ពីនេះ ពីនោះ
សុខភាព
បាក់តេរីប្រូបាយអូទិច ជួយសម្រួលអាការៈចាញ់កូន
12, Dec 2021 , 9:29 pm        
រូបភាព
រូបភាព៖ Wellgood
រូបភាព៖ Wellgood
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា​ បាក់តេរីប្រូបាយអូទិច (Probiotic) មានសារសំខាន់ណាស់ដល់ស្ត្រីទើបមាន​ផ្ទៃពោះ ព្រោះវាអាចជួយសម្រួលអាការៈចង់ក្អួតចង្អោរ ឬហៅថាអាការៈចាញ់កូន និងជួយ​សម្រួលដល់ការបន្ទោបង់ទៀងផង។ ស្ត្រីទើបមានផ្ទៃពោះប្រមាណ ៨៥ភាគរយ មានអាការៈ​ចាញ់កូន ហើយអាការៈក្អួតចង្អោរនេះ បានរំខានពួកគេយ៉ាងខ្លាំង។ ហេតុនេះ ស្ត្រីមានផ្ទៃពោះគួរ​ ទទួលទានអាហារ ដែលសម្បូរប្រូបាយអូទិច។

 
ការសិក្សានៅសាលាវេជ្ជសាស្ត្រ Davis នៃសាកលវិទ្យាល័យរដ្ឋ California ដែលចុះផ្សាយលើ​ទិនានុប្បវត្ដិ Nutrients បានរកឃើញថា ប្រូបាយអូទិច អាចជួយសម្រួលអាការៈក្អួតចង្អោរ ឬហៅថាអាការៈចាញ់កូន របស់ស្ត្រីដែលទើបមានផ្ទៃពោះ។ លើសពីនេះ វាអាចជួយ​សម្រួលប្រព័ន្ធរំលាយអាហារ និងការបន្ទោបង់ថែមទៀត។ តាមការសិក្សា អាការៈចាញ់កូន​កើតឡើងលើស្ត្រីមានផ្ទៃពោះប្រមាណ ៨៥ភាគរយឯណោះ។
 
អំឡុងពេលស្ត្រីមានផ្ទៃពោះ អ័រម៉ូនដូចជា អឺស្ត្រូសែន (estrogen) និង ប្រូសេស្តេរ៉ូន (progesterone) កើនឡើង ដែលនាំឱ្យមានការផ្លាស់ប្តូរក្នុងរាងកាយជាច្រើន។ ការកើន​ឡើងនៃអរម៉ូនទាំងនេះក៏បានទាក់ទងនឹងបាក់តេរីក្នុងពោះវៀន ធ្វើឱ្យប៉ះពាល់ដល់មុខងារ​នៃប្រព័ន្ធរំលាយអាហារ។ ហេតុនេះ វាបណ្តាលឱ្យមានអាការៈមួយចំនួនដូចជា ចង្អោរ ក្អួត និងទល់លាមក។
 
ក្នុងការស្រាវជ្រាវ ​អ្នក​ជំនាញបាន​រក​ឃើញ​​ថា​ ការ​ទទួលទានប្រូបាយអូទិច អាចកាត់បន្ថយ​អាការៈ​ចង្អោរ និង​ក្អួតបានយ៉ាងមានប្រសិទ្ធភាព។ តាមការស្ទង់មតិរបស់អ្នកចូលរួម រយៈ​ពេលដែលមានអាការៈក្អួតចង្អោរត្រូវបានកាត់បន្ថយ ១៦ភាគរយ ហើយចំនួនដងដែល​ពួកគេចង់ក្អួតត្រូវបានកាត់បន្ថយ ៣៣ភាគរយ។ ការទទួលទានប្រូបាយអូទិច ក៏បានចូលរួម​សម្រួលអាការៈដែលទាក់ទងនឹងការរស់នៅដូចជា ការ​អស់កម្លាំង មិនឃ្លានអាហារ និងការធ្វើសកម្មភាពផ្សេងៗ។
 
ប្រូបាយអូទិច គឺជាពពួកបាក់តេរីល្អមានប្រយោជន៍ចំពោះមនុស្ស។ តាមពិតទៅ ក្នុងខ្លួន​មនុស្សមាន​បាក់តេរីជាច្រើន ទាំងបាក់តេរីល្អនិងមិនល្អ។ ដោយឡែក ប្រូបាយអូទិច ជាបាក់តេរីដែលជួយថែរក្សាពោះវៀនឱ្យមានសុខភាពល្អ។ ប្រូបាយអូទិច ភាគច្រើនមាន​នៅក្នុងអាហារដូចជាទឹកដោះគោជូរ គីមឈី តាសក់ត្រាំ ឬជ្រក់ជូរៗ និងផលិតផលទឹក​ដោះសត្វនានា រួមមានឈីស ជាដើម។ 
 
ម៉្យាងវិញទៀត អ្នកអាចទទួលទានបន្លែ ផ្លែឈើ​មួយចំនួន ដើម្បីជំរុញប្រូបាយអូទិចក្នុង​រាងកាយដូចជា ខ្ទឹមបារាំង ខ្ទឹមស សណ្ដែកសៀង ចេក ឪឡឹក ទំពាំងបាយជូរ។ អ្នកក៏អាច​ទទួលទានអាហារបំប៉នជាតិប្រូបាយអូទិចតែម្តងបានផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com