ជាតិ
សង្គមជាតិ
ប៉ូលិសកំពង់ឆ្នាំង២នាក់ ត្រូវជាប់ឃុំ ពីបទកាន់កាប់ព្រៃលិចទឹកនៅតំបន់ហាមឃាត់
19, Dec 2021 , 6:51 pm        
រូបភាព
ភ្នំពេញ៖ លោក ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ត្រូវបានចៅក្រមស៊ើបសួរ និងជាអនុប្រធានតុលាការសម្រេចយកទៅឃុំជាបណ្តោះអាសន្ន ពីបទពាក់ព័ន្ធការបំផ្លាញ និងកាន់កាប់ព្រៃលិចទឹកនៅតំបន់តាមបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។



លោក កួយ សៅ បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននេះ នៅថ្ងៃទី១៩ធ្នូ ឆ្នាំ២០២១។​ លោក កួយ សៅ បានបង្គាប់ឱ្យកម្លាំងបានសមត្ថកិច្ចនាំខ្លួន លោក ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ទៅដាក់មណ្ឌលអប់រំកែប្រែទី១(ម១) នៃពន្ធនាគារព្រៃស រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

បើតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក កួយ សៅ បុគ្គលទាំងពីរខាងលើនេះ ត្រូវបានចោទប្រកាន់ពីបទ៖«បំផ្លាញ និង គៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១»។ លោកបានបញ្ជាក់ថា នេះជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦០៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា៨៨នៃច្បាប់ស្តីពីជលផល និងមាត្រា៣២, មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣ថ្មី មាត្រា២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
 
ការសម្រេចរបស់តុលាការនេះ គឺធ្វើឡើងបន្ទាប់ពី លោក ស៊ុំ សុជាតិ និង លោក កែវ ណារុន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)  ហៅសួរនាំពីរឿងពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹកនៅតំបន់៣ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច កាលថ្ងៃទី១៦ធ្នូ ឆ្នាំ២០២១។

សូមរម្លឹកថា​ កាលពី​ថ្ងៃទី​២៨វិច្ឆិកា ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​អ្នកមានអំណាច និង​ជនខិលខូច កាប់​ទន្ទ្រាន​ខុសច្បាប់​យកមក​វិញ​ទាំងអស់​។

«​ទោះបី​ថ្នាក់​ណាក៏ដោយ​ត្រូវ​ប្រមូលយក​ដី​នោះ​មកវិញ​ទាំងអស់ ហើយ​ដីនោះត្រូវ​តែជាកម្មវត្ថុនៃការដាំ​ដើមឈើ​ឡើងវិញនៅពេលក្រោយ​»​។ នេះ​ជា​សារ​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ​ដ្ឋា​ន និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី បើក​កិច្ចប្រជុំ​ជាបន្ទាន់លើ​ករណីនេះ​ ជាមួយក្រសួងធនធានទឹក និងឧតុនិយម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួងបរិស្ថាន និងអាជ្ញាធរបឹងទន្លេសាប រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត។​ ចំណែកអភិបាលខេត្ត នៅតាមបឹងទន្លេសាបទាំងអស់ ត្រូវពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់ លើករណីទន្ទ្រានដីព្រៃលិចទឹក៕

© រក្សាសិទ្ធិដោយ thmeythmey.com