កីឡាអន្តរជាតិ
អន្តរជាតិ
ប្រទេសនៅអាម៉េរិកខាងត្បូង អាចចូលរួមប្រកួត Nations League ជាមួយក្រុមអឺរ៉ុបចាប់ឆ្នាំ២០២៤
19, Dec 2021 , 8:29 am        
រូបភាព
រូបភាព៖ Marca
រូបភាព៖ Marca
ការប្រកួតពានរង្វាន់ UEFA Nations League ទំនងជាបន្ថែមវត្តមានប្រទេសចំនួន១០ទៀតដែលជាក្រុមមកពីសហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) ចាប់ពីឆ្នាំ២០២៤ ទៅ តាមរយៈការបង្កើតព្រឹត្តិការណ៍រួមគ្នាមួយ។ នេះបើតាមការចុងផ្សាយពីកាសែត Marca។ យ៉ាងណាមិញ ការសម្រេចចិត្តចុងក្រោយ ក៏ដូចជាទម្រង់នៃការប្រកួតមិនទាន់កំណត់បែបណាឡើយ។


សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) កំពុងពិភាក្សាជាមួយ CONMEBOL លើគម្រោងព្រឹត្តិការណ៍ Nations League រួមគ្នា ដោយដាក់បញ្ចូលក្រុមដែលមកពីទ្វីបអាម៉េរិកខាងត្បូងឱ្យចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ ជាមួយក្រុមនៅតំបន់អឺរ៉ុបចាប់ពីឆ្នាំ២០២៤ ទៅ។ 
 
ការជួបពិភាក្សារវាង UEFA និង CONMEBOL បានធ្វើឡើងជាថ្មីបន្ទាប់ពីសហព័ន្ធបាល់ទាត់ទាំង២បានព្រមព្រៀងគ្នាបង្កើតឱ្យមានការប្រកួតដណ្តើមពានរង្វាន់ជើងឯកកំពូលមួយរវាងម្ចាស់ Copa America អាហ្សង់ទីននិងម្ចាស់ Euro 2020 អ៊ីតាលីនៅឆ្នាំ២០២២ កាលពីខែសីហាកន្លងទៅ។ 
 
អនុប្រធាន UEFA លោក Zbigniew Boniek បានអះអាងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានប៉ូឡូញ Meczyki ថ្ងៃទី១៧ខែធ្នូ ថា វាជាការពិតដោយគម្រោងរបស់សហព័ន្ធទាំង២ គឺចង់បង្កើតពានរង្វាន់ Nations League ឱ្យក្លាយជាពានរង្វាន់លំដាប់ពិភពលោកមួយ។ 
 
«យើងបានជួបពិភាក្សាជាមួយខាងសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង CONMEBOL ដោយចាប់ពីឆ្នាំ ២០២៤ ទៅក្រុមដែលមកពីទ្វីបមួយនេះ និងចូលរួមប្រកួតប្រជែងក្នុងពាន Nations League។»លោក Boniek បាននិយាយបែបនេះ។
 
ទោះបីជាសហព័ន្ធបាល់ទាត់ទាំងពីរនេះកំពុងស្ថិតក្នុងកិច្ចពិភាក្សាគ្នាក្តី ប៉ុន្តែការប្រកួតទាំងអស់របស់ក្រុមនៃទ្វីបទាំងពីរនិងត្រូវប្រកួតក្នុងទ្វីបអឺរ៉ុបទាំងអស់ដោយមិនអនុញ្ញាតឱ្យក្រុមនៅតំបន់អឺរ៉ុបធ្វើដំណើតទៅប្រកួតនៅទ្វីបអាមេរិកឡើយ។
 
ក្រុមទាំង១០ដែលមកពីសហព័ន្ធ CONMEBOL រួមមាន អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អ៊ុយរូហ្គាយ ប៉េរូ ស៊ីលី ប៉ារ៉ាហ្គាយ អេក្វាឌ័រ វ៉េណេស៊ុយអេឡា បូលីវី៕
 

Tag:
 CONMEBOL
  UEFA Nations League
© រក្សាសិទ្ធិដោយ thmeythmey.com