ជាតិ
សុខភាព
អ្នកជំនាញ៖ ទារក-កុមារបៅម្សៅទឹកដោះគោ ងាយប្រឈមជំងឺស្លេកស្លាំង ខួរក្បាល រលាកក្រពះ
25, Dec 2021 , 11:59 am        
រូបភាព
លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល
លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល
ភ្នំពេញ៖ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ មានក្តីបារម្ភយ៉ាងខ្លាំងចំពោះទារក-កុមារ ដែលបៅម្សៅទឹកដោះគោ ឬទឹកដោះគោម្សៅផលិតតាមរូបមន្ត ខណៈមានទារក-កុមារ មិនតិចជាង៣០នាក់ មានជំងឺធ្ងន់ធ្ងរពីការបៅម្សៅទឹកដោះគោ។ ​អ្នកជំនាញ បានអះអាងថា ការបំបៅកូនដោយម្សៅទឹកដោះគោ គឺងាយបង្កនូវជំងឺនានានៅក្នុងរយៈពេលខ្លី និងវែង។ ដូចជា ជំងឺរលាកផ្លូវដង្ហើម, ជំងឺធាត់, ​ទឹកនោមផ្អែម, ជំងឺស្លេកស្លាំង និងបញ្ហាខួរក្បាល ជាដើម។

 
ការបំបៅកូនដោយម្សៅទឹកដោះគោ មិនត្រឹមតែ​ធ្វើឱ្យខ្វះបង់សេដ្ឋកិច្ចក្នុងគ្រួសារនោះទេ តែធ្វើឱ្យកូនៗងាយប្រឈមនឹងកើតជំងឺរលាកស្រោមខួរ និងស្លេកស្លាំង។ នេះជាការលើកឡើងរបស់លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល​ ដោយបានបញ្ជាក់ថា មានទារក-កុមារយ៉ាងហោចណាស់៣០នាក់នៅកម្ពុជា មានជំងឺធ្ងន់ធ្ងរលើបញ្ហខួរក្បាល និងការអភិវឌ្ឍរាងកាយ ពីការប្រើប្រាស់ម្សៅទឹកដោះគោនូទ្រីលេត ខណៈទារក-កុមារផ្សេងៗទៀត កំពុងរងគ្រោះពីការប្រើប្រាស់ផលិតផលម្សៅទឹកដោះគោនានានៅលើទីផ្សារ។ 
 
បើតាម លោកស្រី ស្វាយ សារី  ការបំបៅកូនដោយម្សៅទឹកដោះគោ គឺងាយប្រឈមហានិភ័យជំងឺផ្សេងៗលើសទ្វេដង បើធៀបនឹងការបំបៅកូនដោយទឹកដោះម្តាយ​។ អ្នកជំនាញមកពីក្រសួងសុខាភិបាលរូបនេះ បានរៀបរាប់នៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពី អាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារ កាលពីថ្ងៃទី២២ធ្នូ ឆ្នាំ២០២១ ដូច្នេះ៖« ការបំបៅទារកដោយម្សៅទឹកដោះគោ  អាចបង្កនូវជំងឺរលាកផ្លូវដង្ហើម រលាកត្រចៀក រលាកក្រពះ-ពោះវៀន រលាកស្រោមខួរ ដោយយើងឃើញមានហានិភ័យខ្ពស់ជាងការឱ្យកូនបៅដោះម្តាយពី៣-៤ដង។ ដោយឡែក ការឆ្លងបាក់តេរីដែលបណ្តាលឱ្យកូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺមានហានិភ័យរហូតដល់១០ដង បើយើងធៀប​នឹងទារកដែលបៅដោះម្តាយ»។ 
 
លោកស្រី ស្វាយ សារី បានអះអាងថា ទារក-កុមារ ដែលបៅម្សៅទឹកដោះគោ គឺគ្មានសារជាតិចិញ្ចឹមជួយបឹតស្រូបក្នុងខ្លួនទេ ដែលខុសពីការទារកបៅដោះម្តាយ គឺមានសារជាតិចិញ្ចឹមបឹតស្រូបបានពេញលេញ។   លើលពីនេះទៅទៀត ការបំបៅកូនដោយម្សៅទឹកដោះគោ​ ក៏អាចជួបហានិភ័យនូវរោគមហារីកកូនកណ្តុរពីក្មេង និងជំងឺធាត់ជ្រុល ផងដែរ។ 
 
ថ្វីដ្បិត ម្សៅទឹកដោះគោឬផលិតផលជំនួសទឹកដោះម្តាយ ត្រូវបានបញ្ជូលនឹងសារធាតុចិញ្ចឹម ដូចជា៖ ម្សៅវីតាមីន ម្សៅជាតិដែក និងសារធាតុចិញ្ចឹមសម្បូរបែបផ្សេងៗដើម្បីឱ្យស្រដៀងដូចទឹកដោះម្តាយ​ក៏ពិតមែន ប៉ុន្តែនៅតែមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចទឹកដោះម្តាយឡើយ។​ លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(កបប)  បានបង្ហាញថា ក្នុងចំណោមជាង២០០សារធាតុ ដែលត្រូវបានរកឃើញក្នុងទឹកដោះមនុស្ស មានតែប្រហែល៣០ប៉ុណ្ណោះ ដែលអាចផលិតដោយសិប្បនិម្មិត សម្រាប់ផលិតផ្សំតាមរូបមន្តក្នុងការផលិតជាម្សៅទឹកដោះគោសម្រាប់ទារក-កុមារ។ 


លោក ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ
 
បើតាមលោក ឌឹម ថេង កាលឆ្នាំ២០២០ កបប រកឃើញម្សៅទឹកដោះគោសម្រាប់ទារក-កុមារ ម៉ាកនូទ្រីលេត (Nutrilatt)  មានខ្វះនូវមីក្រូសារជាតិដែក និងស័ង្កសីច្រើនលើសលុប ដែលបង្កឱ្យទារក-កុមារយ៉ាងតិច៣០នាក់ ត្រូវរងគ្រោះថ្នាក់ធ្ងន់ធ្ងរផ្នែកសុខភាព និងអាចប៉ះពាល់យូរអង្វែងដល់ការអភិវឌ្ឍផ្នែកខួរក្បាល ឬផ្នែកសតិបញ្ញាស្មារតី និងអាចប្រឈមហានិភ័យផ្សេងទៀត។ អ្នកជំនាញមកពីក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងថា បច្ចុប្បន្នផលិតផលម្សៅទឹកដោះគោនេះ ត្រូវបានផ្អាកចរាចរនៅលើទីផ្សារ  និងកំពុងស្ថិតក្នុងការដោះស្រាយនៅតុលាការ ក្រោមពាក្យបណ្តឹងពីម្តាយរបស់កូនដែលជាជនរងគ្រោះទាំងនោះ។ 
 
ជាមួយនឹងគ្នានេះ លោកស្រី ស្វាយ សារី បានអះអាងថា៖ «គ្មានផលិតផលអ្វី ចិញ្ចឹមទារក-កុមារ ល្អជាងទឹកដោះម្តាយឡើយ»។ បើតាមអ្នកស្រី ទឹកដោះម្តាយសម្បូរជីវជាតិនិងរ៉ែខនិជ ជីវជាតិ ABCD, ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ជាដើម។ ទឹកដោះម្តាយ មានជាតិទឹកបរិបូណ៌ដែលជាតម្រូវការចាំបាច់របស់កុមារជាប្រចាំ និងជាកងទ័ពការពាររាងកាយកុមារច្រើនអនេកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ៕

Tag:
 ម្សៅទឹកដោះគោ
  អាហារូបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com