អន្តរជាតិ
ក្រុមប្រទេសមូស្លីមសន្យាធ្វើការជាមួយ UN ដើម្បីដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន
20, Dec 2021 , 3:10 pm        
រូបភាព
ដោយ:
ក្រុមប្រទេសមូស្លីមនៅថ្ងៃទី១៩ ខែធ្នូ ចេញសេចក្តីសម្រេចមួយដោយបង្ហាញការប្ដេជ្ញាធ្វើការជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីដោះស្រាយវិបត្តិមនុស្សដែលកំពុងកើតឡើងនៅអាហ្វហ្កានីស្ថាន។ ការប្រមូលទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់អាហ្វហ្គានីស្ថាន ជាបំណងធំរបស់ក្រុមប្រទេសមូស្លីម។

 
 
ប្រទេសសមាជិកទាំង៥៧របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅថ្ងៃទី១៩ ខែធ្នូ បានរៀបចំកិច្ចប្រជុំពិសេសមួយនៅរដ្ឋធានីអ៊ីស្លាម៉ាបាដ ទឹកដីប៉ាគីស្ថាន ដើម្បីពិភាក្សាដោះស្រាយវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន។ នេះគឺជាសន្និសីទដ៏ធំបំផុតស្តីពីអាហ្វហ្គានីស្ថានតាំងពីពួកតាលីបង់ឡើងកាន់អំណាចម្តងទៀតកាលពីខែសីហា។ 
 
បើតាមមន្រ្តីប៉ាគីស្ថាន ប្រតិភូសរុប៧0នាក់បានចូលរួមកិច្ចប្រជុំពិសេសនេះ ក្នុងនោះមានរដ្ឋមន្ត្រីការបរទេសតាលីបង់ Mullah Amir Khan Muttaqi និងប្រតិភូមកពីអាម៉េរិក ចិន រុស្ស៊ី សហភាពអឺរ៉ុប និង UN។ ប្រតិភូទាំងនេះអះអាងថា ពួកគេនឹងធ្វើការដោះស្រាយបណ្តាញហិរញ្ញវត្ថុ និងធនាគារ ដើម្បីធានាលំហូរសាច់ប្រាក់ងាយស្រួល ព្រមទាំងលំហូរនៃជំនួយហិរញ្ញវត្ថុ និងមនុស្សធម៌។
 
ទន្ទឹមនឹងនេះ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោក Martin Griffiths អគ្គលេខាធិការរង UN ផ្នែកកិច្ចការមនុស្សធម៌ដែលមានវត្តមាននៅកិច្ចប្រជុំពិសេសនេះដែរ សេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានឥឡូវនេះកំពុងស្ថិតក្នុងសភាពដួលរលំ។ ហើយប្រសិនបើមិនចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទេ លោកខ្លាចថា ការដួលរលំនេះនឹងទាញទម្លាក់ប្រជាជនទាំងមូល។ លោកបន្ថែមថា តម្រូវការសាច់ និងស្ថិរភាពនៃប្រព័ន្ធធនាគារ ជារឿងបន្ទាន់។ វាមិនត្រឹមតែជួយជីវិតប្រជាជនអាហ្វហ្គានីស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យអង្គការមនុស្សធម៌ចាត់វិធានការនានាផងដែរ។
 
ចំណែក OIC បានប្រកាសដែរថា ធនាគារអភិវឌ្ឍន៍ឥស្លាមនឹងដឹកនាំកិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យជំនួយដំណើរការនៅត្រីមាសទីមួយនៃឆ្នាំ២០២២។ OIC ក៏បានជំរុញឱ្យមេដឹកនាំអាហ្វហ្គានីស្ថានគោរពតាមកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសទាក់ទងនឹងសិទ្ធិស្ត្រី កុមារ យុវជន ចាស់ជរា និងមនុស្សដែលត្រូវការតម្រូវការពិសេស។
 
គួរបញ្ជាក់ថា តាំងពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលមានទំនោរទៅលោកខាងលិចត្រូវបានពួកតាលីបង់ផ្តួលរលំនៅខែសីហាមក ជំនួយ និងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារបស់អាហ្វហ្គានីស្ថានត្រូវបានបង្កកដោយសហគមន៍អន្តរជាតិ។ អាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហើយព្រមទាំងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ មកទល់ពេលនេះមិនទាន់មានប្រទេសណាមួយទទូលស្គាល់រដ្ឋាភិបាលពួកតាលីបង់ជាផ្លូវការនៅឡើយទេ ហើយមន្រ្តីការទូតកំពុងប្រឈមមុខនឹងការងារដ៏ពិបាកក្នុងការបញ្ជូនជំនួយដល់សេដ្ឋកិច្ចអាហ្វហ្គានីស្ថានដោយមិនគាំទ្រពួកអ៊ីស្លាមនិយមប្តូរផ្តាច់ទាំងនេះ៕

Tag:
 UN
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com