អត្ថបទពាណិជ្ជកម្ម
គម្រោងខាស់នឹងធ្វើ​យុទ្ធនាការទី៣ស្តីពីត្រីចិញ្ចឹម និង​សុវត្ថិភាពចំណីអាហារ ដើម្បីលើកកម្ពស់ការយល់ដឹងអ្នក​បរិភោគ
17, Dec 2021 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
ឆាប់ៗនេះ អ្នកបរិភោគនៅក្នុងប្រទេសកម្ពុជានឹងអាចទទួលបានព័ត៌មានថ្មីៗដែលអាចជឿទុកចិត្តបានស្ដីអំពីត្រីចិញ្ចឹមក្នុងស្រុកដែលមានសុវត្ថិភាព និងមានជីវជាតិល្អសម្រាប់សុខភាពអ្នកបរិភោគ។ 
 
នៅក្នុងខែធ្នូ គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា នឹងចាប់ផ្ដើមធ្វើយុទ្ធនាការទី៣ របស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹងស្ដីអំពីសុវត្ថិភាពចំណីអាហារនៅក្នុងវិស័យវារីវប្បកម្មនៅក្នុងប្រទេស កម្ពុជា។ គម្រោងខាស់ នឹងធ្វើការផ្សព្វផ្សាយចំណេះដឹងតាមរយៈការចាក់ផ្សាយវីដេអូ និងមាតិកាអប់រំផ្សេងៗ នៅលើបណ្ដាញសង្គម ដើម្បីឆ្លើយតបទៅកាន់ការយល់ឃើញរបស់សារធារណជនស្ដីពីសុវត្ថិភាពត្រីចិញ្ចឹមក្នុងស្រុកដែល បានបង្ហាញនៅក្នុងការសិក្សាស្ដីពីចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។ ការស្រាវជ្រាវមួយរបស់ខាស់បានរកឃើញថាអ្នកបរិភោគភាគច្រើនមានចម្ងល់ទៅលើសុវត្ថិភាពនៃការបរិភោគត្រីចិញ្ចឹម ខណៈពេលដែលផលិតផលត្រីចិញ្ចឹមក្នុងស្រុកកំពុងកើនឡើងគួរអោយកត់សម្គាល់ទាំងបរិមាណ និងគុណភាព។


 
យុទ្ធនាការនេះនឹងមានការចូលរួមពីលោក ខូវ គួង​ នាយករងរដ្ឋបាលជលផលកម្ពុជា​ ជាវាគ្មិន រួមជាមួយនឹងអ្នកជំនាញសុវត្ថិភាពចំណីអាហារ ជាភ្ញៀវកិត្តយស ក៏ដូចជាអ្នកបង្កើតមាតិកាល្បីល្បាញនៅលើបណ្ដាញសង្គម ជាច្រើនរូបទៀតផងដែរ។ ជាមួយគ្នានេះ សារធារណជនក៏អាចចូលរួមនៅក្នុងយុទ្ធនាការផ្សព្វផ្សាយលើបណ្ដាញ សង្គមនេះផងដែរ។ យោងទៅតាមស្ថិតិពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឱ្យដឹងថាផលិតផលត្រី ចិញ្ចឹមកើនឡើងរហូតដល់ ៤០០,៤០០ តោននៅក្នុងឆ្នាំ២០២០ កើនឡើង៣០%បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៩។ 
 
លោក Adolfo Ruiz ប្រធានបច្ចេកទេសប្រព័ន្ធទីផ្សារប្រចាំគម្រោងខាស់បានលើកឡើងថា៖ “គម្រោងខាស់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ អ្នកផលិត  អ្នកផ្គត់ផ្គង់ចំណី  អ្នកភ្ញាស់ អ្នកកែច្នៃ អ្នកចែកចាយ និងម្ចាស់អាជីវកម្មជាច្រើននាក់ទៀតក្នុងវិស័យវារីវប្បកម្ម។” 
 
លោកបានបន្ថែមថា៖ “គម្រោងខាស់បានផ្ដល់ជំនួយបច្ចេកទេសទៅកាន់កសិករ និងអ្នកទីផ្សារ ជាហេតុផលមួយ ដែលធ្វើឱ្យអ្នកបរិភោគនៅកម្ពុជាបង្កើនទំនុកចិត្តរបស់ខ្លួនទៅលើត្រីចិញ្ចឹមក្នុងស្រុក។ ពួកយើងនឹងជួយបង្កើនការផ្គត់ផ្គង់ផលិតផលត្រីចិញ្ចឹមដែលមានសុវត្ថិភាពទៅកាន់អ្នកបរិភោគទាំងអស់។” 


 
 
ក្នុងរយៈពេល៤ខែនៃយុទ្ធនាការថ្មីរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ គម្រោងខាស់នឹង ធ្វើការចាក់ផ្សាយ​វីដេអូធំៗចំនួន៤។ វីដេអូទីមួយគឺជាវីដេអូស្ទាបស្ទង់មតិយោបល់ពីសាធារណជនទៅលើសុវត្ថិភាពចំណីអាហារ ជាពិសេសទាក់ទងទៅនឹងត្រីចិញ្ចឹមនៅក្នុងស្រុក។ ចំណែកឯវីដេអូទីពីរជាវីដេអូដែលមានការបកស្រាយពី លោក ខូវ គូង ដែលជានាយករងនៃរដ្ឋបាលជលផលកម្ពុជា និងជាអ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារ ទៅលើមតិ របស់សារធារណៈជនក្នុងវីដេអូទីមួយ។ 
 
វីដេអូទី៣ជាវីដែអូគំនូរចលនាដែលពន្យល់ពីទិដ្ឋភាពរួម និងរបៀបនៃការអនុវត្តវិធានការអនាម័យទាក់ទងទៅនឹងសុវត្ថិភាពចំណីអាហារនៅក្នុងវិស័យវារីវប្បកម្មទាំងមូល។ រីឯវិដេអូទី៤​ ជាវីដេអូចំអិនម្ហូប ដែលក្នុងនោះទស្សនិកជនទាំងអស់គ្នានឹងរៀនពីរបៀបអនុវត្តវិធានការ​អនាម័យនៅមុនពេលចំអិនម្ហូប កំឡុងពេលចំអិន ​និងរបៀបស្តុកទុកម្ហូបអាហារនៅក្នុងទូទឹកកកឱ្យមានសុវត្ថិភាពផងដែរ។ ក្រៅពីនេះ ខាស់ក៏ត្រៀមផ្សព្វផ្សាយព័ត៌មានស្ដីពីសុវត្ថិភាព​ចំណីអាហារនៅក្នុងវិស័យ វារីវប្បកម្មនៅលើផ្ទាំងប៉ាណូ LED និងខិត្តប័ណ្ណផ្សេងៗទៀតផងដែរ។ 


 
គួរបញ្ជា​ក់ផងដែរថា មកទល់ពេលនេះ អ្នកទទួលផលដែលបានចុះឈ្មោះនៅក្រោមគម្រោងខាស់មានរហូតដល់ ១០៤១នាក់ ក្នុងនោះ រួមមានអ្នកដែលដើរតួនាទីនៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងអស់ដូចជា អ្នកផ្គត់ផ្គង់ចំណី អ្នកភ្ញាស់ អ្នកផលិត អ្នកកែច្នៃ អ្នកបោះដុំ និងអ្នកចែកចាយ ដែល៧៥៤​​នាក់ បានទទួលការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសវារីវប្បកម្ម អនាម័យ ភូតគាមអនាម័យ និងទីផ្សារពីខាស់ ដើម្បីធានានូវការផលិត និងចែកចាយត្រីចិញ្ចឹមដែលមានគុណភាពទៅកាន់អ្នកបរិភោគ។ ជាមួយគ្នានេះ គម្រោងខាស់នឹងទទួលអ្នកចុះឈ្មោះជាច្រើនបន្ថែមទៀតជារៀងរាល់ឆ្នាំ។ 


 
គម្រោងខាស់ គឺជាគម្រោងដែលបានឧបត្ថម្ភថវិកាដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក ដើម្បីជំរុញផលិតកម្មត្រីទឺកសាប និងអភិវឌ្ឍវិស័យវារីវប្បកម្មសម្រាប់តម្រូវការទីផ្សារ។ គម្រោងនេះជួយវិស័យវារីវប្បកម្មនៅកម្ពុជាតាមរយៈការពង្រឹងគុណភាពចំណី ពូជត្រី និងបង្កើនប្រសិទ្ធភាពទីផ្សារសំរាប់អ្នកពាក់ព័ន្ធទាំងអស់។ វិស័យឯកជន និង សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមផលិតសណ្ដែងសៀងនៅសហរដ្ឋអាមេរិក អាជីវករ​ ក៏ដូចជាស្ថាប័នសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀតតាមរយៈការសម្របសម្រួលពីគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជានេះ។ 
 
សម្រាប់ព័ត៌មានបន្ថែម​ សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CAST៖
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com