កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
រថយន្តទំនើប៣គ្រឿង និងទ្រព្យផ្សេងទៀតរបស់ Maradona គ្មានអ្នកចាប់អារម្មណ៍ដេញថ្លៃទិញឡើយ
20, Dec 2021 , 7:29 pm        
រូបភាព
ដោយ: ធីតា
រថយន្តទំនើបៗ អចលនទ្រព្យ ក្រវាត់ក ប្រអប់ដាក់ស៊ីហ្ការ និងកម្មសិទ្ធប្រមាណ៩០មុខរបស់អតីតតារាបាល់ទាត់អាហ្សង់ទីន Diego Maradona ត្រូវបានដាក់លក់ដេញថ្លៃតាមប្រព័ន្ធអនឡាញ ពីទីក្រុង Buenos Aires។ ការដាក់លក់ប្រមាណ៣ម៉ោងកាលពីថ្ងៃអាទិត្យ អ្នករៀបចំរកចំណូលបានត្រឹមតែ២៦០០០ដុល្លារប៉ុណ្ណោះ ខណៈទ្រព្យសម្បត្តិថ្លៃជាពិសេសផ្ទះ និងរថយន្ត គ្មានអ្នកចាប់អារម្មណ៍ឡើយ។


លោក Adrian Mercado អ្នករៀបការលក់ដេញថ្លៃ បានបញ្ជាក់ប្រាប់ AFP ថា មនុស្សប្រមាណ១៥០០នាក់ បានចុះឈ្មោះ ដើម្បីដេញថ្លៃទិញទ្រព្យសម្បត្តិរបស់ Maradona ដោយផ្តើមពីតម្លៃអប្បបរមាចន្លោះពី៥០ដុល្លារទៅ៩០ម៉ឺនដុល្លារអាមេរិក។
 
ការដាក់លក់ដេញថ្លៃទ្រព្យសម្បត្តិរបស់វីរបុរសដែលជួយឲ្យអាហ្សង់ទីនឈ្នះ World Cup កាលពីឆ្នាំ១៩៨៦ គឺធ្វើឡើងតាមដីការរបស់អាជ្ញាធរអាហ្សង់ទីន។ «កូនៗរបស់គាត់គឺជាអ្នកសម្រេចជ្រើសរើសរបស់ដែលត្រូវដាក់លក់ដេញថ្លៃ។ សម្ភារដែលមានស្លាកស្នាមអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ នឹងបន្តរក្សាទុកដោយក្រុមគ្រួសារ»។ នេះជាការលើកឡើងរបស់លោក Mercado។
 
វីឡា Villa Devoto នៅ Buenos ដែល Maradona ទិញឲ្យជូនឪពុកម្តាយកាលពីឆ្នាំ១៩៨០ ក៏ស្ថិតក្នុងចំណោមអចលនទ្រព្យដែលត្រូវដាក់លក់ដេញថ្លៃផងដែរ។ ក្រៅពីនេះ មានរថយន្តទំនើប BMW ម៉ូដែលឆ្នាំ២០១៧ និងឆ្នាំ២០១៦ ដែលផ្តើមក្នុងតម្លៃ ២២៥ ០០០ដុល្លារ និង ១៦៥ ០០០ដុល្លារ។
 
រថយន្ត Hyundai មួយគ្រឿងទៀត មានតម្លៃមូលដ្ឋាន ៣៨ ០០០ដុល្លារ អាផាតមិនពីរបន្ទប់នៅ Mar del Plata តម្លៃ ៦៥ ០០០ដុល្លារ ម៉ាស៊ីនហាត់ប្រាណនៅឌូបៃ (ចាប់ពី៣៥០០ដុល្លារ), រូបថតជាមួយមេដឹកនាំគុយបា Fidel Castro (ចាប់ពី៤០០ដុល្លារ), ប្រអប់ដាក់ស៊ីហ្កា (ចាប់ពី៣០០ដុល្លារ)។
 
ក្រៅពីនេះ មានក្រវាត់ក, មួក, ស្រែកជើង, ទូរទស្សន៍, សង្ហារឹម, សម្ភារហាត់ប្រាណ, គំនូរ និងរូបថតជាច្រើន ដែលត្រូវបានដាក់លក់ដេញថ្លៃ ក្រោមអំណាចសាលដីការរបស់លោកចៅក្រម Luciana Tedesco។
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយដំណើរការជាង៣ម៉ោងកាលពីចុងសប្តាហ៍កន្លងមក ការលក់ចេញបានទឹកប្រាក់តែ ២៦០០០ដុល្លារប៉ុណ្ណោះ ខណៈទ្រព្យដែលមិនបានដេញថ្លៃមានតម្លៃទឹកប្រាក់ក្នុងរង្វង់ជាង១,៤លានដុល្លារអាមេរិក។
 
អ្នកដែលបានចូលរួមដេញថ្លៃជាង១៥០០នាក់ពីអាម៉េរិកឡាទីន អ៊ីតាលី បារាំង អង់គ្លេស រុស្ស៊ី និងឌូបៃ មិនបានចាប់អារម្មណ៍អាផាតមិននៅតំបន់សមុទ្រ ផ្ទះដែល Maradona ទិញជូនឪពុកម្តាយ ក៏ដូចជារថយន្ត BMW ២គ្រឿង និង Hyundai ១គ្រឿងនោះឡើយ។
 
បើតាម AFP ក្នុងចំណោមជាង៩០មុខ របស់ដែលលក់ដាច់នោះមានដូចជា គំនូរមួយផ្ទាំងរបស់ម៉ារ៉ាដូណា (តម្លៃ ២១៥០ដុល្លារ), រូបថតម៉ារ៉ាដូណាជាមួយហ្វីដែល ហ្កាស្ត្រូ (តម្លៃ១៦០០ដុល្លារ), រូបគំនូរ Marilyn Monroe (១៥០០ដុល្លារ), អាវលេខ១០ក្នុងក្លិប Napoli (១៥០០ដុល្លារ), ខោដែលម៉ារ៉ាដូណាធ្លាប់ហាត់ជាមួយ Dortmund (២៧០ដុល្លារ) និងប្រអប់ស៊ីហ្កា (៥៥០ដុល្លារ) ជាដើម។
 
បើតាម AFP ការដាក់លក់ដេញថ្លៃនេះ គឺដើម្បីដោះស្រាយបំណុល និងការចំណាយផ្សេងៗលើអចលនទ្រព្យរបស់ Maradona កន្លងមក មិនមែនដើម្បីយកទុកឲ្យអ្នកស្នងមរតកនោះឡើយ។ សម្រាប់ទ្រព្យដែលលក់មិនទាន់ចេញ តុលាការនឹងពិចារណានាពេលបន្ទាប់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com