ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងបានជំនួយឥតសំណងពីអាម៉េរិក៣០០លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសុខាភិបាល កសិកម្ម
19, Dec 2021 , 2:39 pm        
រូបភាព
លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មការនីតិសម្បទា  និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ឆ្វេង) និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។ រូបថត៖ CDC
លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ឆ្វេង) និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។ រូបថត៖ CDC
ភ្នំពេញ៖ កម្ពុជា នឹងទទួលបានជំនួយឥតសំណងពីសហរដ្ឋអាម៉េរិកប្រមាណ៣០០លានដុល្លារ ពីកិច្ចព្រមព្រៀងស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២១-២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដោយបានបញ្ជាក់ថា ថវិកាដែលជំនួយរបស់អាម៉េរិកនេះ គឺសម្រាប់គាំទ្រដល់វិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន។

 
កម្ពុជា-អាម៉េរិក សម្រេចបាននូវនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងសេចក្តីព្រាងកិច្ចព្រមពៀងស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥  ដែលគ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខា ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានរបស់CDC នាថ្ងៃទី១៦ធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា  តាមរយៈកិច្ចព្រមពៀងនេះ រដ្ឋាភិបាលអាម៉េរិកគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៣០០លានដុល្លារដល់កម្ពុជា  សម្រាប់គាំទ្រដល់វិស័យសុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន ក្នុងរយៈពេល៥ឆ្នាំ។ 
 
គម្រោងទំហំថវិកានេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាង លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មការនីតិសម្បទា  និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំងពីរនេះក្រៅពីពិភាក្សាលើវឌ្ឍនភាពសម្រេចបាននូវនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងសេចក្តីព្រាងកិច្ចព្រមពៀងស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥ហើយនោះ ក៏ពិភាក្សាគ្នាលើផលប៉ះពាល់នៃជំងឺកូវីដ-១៩, ការជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ,  កសិកម្ម, សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២ ផងដែរ។ 
 
សូមរម្លឹកថា កន្លងមករដ្ឋាភិបាលអាម៉េរិក  បានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជាលើវិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន... និងផ្តល់ថវិកាឥតសំណងប្រមាណ១៥លានដុល្លារ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Johnson&Johnson ចំនួន១,០៦លានដូស ដល់កម្ពុជាដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវិធានការស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ ផងដែរ៕ 
 
 
 
 
 
 
 

Tag:
 ជំនួយឥតសំណង
© រក្សាសិទ្ធិដោយ thmeythmey.com