អន្តរជាតិ
ចិន និង​បង់ក្លាដែស ប្រតិកម្ម​ប្រឆាំង​នឹង​ទណ្ឌកម្ម​អាម៉េរិក​
12, Dec 2021 , 7:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ក្រោយអាម៉េរិកប្រកាសដាក់ទណ្ឌកម្មទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ចិន និង​បង់ក្លាដែស នៅថ្ងៃទី ១១ ខែធ្នូបានចេញមុខតវ៉ា។ ចិន បានចាត់ទុកទង្វើរបស់អាម៉េរិកនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ និងប្រាប់ឱ្យអាម៉េរិកពិចារណាឡើងវិញលើការដាក់ទណ្ឌកម្មនេះ។

​ 
 
អាម៉េរិក នៅថ្ងៃទី១០ ខែធ្នូ បានប្រកាសដាក់ទណ្ឌកម្មលើលើបុគ្គល និងក្រុមហ៊ុនចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស ទាក់ទងនឹងរឿងសិទ្ធិមនុស្ស។ ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានចេញមុខថ្កោលទោសសកម្មភាពអាម៉េរិក និងហៅទង្វើបែបនោះ ជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរមកក្នុងកិច្ចការផ្ទៃក្នុងខ្លួន និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានទំនាក់ទំនងអន្តរជាតិ។​ 
 
លើសពីនេះ អ្នកនាំពាក្យស្ថានទូតចិនលោក Liu Pengyu បានព្រមានថា ទណ្ឌកម្មទាំងនោះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនង ចិន-អាម៉េរិក។ អ្នកនាំពាក្យរូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លុបចោលការសម្រេចចិត្តខាងលើដែរ។
 
ចំណែកនៅបង់ក្លាដែសវិញ អាម៉េរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គភាពប្រឆាំងឧក្រិដ្ឋកម្ម និងប្រឆាំងភេរវកម្ម(RAB)។ អាម៉េរិក បានចោទអង្គភាពនេះថា មានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនរាប់រយនាក់ និងការសម្លាប់មនុស្សជាង ៦០០​ ក្រៅប្រព័ន្ធតុលាការ ចាប់តាំងពីឆ្នាំ ២០១៨។ មន្ត្រីបច្ចុប្បន្ន និងអតីតមន្រ្តី​នៅអង្គភាព RAB ចំនួន ៧ នាក់មានឈ្មោះក្នុងបញ្ជីដាក់​ទណ្ឌកម្មរបស់អាម៉េរិក។ 
 
​«យើងប្តេជ្ញាថានឹងដាក់បញ្ហាសិទ្ធិមនុស្ស នៅចំណុចកណ្តាលនៃគោលនយោបាយការបរទេសរបស់យើង»។ រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក អាន់តូនី ប្លិងខិន បានលើកឡើងក្រោយការប្រកាសដាក់ទណ្ឌកម្ម ដោយបន្ថែមថា ការប្តេជ្ញារបស់អាម៉េរិកបែបនេះ ធ្វើឡើងដោយប្រើវិធីសាស្រ្តសមស្រប ដើម្បីលើកកម្ពស់ការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានលើពិភពលោក។ 
 
បន្ទាប់ពីទណ្ឌកម្មនោះ លេខាធិការក្រសួងការបរទេសបង់ក្លាដែស លោក Masud Bin Momen នៅថ្ងៃទី១១ ខែវិច្ឆិកា បានកោះហៅអគ្គរដ្ឋទូតអាម៉េរិក លោក Earl R Miller មកជួប ក្នុងគោលបំណងបង្ហាញពីការមិនពេញចិត្ត និងរិះគន់អាម៉េរិកយ៉ាងខ្លាំង។ 
 
លេខាធិការបង់ក្លាដែសរូបនេះ បានអះអាងថា លោកសោកស្តាយ ដែលអាម៉េរិកសម្រេចចិត្តធ្វើឱ្យប៉ះពាល់ដល់អង្គភាពរដ្ឋាភិបាល ដែលតែងជួយបង់ក្លាដែសរប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ។ 
 
លើសពីនេះដែរ អនុប្រធាន RAB លោក K M Azad ដែលជាបុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម បានប្រតិកម្មថា អង្គភាព RAB មិនដែល​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ។ បើតាមលោក K M Azad ប្រសិនបើ​ការ​ដាក់ទោស​ឧក្រិដ្ឋជន​តាមផ្លូវ​ច្បាប់​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ​នោះបង់ក្លាដែសមិនស្ទាក់ស្ទើរនឹងរំលោភ​សិទ្ធិ​មនុស្ស ​​ដើម្បី​ផលប្រយោជន៍​ជាតិឡើយ​៕
 

Tag:
 ចិន
  អាម៉េរិក
  បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com