ពីនេះ ពីនោះ
«ញាណ» មានន័យថា សេចក្តីដឹង,​ ប្រាជ្ញា រីឯ «ញៀន» គឺ​អត់មិនបានដោយធ្លាប់ប្រព្រឹត្ត
22, Dec 2021 , 7:29 am        
រូបភាព
«ញាណ» និង «ញៀន» សូរដូចគ្នា ប៉ុន្តែ​មានន័យ​ខុសគ្នាទាំងស្រុង។ សារព័ត៌មានថ្មីៗ សូម​លើកយកពាក្យទាំងនេះ មកពន្យល់​ដោយផ្អែក​តាម​វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ញាណ» មានន័យថាសេចក្ដីដឹង, ប្រាជ្ញា. . .។ ទ្រង់ញាណ ( ព្រះពុទ្ធ ) ទ្រង់ជ្រាបច្បាស់នូវកិច្ចការអាថ៏កំបាំងជ្រាលជ្រៅផ្សេងៗ ដោយព្រះប្រាជ្ញា; គេតែងប្រើពាក្យ ទ្រង់ញាណនេះ ក្នុងការស្ដីបន្ទោសគ្នីគ្នាថា: គ្មាននរណាទ្រង់ញាណដូចព្រះទេ, បើខ្លួនមិនប្រាប់ ធ្វើម្ដេចឲ្យគេដឹងផងបាន ?
 
បើប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អានថា «ញាណៈ» ដូចជា ញាណកោសល ឋានន្តរជាសមណស័ក្តិទីរាជាគណៈសម្រាប់ចត្វាក្នុងប្រទេសកម្ពុជា ។ ញាណទស្សន ឬ ញាណទស្សនៈ គឺ​ប្រាជ្ញាដែលដឹង ដែលឃើញនូវសេចក្តីពិត ដូចឃើញច្បាស់នូវសេចក្ដីមិនទៀងនៃរូបកាយជាដើម; បច្ចវេក្ខណញ្ញាណ គឺប្រាជ្ញាសម្រាប់ពិចារណានូវសង្ខារ. . . ។ 
 
ពាក្យ​ពាក់ព័ន្ធផ្សេងទៀតដូចជា ញាណប្បភាស, ញាណលក្ខណ ឬ ញាណលក្ខណៈ, ញាណវង្ស, ញាណវិប្បយុត្ដ, ញាណសម្ភារ, ញាណសាស្រ្ត, គោត្រភូញាណ, បច្ចវេក្ខណញ្ញាណ, ពោធិញាណ,
 
រីឯពាក្យ «ញៀន» វិញ មានន័យថា ជាប់ចិត្តដោយមានចំណង់ អត់មិនបានដោយធ្លាប់ប្រព្រឹត្ត, ធ្លាប់ជក់,  ធ្លាប់ស៊ី លុះដល់កំណត់, ដល់វេលាដែលធ្លាប់ ក៏បណ្ដាលឲ្យនឹកចង់អត់មិនបានឬក៏ទៅជាធ្វើទុក្ខមិនស្រួលខ្លួន។ ញៀនមើលល្បែង, ញៀនអាភៀន៕
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com