ជាតិ
សង្គមជាតិ
ឫស្សីផ្អែម ត្នោត និងរាំងទឹកជាង៤ពាន់ដើម ត្រូវបានដាំលើតំបន់ព្រៃលិចទឹក ដែលត្រូវទន្ទ្រាន ក្នុងខេត្តបន្ទាយមានជ័យ
19, Dec 2021 , 9:19 pm        
រូបភាព
ភ្នំពេញ៖ កូនឈើចម្រុះសរុប ៤១៦០ដើម ដែលមាន ឬស្សីផ្អែម ១០៦០ដើម ត្នោត១៨០០គ្រាប់ និងរាំងទឹក១៣០០ដើម ត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ចុះដាំក្នុងព្រៃលិចទឹកដែលបានដកហូតជាកម្មសិទ្ធរបស់រដ្ឋវិញ។


លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានចុះដាំកូនឈើនៅតំបន់ព្រៃលិចចំនួន២នៃនៃបឹងទន្លេសាប គឺព្រៃលិចទឹកតំបន់២ និងព្រៃលិចទឹកតំបន់៣ ដែលក្នុងត្រង់ចំណុចគោកខ្សាច់ ភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗថា ការដាំដើមត្នោត ដើមឫស្សីផ្អែម និងដើមរាំងទឹកនេះ ព្រោះវាជាប្រភេទដើមឈើដែលធនជាមួយទឹក និងត្រូវជាមួយតំបន់នោះ។ ព្រៃលិចទឹកតំបន់២ និងព្រៃលិចទឹកតំបន់៣ ជាព្រៃលិចទឹកដែលពលរដ្ឋយកធ្វើស្រែចម្ការពេលស្ងួតទឹកអស់។ 
 
តំបន់ទាំង២ខាងលើនេះ ត្រូវបានលួចទន្ទ្រាន ហ៊ុមព័ទ្ធជាកម្មសិទ្ធិ យកដីព្រៃលិចទឹក អស់ចំនួន ៥៤៧០ ហិកតា។ 
  

សកម្មភាពដាំកូនឈើក្នុងព្រៃលិចទឹកតំបន់២ និងតំបន់៣។ រូបភាពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ

គួររំលឹកថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យចាត់វិធានការបង្ក្រាប «ការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ» នៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និង «ការទន្ទ្រានយកដីរដ្ឋ» ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។ ជាលទ្ធផលថា រដ្ឋាភិបាល បានដកហូតយកមកវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយណា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ៕
 

Tag:
 ថ្មីៗ
  ខេត្តបន្ទាយមានជ័យ
  ដើមត្នោត
  ដើមឫស្សី
  ដើមរាំងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com