ជាតិ
សង្គមជាតិ
បុគ្គលិកណាហ្កាវើលដ៍ ទាមទារឱ្យសហការីបានចូលធ្វើការវិញ, អាជ្ញាធរថា ជាកូដកម្មខុសច្បាប់
18, Dec 2021 , 6:01 pm        
រូបភាព
តាំងពីព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ ២០២១នេះ បុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ជាច្រើនរយនាក់បានជួបជុំគ្នាធ្វើតវ៉ានៅមុខក្រុមហ៊ុន ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកសហការីរបស់ពួកគេជាង៣០០នាក់បានត្រឡប់ចូលធ្វើការវិញ។ អភិបាលរាជធានីភ្នំពេញ និងចៅក្រមសាលាដំបូងសាលារាជធានីបានចាត់ទុកការតវ៉ានេះថា ជាសកម្មភាពខុសច្បាប់។



ពីលើសួនច្បារសម្តេច ហ៊ុន សែន នៅមុខក្រុមហ៊ុនណាហ្កាវើលដ៍ តំណាងកូដករបានចែកចាយលិខិតទាមទាររបស់ពួកគេដែលមាន៩ចំណុច។ ការទាមទារសំខាន់ជាងត្រូវបានសរសេរនៅក្នុងចំណុចទី១ជាអាទិភាព គឺទាមទារឱ្យក្រុមហ៊ុនទទួលយកសហការីរបស់ពួកគេចំនួន ៣៦៥នាក់ ដែល មិនព្រមទទួលសំណងបញ្ចប់កិច្ចការសន្យាការងារ តាមសេចក្តីសម្រេចរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនណាហ្កាវើលដ៍បានសម្រេចបញ្ចប់កិច្ចសន្យាការងាររបស់បុគ្គលិកជាង១០០០នាក់ ដែលយល់ព្រមទទួលសំណងបញ្ចប់កិច្ចសន្យាការងារនោះ។ ដោយឡែកបុគ្គលិកចំនួន៣៦៥នាក់នេះ មិនយល់ព្រមឈប់ពីការងារតាមសចក្តីសម្រេចរបស់ក្រុមហ៊ុនឡើយ ហើយទាមទារបន្តការងារនៅក្នុងក្រុមហ៊ុនតាមតួនាទីដើមរបស់ពួកគេវិញ។

លោកស្រី ឈុំ សុខា ដែលជាអនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរក្នុងក្រុមហ៊ុនណាហ្កាវើលដ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី១៨ខែធ្នូនេះថា ចំណោមសហការីទាំងជាង៣០០នាក់នោះរួមមាន ថ្នាក់ដឹកនាំសហជីព សកម្មជន និងប្រតិភូបុគ្គលិកជាដើម។

តំណាងកូដករដដែលអះអាងថា៖«កូដកម្មនេះនឹងបន្ត បើសិនជាគ្មានដំណោះស្រាយពីក្រុមហ៊ុន»។

នៅពេលដែលកូដករជាច្រើនរយនាក់កំពុងកាន់ស្លាកបដាតវ៉ានៅមុខក្រុមហ៊ុន លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញក៏បានចេញផ្សាយសេចក្តីជូនដំណឹងមួយដែលបញ្ជាក់ថា កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ធ្វើឡើងផ្ទុយពីការស្មារតីឯកភាពគ្នាដែលកើតចេញពីកិច្ចប្រជុំរវាងរដ្ឋបាលសាលារាជធានី និងតំណាងកូដករនៅថ្ងៃទី១៧ខែធ្នូ។

កំណត់ហេតុនៃកិច្ចប្រជុំរវាងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងអ្នកតវ៉ាបានសរសេរថា តំណាងអ្នកតវ៉ាបានយល់ព្រមផ្អាកកូដកម្មថ្ងៃទី១៨ខែធ្នូនេះ។ អភិបាលសាលារាជធានី បានបន្តទៀតថា កូដកម្មនេះក៏ជាសកម្មភាពខុសច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី ដោយសារតែកូដករមិនបានជូនដំណឹងជាមុនផងដែរ។ លិខិតជូនដំណឹងរបស់សាលារាជធានី បានបញ្ជាក់បន្ថែមថា ការជួបជុំនោះ ក៏មិនបានអនុវត្តតាមវិធានការសុខាភិបាលស្ដីពីការបង្ការការឆ្លងមេរោគកូវីដ១៩ «ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាទើបបានរកឃើញករណីឆ្លងមេរោគបំប្លែងប្រភេទថ្មី អូមីក្រុង»។

នៅក្នុងសំណុំរឿងនេះ ក៏មានដីកាសម្រេចចាត់ចែងជាបណ្ដោះអានស្នរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ដែលហាមឃាត់គម្រោងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១នេះដែរ ហើយថា បើសិនជាកូដកម្មនឹងត្រូវធ្វើឡើង កូដកម្មនេះនឹងត្រូវចាត់ទុកថា ជាកូដកម្មខុសច្បាប់ មានកំហុសធ្ងន់ធ្ងរ៕

© រក្សាសិទ្ធិដោយ thmeythmey.com