ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឆ្ងាញ់ហើយពិសេសយ៉ាងនេះទៀត! គ្រាន់តែញ៊ាំ “ឪឡឹក” សោះ អាចជួយបំបាត់អាការៈអស់កម្លាំង
23, Dec 2021 , 6:59 am        
រូបភាព
មានអារម្មណ៍អស់កម្លាំង ហើយមិនដឹងធ្វើដូចម្ដេចឆាប់បាត់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីស្ដារថាមពលមកវិញបានយ៉ាងលឿន ៖

 
១. ឪឡឹក
 
ប្រសិនបើអ្នកមានអារម្មណ៍ល្វើយអស់កម្លាំងក្រោយពេលនឿយហត់អស់មួយថ្ងៃពេញនៅកន្លែងធ្វើការ ឬក្រោយពេលធ្វើលំហាត់ប្រាណ ចូរទទួលទានឪឡឹកមួយបន្ថែមដើម្បីស្ដារថាមពលឡើងវិញ។ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិទឹក និងអេឡិចត្រូលីត្រល្អសម្រាប់ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ដូច្នេះអ្នកអាចរក្សាបាននូវភាពសកម្ម និងចៀសផុតពីអាការៈអស់កម្លាំង។ ឪឡឹកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមដែលជួយប្រយុទ្ធប្រឆាំងអាការៈអស់កម្លាំងរួមបញ្ចូលទាំងសារធាតុ lycopene, សារធាតុ beta-carotene, ជាតិដែក, ប៉ូតាស្យូម និងវីតាមីន C។
 
២. យ៉ាអួរ
 
មានផ្ទុកសម្បូរដោយប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងប្រូបាយអូទិកដែលជួយបំបាត់អាការៈអស់កម្លាំងបានយ៉ាងប្រសើរ។ បន្ថែមពីនេះយ៉ាអួរជាប្រភពនៃអាហារដែលរាងកាយមានសមត្ថភាពក្នុងការរំលាយបានលឿនជាងអាហារផ្សេងទៀតផងដែរ។ ជាលទ្ធផលធ្វើឱ្យវាក្លាយជាអាហារសម្រន់ដ៏ពិសេសសម្រាប់ផ្ដល់ថាមពលលឿននៅពេលចាំបាច់។ បរិមាណនៃប្រូបាយអូទិកក្នុងយ៉ាអួរក៏ជួយបំបាត់រោគសញ្ញាដែលផ្សារភ្ជាប់នឹងបញ្ហាអស់កម្លាំងរ៉ាំរ៉ៃផងដែរ។ សារធាតុប្រូបាយអូទិកក៏ដើរតួនាទីសំខាន់ក្នុងការធ្វើឱ្យសុខភាពពោះវៀនមានលក្ខណៈប្រសើរឡើងជាងមុន។
 
៣. គ្រាប់ល្ពៅ
 
គ្រាប់ល្ពៅមានផ្ទុកសម្បូរដោយប្រូតេអ៊ីនគុណភាពខ្ពស់, អាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏ដូចជាវីតាមីន B1, វីតាមីន B2, វីតាមីន B5, វីតាមីន B6, ទង់ដែង​, ជាតិដែក, ម៉ង់កាណែស, ផូស្វ័រ និងម៉ាញ៉េស្យូមដែលមានអត្ថប្រយោជន៍ណាស់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ, បង្កើនកម្រិតនៃថាមពល និងបំបាត់រោគសញ្ញានៃការអស់កម្លាំង។ គ្រាប់ល្ពៅក៏ជាប្រភពនៃសារធាតុ tryptophan ដែលជួយព្យាបាលអាការៈអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងធ្វើឱ្យងាយលក់ស្រួលជាងមុនទៀតផង។
 
៤. តៃបៃតង
 
មានផ្ទុកសម្បូរដោយសារធាតុ polyphenols ដែលជួយទប់ស្កាត់អាការៈអស់កម្លាំងនិងកាត់បន្ថយស្ត្រេស ព្រមទាំងភាពអស់កម្លាំងទាក់ទងនឹងការងារ។ សមាសធាតុនៃតែបៃតងក៏ជួយពន្លឿនការដុតរំលាយអាហារ និងជួយទប់ស្កាត់ផលវិបាកទាក់ទងជាមួយបញ្ហាអស់កម្លាំងរយៈពេលយូរផងដែរ។
 
៥. ផ្លែចេក
 
មានផ្ទុកជាតិរ៉ែប៉ូតាស្យូមខ្ពស់ដែលរាងកាយត្រូវការសម្រាប់បំលែងជាតិស្ករទៅជាថាមពល។ សារធាតុចិញ្ចឹមចាំបាច់ដទៃទៀតដែលមានផ្ទុកក្នុងផ្លែចេករួមបញ្ចូលទាំងវីតាមីន B, វីតាមីន C, អាស៊ីតខ្លាញ់អូមេហ្កា ៣, កាបូអ៊ីដ្រាត និងជាតិសសៃដែលល្អណាស់សម្រាប់ព្យាបាលរោគសញ្ញាពាក់ព័ន្ធបញ្ហាអស់កម្លាំងរួមបញ្ចូលទាំងភាពហត់នឿយ និងការខ្សោះជាតិទឹក។ ជាតិស្ករក្នុងផ្លែចេកក៏ជួយជម្រុញនូវថាមពលរាងកាយភ្លាមៗពេញមួយថ្ងៃផងដែរ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com