អន្តរជាតិ
ក្រុមហ៊ុនជាច្រើនក្នុងតំបន់ឧស្សាហកម្មដ៏ធំមួយនៅចិន ផ្អាកប្រតិបត្តិការ ខណៈជំងឺកូវីដ-១៩ ផ្ទុះខ្លាំង
14, Dec 2021 , 4:59 pm        
រូបភាព
ដោយ:
ក្រុមហ៊ុនជាច្រើនស្ថិតក្នុងមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតមួយរបស់ចិន បានផ្អាកប្រតិបត្តិការ ខណៈអាជ្ញាធរក្នុងតំបន់ប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការផ្អាកដំណើរការនេះ ត្រូវបានអនុវត្តលើក្រុមហ៊ុនយ៉ាងតិច២០កន្លែងនៅខេត្តជឺជាំង ដោយមានក្រុមហ៊ុនផលិតថ្មពិល ថ្នាំពណ៌វាយនភ័ណ្ឌ និងប្លាស្ទិកជាដើម។



ការផ្ទុះឡើងនៃវីរុសកូវីដ- ១៩ បានបង្កផលរំខានឥតស្រាកស្រាន្ដដល់បណ្តាក្រុមហ៊ុនឧស្សាហកម្មនានា​ក្នុងតំបន់មួយចំនួនរបស់ចិន។ មួយភាគនៃខេត្ត​ជឺជាំង ដែលជាតំបន់វិស័យឧស្សាហកម្មដ៏ធំមួយសម្រាប់ផលិតទំនិញជាច្រើនក្នុងការនាំចេញ កំពុងរងសម្ពាធធ្ងន់ធ្ងរ។
 
យ៉ាងហោចណាស់ ក្រុមហ៊ុនចំនួន២០ ត្រូវបានចុះក្នុងបញ្ជីផ្អាកប្រតិបត្តិការនៅក្រុងចំនួន៣នៃខេត្តរួមមាន​ក្រុងនីងប៉ ស៊ោស៊ីង និងហាងចូវ។​ ឯប្រជាជនរាប់ម៉ឺននាក់ ត្រូវបានបញ្ជាឱ្យធ្វើចត្តាឡីស័ក ជើងហោះហើរក្នុងស្រុកមួយចំនួនត្រូវបានផ្អាក និងព្រឹត្តិការណ៍កីឡាមួយចំនួនក៏ត្រួវបានលុបចោល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters។
 
កាលពីចុងសប្តាហ៍មុន អាជ្ញាធរសុខាភិបាលចិន និយាយថា ​ករណីផ្ទុះឡើងនៃជំងឺកូវីដ-១៩ក្នុងទីក្រុងទាំង៣ កំពុងវិវឌ្ឍយ៉ាងលឿន។ នៅថ្ងៃទី១៤ខែធ្នូ ទិន្នន័យផ្លូវការបានផ្សាយថា ខេត្តនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៤នាក់ ធ្វើឱ្យករណីឆ្លងថ្មីសរុបកើនចំនួន២១៧នាក់ក្នុងរយៈពេលត្រឹម១សប្តាហ៍ ចាប់តាំងពីករណីឆ្លងដំបូង ត្រូវបានរាយការណ៍នៅថ្ងៃទី៦ខែធ្នូ។ មុនពេលផ្ទុះឡើងនៃការរីករាលដាលក្នុងតំបន់កាលពីដើមខែធ្នូនេះ ខេត្តជឺជាំងបានរាយការណ៍ករណីឆ្លងតែមួយករណីប៉ុណ្ណោះក្នុងឆ្នាំ២០២១នេះ។
 
កាលពីថ្ងៃទី១៣ខែធ្នូ  មន្រ្តីសុខាភិបាលខេត្តជឺជាំង បញ្ជាក់ថា ​មនុស្សជាង៥ម៉ឺននាក់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងដែលរដ្ឋាភិបាលរៀបចំ ហើយស្ថានភាពសុខភាពនៃប្រជាជនជិតកន្លះលាននាក់កំពុងស្ថិតក្នុងការតាមដាន។ ​ខេត្តជាប់មាត់សមុទ្រមួយនេះ មានប្រជាជនរស់នៅសរុបចំនួន៦៤,៦លាននាក់។
 
គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ចិនកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩សរុបជិត១០ម៉ឺននាក់និងស្លាប់ជាង៤ពាន់នាក់៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com