច្ចសន្ទនាប្រមាណ១ម៉ោងកន្លះ បានរំលេចនូវបញ្ហាផ្នែកច្បាប់ ដែលអ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះ និងត្រូវការចំបាច់ ដូចជាច្បាប់រៀបអាពាហ៍ពិពាហ៍ស្របច្បាប់, ច្បាប់ស្មុំកូន​ ជាដើម។ ដូច្នេះការទទួលបានសិទ្ធស្មើគ្នាលើអាពាហ៍ពិពាហ៍ស្របច្បាប់ នៅតែជាអាទិភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ដើម្បីទទួលបានការការពារនូវ អាពាហ៍ពិពាហ៍និងគ្រួសាររបស់ខ្លួន។
 
នាកិច្ចសន្ទនានេះ កញ្ញា លី ពិសី ប្រធានសម្របសម្រួលសហគមន៍ឥន្ទធនូកម្ពុជា លើកឡើងដូច្នេះ៖ «វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជម្រាបជូនដល់តំណាងរាជរដ្ឋាភិបាលរបស់យើង និងសាធារណជនថា ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាពលរដ្ឋទូទៅដែរ គឺមានបំណងរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ កសាងគ្រួសារ អនុវត្តតាមវប្បធម៌ប្រពៃណីខ្មែរយើង ហើយអាចទទួលបាននូវសំបុត្រអាពាហ៍ពិពាហ៍។ ដូច្នេះគ្រួសាររបស់យើងមានការទទួលស្គាល់ និងការការពារស្មើគ្នាតាមផ្លូវច្បាប់ នៃព្រះរាជណាចក្រកម្ពុជា»។ 
 
ជាមួយគ្នានេះ អ្នកស្រី ពៅ ដាលីន ជាអ្នកស្រឡាញ់ភេទដូចគ្នាមួយរូប បង្ហាញពីក្ដីបារម្ភរបស់ខ្លួន អំពីគ្រួសារ និងអនាគតរបស់កូនប្រុសរបស់ខ្លួន ដែលមិនទទួលបានការទទួលស្គាល់ និងការពារដោយច្បាប់ ក្រោយបង្កើតគ្រួសារ អស់រយៈពេល១០ឆ្នាំរួចមក។ អ្នកស្រី លើកឡើងដូច្នេះ៖ «ឪពុកម្ដាយ អ្នកជិតខាង និងអាជ្ញាធរ សុទ្ធតែដឹងឮពីទំនាក់ទំនងគ្រួសាររបស់ពួកយើង។ ប៉ុន្តែអាជ្ញាធរ មិនអាចចេញសំបុត្រអាពាហ៍ពិពាហ៍ទទួលស្គាល់គ្រួសារ របស់ពួកខ្ញុំជាផ្លូវការឡើយ ព្រោះពួកខ្ញុំគឺជាអ្នកស្រឡាញ់ភេទដូចគ្នា»។
 
ដោយឡែក សម្រាប់អ្នកស្រី សួស ណារិន ដែលមានកូនស្រីជាអ្នកស្រឡាញ់ភេទដូចគ្នានោះ មានបំណងប្រាថ្នាចង់ឃើញកូនខ្លួន អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ដូចជាដៃគូអ្នកស្រឡាញ់ភេទផ្ទុយផងដែរ។ អ្នកស្រីនិយាយដូច្នេះ៖ «ខ្ញុំស្រឡាញ់ និងទទួលយកកូនរបស់ខ្ញុំ។ សុភមង្គលកូនរបស់ខ្ញុំ គឺជាសេចក្ដីសុខរបស់ខ្ញុំជាម្ដាយ។ ខ្ញុំសង្ឃឹមថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតឱ្យដៃគូអ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ដូចដៃគូអ្នកស្រឡាញ់ភេទផ្ទុយគ្នាដទៃទៀតដែរ»។ 
 
ក្រោយកិច្ចសន្ទនានេះ តំណាងរដ្ឋាភិបាល រួមមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ក្រសួងកិច្ចការនារី, ក្រសួងមហាផ្ទៃ បានដឹងឮបញ្ហាប្រឈម និងតម្រូវការផ្នែកច្បាប់របស់ អ្នកស្រឡាញ់ភេទដូចគ្នា​ ជាពិសេស បញ្ហាសំបុត្រអាពាហ៍ពិពាហ៍, ដឹងពីការកត្តាប្រឈម របស់អាជ្ញាធរមូលដ្ឋាន មានឃុំ សង្កាត់ ក្នុងការផ្ដល់លិខិតអត្រានុកូលដ្ឋាន ឬលិខិតស្នាមផ្សេងៗ ដល់អ្នកស្រឡាញ់ភេទដូចគ្នា។ 
 
ក្រៅពីដឹងពីបញ្ហាប្រឈម របស់អ្នកស្រឡាញ់ភេទដូចគ្នា និងអាជ្ញាធរមូលដ្ឋាន សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា អាចកំណត់នូវយន្តការ ក្នុងការស្វែងរកដំណោះស្រាយផ្នែកច្បាប់ រួមមានសេចក្ដីស្នើសុំបង្កើតក្រុមចម្រុះ ទទួលបន្ទុកលើកិច្ចការសិក្សា និងពិនិត្យផ្នែកច្បាប់ ព្រមទាំងពិនិត្យទៅលើសេចក្ដីព្រាងច្បាប់ ដើម្បីស្នើនូវវិសោធនកម្មច្បាប់ លើការចុះសំបុត្រអាពាហ៍ពិពាហ៍។ 
 
ជាមួយគ្នានេះ តំណាងរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក៏បានគាំទ្រការសម្ពោធយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈទូទាំងប្រទេស ដើម្បីបង្កើនកិច្ចគាំពារ និងការទទួលយកអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ពួកគេផង។ 
 
ដោយឡែកសហគមន៍ស្រឡាញ់ភេទដូចគ្នា មានទំនុកចិត្តកាន់តែច្រើន ក្រោយមានការឆ្លើយតប ការប្ដេជ្ញាចិត្ត របស់តំណាងរដ្ឋាភិបាល ក្នុងការបង្កើតក្រុមការងារចម្រុះទទួលខុសត្រូវ គាំទ្រ ដឹកនាំដំណើរការត្រួតពិនិត្យ និងពិភាក្សាការចុះសំបុត្រអាពាហ៍ពិពាហ៍ សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា៕

Tag:
 ThmeyThmey25
  LGBT+
  យុទ្ធនាការ ខ្ញុំទទួលយក
© រក្សាសិទ្ធិដោយ thmeythmey.com