ជាតិ
សង្គមជាតិ
មិនមែនលើកទី១ទេ កន្លងមក ក៏ប្រធានបក្សខ្មែរក្រោក ធ្លាប់រៀបគម្រោងប្លន់ដែរ តែបរាជ័យ
24, Dec 2021 , 9:20 pm        
រូបភាព
តាមពិត លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីលាម ហ្គ័ង (Willam Guang) មិនមែនទើបតែរៀបចំគម្រោងប្លន់លើកទី១នោះទេ ដោយកន្លងមក លោក ក៏ធ្លាប់រៀបចំគម្រោងប្លន់ដែរ គ្រាន់តែគម្រោងប្លន់លើកមុននោះ គឺមិនបានជោគជ័យ។ វីដេអូសារភាពរបស់លោក ត្រូវបានកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហោះជាសាធារណៈលើបណ្តាញសង្គម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។



ក្រៅពីប្លន់លើកហ្នឹង ធ្លាប់ប្លន់ប៉ុន្មានដងហើយ? ជាសំណួររបស់សមត្ថកិច្ច ដែលទទួលភារកិច្ចជាអ្នកសួរចម្លើយ បានសួរទៅលោក វីលាម ហ្គ័ង។ ឮសំណួរនេះហើយ លោក មិនទាន់ឆ្លើយតាមត្រង់ទេ ដោយបដិសេធថា «យើង អត់ដែលធ្វើសកម្មភាពទេ»។

ពេលលោក វីលាម ហ្គ័ង កុហក សមត្ថកិច្ច ក៏និយាយភ្លាមថា «អត់យ៉ាងម៉េច បើមានតម្រុយថា ធ្លាប់ធ្វើសកម្មភាពហើយ»។ ពេលសមត្ថកិច្ច និយាយជាមួយនឹងភាពច្បាស់លាស់បែបនេះ លោក ក៏លែងកុហក ហើយក៏ប្រាប់តាមត្រង់ថា «ធ្វើតែបរាជ័យ អាហ្នឹងអ្នកមានដែរ អាហ្នឹងអួតច្រើន នៅខេត្តកំពង់ស្ពឺ អត់បានសម្រេចទេ»។

បើតាមសំណេរលើទំព័រហ្វេសប៊ុករបស់កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក វីលាម ហ្គ័ង រៀបគម្រោងប្លន់លើកទី១ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះឯង។ 

បន្ទាប់ពីគម្រោងបរាជ័យលើកទី១បរាជ័យ លោក វីលាម ហ្គ័ង ក៏រៀបគម្រោងប្លន់លើកទី២។ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក និងកូនចៅ៤នាក់ទៀត បានអនុវត្តគម្រោងប្លន់លើកទី២នេះ ដោយសម្រុកចូលទៅប្លន់ដល់ក្នុងភូមិគ្រឹះរបស់អ្នកស្រីឧកញ្ញា អាន សៀវម៉ី ដែលជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី។ សកម្មភាពប្លន់ដល់ភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី ក្នុងរាជធានីភ្នំពេញ គឺលោក ជាអ្នករៀបចំ និងដឹកនាំដោយផ្ទាល់។

ពេលទៅដល់មុខភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី ឧក្រិដ្ឋជនម្នាក់ ក្នុងចំណោម៥នាក់ បានស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ច ជាមួយនឹងដីកាក្លែងក្លាយក្នុងដៃ ហើយប្រាប់ទៅសន្តិសុខ ដែលយាមនៅភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី ថាខ្លួន ចុះមកអនុវត្តដីកាលើអ្នកស្រី អ៊ាន សៀវម៉ី តាមការបង្គាប់របស់តុលាការ។

ពេលមានមនុស្សក្នុងភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី ចេញមករបងភូមិគ្រឹះ ដើម្បីពិនិត្យមើលដីកានោះ ក្រុមឧក្រិដ្ឋជន ក៏ចាប់ផ្តើមដកកាំភ្លើង និងធ្វើសកម្មភាពប្លន់តែម្តង។ ក្រុមឧក្រិដ្ឋជន បានប្លន់យកតែគ្រឿងអលង្ការ ដោយមិនបានប្លន់យកប្រាក់ឡើយ។

ផ្ទះ ដែលលោក វីលាម ហ្គ័ង រស់នៅក្នុងរាជធានីភ្នំពេញ មានលក្ខណៈប្រណិតខ្លាំង ដែលមើលទៅមិនចាញ់ភូមិគ្រឹះរបស់ពួកអ្នកមាន ឬពួកឧកញ៉ាៗប៉ុន្មានឡើយ។ ជាមួយគ្នានេះ តាមរយៈបណ្តាញសង្គម គេ តែងឃើញលោក តុបតែងខ្លួនបែបហ៊ឺហា និងមានរថយន្តទំនើបជិះផងដែរ។ ទាំងនេះ ជាមូលហេតុ ដែលអ្នកខ្លះ រួមទាំងសមត្ថកិច្ច ដែលសួរចម្លើយផង សឹងតែមិនជឿថា លោក ជាមេខ្លោង ដែលរៀបចំគម្រោងប្លន់។

«ការប្លន់នេះ ជាការព្រមានទៅកាន់អ្នកមាន កុំអួតពេកថ្ងៃក្រោយ អានេះពួកសម្ញែង»។ នេះជាសម្តីរបស់លោក វីលាម ហ្គ័ង ទៅកាន់សមត្ថកិច្ច ដែលសួរចម្លើយ។

យ៉ាងណាក៏ដោយ បើគេ បានស្តាប់ចម្លើយរបស់លោក គេ អាចនឹងគិតថា លោក ធ្វើសកម្មភាពប្លន់នេះ មិនមែនដោយសារចង់ព្រមានអ្នកមាន កុំឲ្យសម្ញែងទ្រព្យនោះទេ តែដោយសារលោក មានបញ្ហាលើលុយកាក់។

ជាប្រធានបក្សមួយទាំងមូល ធ្លាក់ខ្លួនទៅធ្វើចោរប្លន់ វា អត់សម! មើលទៅការតុបតែងខ្លួន មើលទៅការចាយវាយ ដូចជាសម្បើមដែរ តាមពិតអត់មានអីសោះ។ សមត្ថកិច្ច និយាយទាំងមិនទាំងគួរជឿ ទៅកាន់លោក វីលាម ហ្គ័ង ហើយលោក ក៏បង្ហាញធាតុពិតរបស់លោកថា «ផ្ទះជួលគេ ឡានបង់រំលោះ...។ មុខរបបផ្សេងៗ គ្មានចំណូលទេ ក្ស័យធនទាំងអស់ បុគ្គលិក អត់មានបាយស៊ីទេ»។

នៅយប់ម៉ោងជិត១១ ក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ដដែល កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលទៅដល់ផ្ទះជួលរបស់លោក វីលាម ហ្គ័ង ហើយបានចាប់លោក និងអ្នកពាក់ព័ន្ធមួយចំនួន។ មកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កងកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនលោក និងបក្សពួក ដែលបានចូលប្លន់ដល់ភូមិគ្រឹះរបស់អ្នកស្រី អ៊ាន សៀវម៉ី ទៅកាន់តុលាការភ្នំពេញ ដើម្បីចាត់ការបន្ត។

មុន៣-៤ខែនៃការបោះឆ្នោតជាតិនីតិកាលទី៦ ឆ្នាំ២០១៨ លោក វីលាម ហ្គ័ង បានបង្កើតគណបក្សខ្មែរក្រោកឡើង ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត តែគណបក្សរបស់លោក ពុំបានទទួលអាសនៈក្នុងរដ្ឋសភាឡើយ។ ក្រោយរដ្ឋាភិបាល បង្កើតស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តលយោបល់ គណបក្សខ្មែរក្រោករបស់លោក ក៏ចូលរួមធ្វើជាសមាជិក។ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក មានងារជាឯកឧត្តម និងមានឋានៈស្មើទេសរដ្ឋមន្រ្តី។

ប៉ុន្តែនៅខែឧសភា ឆ្នាំ២០២០ សម្តេច សាយ ឈុំ ដែលក្នុងអំឡុងពេលនោះ ទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់សមាជិកភាពរបស់លោក ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមិនបានបញ្ជាក់ពីមូលហេតុ៕

Tag:
 វីលាម ហ្គ័ង
  ប្លន់
© រក្សាសិទ្ធិដោយ thmeythmey.com