ពីនេះ ពីនោះ
សុខភាព
ការសិក្សា៖ ការធ្វើការងារផ្ទះអាចជួយពង្រឹងសុខភាពរាងកាយ និងផ្លូវចិត្ត
11, Dec 2021 , 9:29 pm        
រូបភាព
មនុស្សចាស់ដែលនៅបន្តធ្វើកិច្ចការងារផ្ទះជាប្រចាំ មាន​បញ្ញាយល់ដឹង និងមានសុខភាព​រាងកាយរឹងមាំជាងអ្នកដែលមិនធ្វើការងារក្នុងផ្ទះ។ នេះបើតាមការរកឃើញរបស់ការសិក្សាមួយ។ លើស​ពីនេះ ការងារផ្ទះក៏អាចជួយមនុស្សចាស់ឱ្យកាត់បន្ថយហានិភ័យការដួល ដោយសារការបាត់​បង់លំនឹងផងដែរ។

 
មនុស្សចាស់ភាគច្រើនតែងមានជំងឺប្រចាំកាយ ហើយមិនបន្តធ្វើការងារក្នុងផ្ទះ ដូចកាលនៅ​ក្មេងឡើយ។ ប៉ុន្តែការចូលរួមសកម្មភាពធ្វើកិច្ចការងារផ្ទះប្រចាំថ្ងៃ អាចជួយពង្រឹងសមត្ថភាព​ចងចាំ បញ្ញា ការយល់ដឹង និងធ្វើឱ្យសុខភាពរាងកាយ ពិសេសធ្វើឱ្យឆ្អឹងជើងរឹងមាំ។ វាអាច​ជួយឱ្យរាងកាយមនុស្សចាស់រក្សាលំនឹងបានល្អ ទប់ទល់នឹងការដួល។ នេះបើតាមការសិក្សា​ចុះ​ផ្សាយលើទិនានុប្បវត្តិ BMJ Open។​
 
ការអនុញ្ញាតឱ្យរាងកាយធ្វើសកម្មភាពទៀងទាត់មានអត្ថប្រយោជន៍ល្អណាស់ ដើម្បីរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ចំពោះមនុស្សចាស់ ការធ្វើកិច្ចការផ្ទះមួយចំនួនប្រៀបដូចការ​ហាត់ប្រាណ ដែលអាចទប់ស្កាត់ហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ ការដួល ការខ្សោយសាច់ដុំ មិនអាចកម្រើកបាន និងហានិភ័យការស្លាប់ជាដើម។
 
ការអះអាងខាងលើធ្វើឡើងដោយផ្អែកលើការស្ទង់មតិពីអ្នកចូលរួម ៤៨៩នាក់ មានអាយុ​ចាប់ពី២១ ដល់៩០ឆ្នាំ ដែលរស់នៅ សឹង្ហបុរី ហើយអាចធ្វើការងារផ្ទះបានដោយខ្លួនឯង​ប្រចាំថ្ងៃ។ អ្នកចូលរួមត្រូវបានបែងចែកជា២ក្រុម គឺក្រុមមនុស្សពេញវ័យមានអាយុពី២១ ទៅ៦៤ឆ្នាំ និងក្រុមមនុស្សចាស់ ៦៥ ដល់៩០ឆ្នាំ។ ជាលទ្ធផល ការធ្វើកិច្ចការងារក្នុងផ្ទះបាន​ជួយសុខភាពក្រុមមនុស្សចាស់យ៉ាងច្រើន។​ ពួកគេមានសុខភាពផ្លូវចិត្តកាន់តែ​រឹងមាំ និងមាន​សមត្ថភាពរាង​កាយល្អប្រសើរឡើងទៀតផង​។ 
 
ដូច្នេះ ការធ្វើសកម្មភាពរាងកាយតាមរយៈការធ្វើកិច្ចការងារក្នុងផ្ទះប្រចាំថ្ងៃ ដូចជាលាងចាន បោសផ្ទះ ជូតផ្ទះ ហាលសម្លៀកបំពាក់ អ៊ុតសម្លៀកបំពាក់ ឬចម្អិនម្ហូប ពិតជាមានអត្ថ​ប្រយោជន៍យ៉ាងខ្លាំងចំពោះមនុស្សចាស់។ ការងារទាំងនេះអាចជួយឱ្យពួកគេមានសុខភាព​ឆ្អឹង និងសាច់ដុំរឹងមាំ ​ដែលជាកត្តាបង្កជំងឺជាច្រើន ថែមទាំងធ្វើឱ្យមានសុខភាពផ្លូវចិត្ត​រឹងមាំទៀត។​ 
 
ការធ្វើកិច្ចការងារផ្ទះមិនថាស្រាល ឬធ្ងន់សុទ្ធតែជួយដល់សុខភាពផ្លូវចិត្ត បញ្ញា សមត្ថភាព​ចងចាំ និងសុខភាពរាងកាយផ្សេងៗ ពិសេសជួយកាត់បន្ថយហានិភ័យនៃការ​ដួល ដោយ​សារការបាត់បង់លំនឹងចំពោះមនុស្សចាស់។ ប៉ុន្តែ វាត្រូវអាស្រ័យលើសមត្ថភាពរបស់ពួកគេ​ផ្ទាល់ ព្រោះការធ្វើការធ្ងន់លើសកម្លាំង ក៏បណ្តាលឱ្យប៉ះពាល់ដល់សុខភាពមនុស្ស​ចាស់វិញ​ដែរ៕

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com