ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សង្ឃឹមថា នឹងលែងមានទណ្ឌកម្មលើកម្ពុជាថែមទៀត ដោយគ្រាន់តែកម្ពុជា រាប់អានជាមួយចិន
18, Dec 2021 , 5:19 pm        
រូបភាព
 សម្តេច ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅប្រទេសចិន កាលពីចុងឆ្នាំ២០១៧។ រូបពីគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី
សម្តេច ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅប្រទេសចិន កាលពីចុងឆ្នាំ២០១៧។ រូបពីគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី
«ខ្ញុំ សង្ឃឹមថា មិនមានសម្ពាធណាផ្សេងទៀត ដែលតម្រង់ឆ្ពោះមកដាក់ទណ្ឌកម្មលើកម្ពុជា ដែលគ្រាន់តែកម្ពុជា មានសេរីភាពនៅក្នុងការធ្វើទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិននោះទេ»។ នេះជាក្តីសង្ឃឹមរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបង្ហាញឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនូវពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ 


សម្តេច ហ៊ុន សែន អះអាងថា ក្នុងចំណោមជំនួយ ដែលមហាអំណាចចិនផ្តល់ឲ្យកម្ពុជា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាជំនួយធំជាងគេ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ចំណាយអស់ទឹកប្រាក់១៥០លានដុល្លារ ដោយមានទំហំជាង១៦ហិកតា និងអាចដាក់មនុស្សបានជាង៦ម៉ឺននាក់។ 
 
សម្រាប់ការយល់ឃើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា ទោះជំនួយ ឬសមិទ្ធផល ដែលចិន ផ្តល់ឲ្យកម្ពុជា មានទំហំធំប៉ុនណាក៏ដោយ ក៏មិននៅស្មើនឹងជម្រៅទឹកចិត្តរបស់មេដឹកនាំ និងប្រជាជនចិន ដែលមានចំពោះកម្ពុជាដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែរនោះ មេដឹកនាំកម្ពុជា ថ្លែងដូច្នេះថា៖«សមិទ្ធផលធំណាស់ហើយ តែអ្វីដែលធំជាងទៀត គឺទឹកចិត្ត ដែលមិត្តយើង បានផ្តល់ឲ្យយើង ក្នុងការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើរទន្ទឹមនឹងការពង្រឹងឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា»។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅរំលេចទៀតថា កម្ពុជា បានខិតខំកសាងទំនាក់ទំនងជាមួយចិន ដោយឈរលើការជឿទុកចិត្តគ្នា សាមគ្គីភាព និងការគោរពអធិបតេយ្យភាពទៅវិញទៅមក។ 

 សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជានកម្ពុជា បានរងការរិះគន់ជាហូរហែពីសំណាក់សហគមន៍អន្តរជាតិមួយចំនួន ជាពិសេសចាប់តាំងពីអតីតគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានរំលាយចោលដោយតុលាការកំពូល នៅចុងឆ្នាំ២០១៧។ មិនមែនតែការរំលាយអតីតគណបក្សសង្គ្រោះជាតិទេ ការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ នៅកម្ពុជា ក៏ត្រូវសហគមន៍អន្តរជាតិទាំងនោះ លើកយកមកធ្វើជាហេតុផលក្នុងការដាក់ទណ្ឌកម្មកម្ពុជាដែរ។ 
 
ក្រៅពីការរិះគន់ សហគមន៍អន្តរជាតិខ្លះ ថែមទាំងបានដាក់ទណ្ឌកម្មលើកម្ពុជាទៀត មានមហាអំណាចអាម៉េរិក ជាអាទិ៍។ នៅចុងឆ្នាំ២០២១នេះ អាម៉េរិក បានដាក់ទណ្ឌកម្ម២លើកផ្ទួនៗគ្នាលើកម្ពុជា។ 
 
លើកទី១ បង្កកទ្រព្យសម្បត្តិរបស់មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា២រូប  ហើយមិនអនុញ្ញាតឲ្យជាន់ទឹកដីអាម៉េរិក ក្រោមហេតុផលថា អ្នកទាំង២ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ។ ក្រសួងការបរទេស និងក្រសួងការពារជាតិកម្ពុជា បានច្រានចោលចំពោះការចោទប្រកាន់របស់អាម៉េរិកលើមន្រ្តីយោធាជាន់ខ្ពស់ទាំង២រូបរបស់កម្ពុជាថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស។ 
 
លើកទី២ រឹតបន្តឹងការលក់អាវុធឲ្យកម្ពុជា ព្រោះអាម៉េរិកយល់ថា រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យកងទ័ពចិន មានឥទ្ធិពលលើទឹកដីកម្ពុជា ដែលអាចបង្កក្តីបារម្ភដល់សន្តិសុខក្នុងតំបន់ផង និងសាកលផង។ ការអះអាងរបស់អាម៉េរិកថា កងទ័ពចិន មានឥទ្ធិពលលើកម្ពុជា ព្រោះអាម៉េរិក សំអាងថា កងទ័ពជើងទឹកចិន មានមូលដ្ឋាន នៅកំពង់ផែរាម ខេត្តព្រះសីហនុ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បកស្រាយស្ទើររាប់ភ្លេចទៅហើយ ថា គ្មានកងទ័ពជើងទឹកចិននៅកំពង់ផែរាម ដូចការចោទប្រកាន់នោះទេ។ ដោយសារធុញទ្រាន់ និងហត់នឿយនឹងការបកស្រាយជាដដែលពេក ប្រមុខរដ្ឋាភិបាលកម្ពុជា បានកាសចេញពីកម្មវិធីមួយក្នុងខេត្តព្រះសីហនុ នៅដើមខែធ្នូ ឆ្នាំ២០២១ ថា ឈប់និយាយ ឬបកស្រាយអ្វីទាំងអស់ អំពីរឿងកំពង់ផែរាមនេះ។ 
 
ចំពោះការរឹតបន្តឹងការលក់អាវុធឲ្យកម្ពុជា ពុំបានធ្វើឲ្យមេដឹកនាំកម្ពុជា ពិបាកចិត្តនោះទេ។ ផ្ទុយមកវិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងអរគុណអាម៉េរិកថែមទៀត ដែលសម្រេចចិត្តរឹតបន្តឹងការលក់អាវុធឲ្យកម្ពុជា។ ចំណែកសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងពារជាតិ ចាត់ទុកថាជារឿងល្អ ដែលអាម៉េរិក រឹតបន្តឹងការលក់អាវុធឲ្យកម្ពុជា ដ្បិតកម្ពុជា មិនដែលទិញអាវុធពីអាម៉េរិកឡើយ។

លើសពីនេះ សម្តេច ហ៊ុន សែន បានបញ្ជាឲ្យគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធកម្ពុជា ប្រមូលអាវុធ និងសម្ភារៈយោធាអាម៉េរិកទាំងអស់ យកទៅទុកក្នុងឃ្លាំង ឬកម្ទេចចោលតាមការជាក់ស្តែង។ សម្តេច ទៀ បាញ់ ទើបនឹងប្រកាសថ្មីៗនេះថា គ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធ កំពុងអនុវត្តតាមបញ្ជារបស់សម្តេច ហ៊ុន សែន ហើយ៕ 

Tag:
 ហ៊ុន សែន
  កម្ពុជា-ចិន
  កម្ពុជា-អាម៉េរិក
  ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com