ជាតិ
សុខភាព
កម្ពុជា នឹងទទួលបានវ៉ាក់សាំង Pfizer ពីអូស្រ្តាលី ជាង១,៥លានដូសទៀត
27, Dec 2021 , 10:29 pm        
រូបភាព
លោក Andreas Zurbrugg ភារធាវីស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា(ឆ្វេង)  និងសម្តច ហ៊ុន សែន ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងPfizer នៅថ្ងៃទី២៦ធ្នូ
លោក Andreas Zurbrugg ភារធាវីស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា(ឆ្វេង) និងសម្តច ហ៊ុន សែន ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងPfizer នៅថ្ងៃទី២៦ធ្នូ
ភ្នំពេញ៖ កម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Pfizer ពីរដ្ឋាភិបាល អូស្រ្តាលី ជាង៧៨ម៉ឺនដូសហើយ  ខណៈវ៉ាក់សាំងជាង១,៥លានដុល្លារទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី២៨ធ្នូ។

 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន ៧៨៣ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលប្រទេសអូស្រ្តាលី បានដឹកមកដល់កម្ពុជា នៅថ្ងៃទី២៦ធ្នូ ឆ្នាំ២០២១។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅទទួលយកជំនួយវ៉ាក់សាំងនេះដោយផ្ទាល់។  ដោយឡែក វ៉ាក់សាំង Pfizer ចំនួន ១ ៥៦៧ ៥៣០ដូសទៀត នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី២៨ធ្នូ។  
 
លោក Andreas Zurbrugg ភារធាវីស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា បានថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង នៅអាកាសស្ថានភាពអន្តរជាតិភ្នំពេញថា អូស្ត្រាលី មានមោទកភាពក្នុងការគាំទ្រដល់កម្ពុជា ដោយបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTechc សរុប២,៣៥លានដូស។  ការបរិច្ចាគវ៉ាក់សាំងនេះ គឺជាលើកទីមួយហើយដែលវ៉ាក់សាំង Pfizer នឹងត្រូវបានប្រើប្រាស់ក្នុងចំនួនយ៉ាងបែបនៅកម្ពុជា។
 
សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់វ៉ាក់សាំងឱ្យកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេច  បន្តមានប្រសាសន៍ដូច្នេះ៖ «អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាពិសេសនៅពេលដែលកម្ពុជា កំពុងតែព្យាយាមសម្រប និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩នេះ»។
 
បើតាមសម្តេច ហ៊ុន សែន  ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះបាន។ 
 
គិតត្រឹមថ្ងៃទី២៦ធ្នូ ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ បានជាង១៤,២៤លាននាក់។ ក្នុងនោះ មានពលរដ្ឋដែលបានអាយុលើសពី១៨ឆ្នាំ មានជាង១០លាននាក់, ពលរដ្ឋពីអាយុ១២ដល់១៧ឆ្នាំ មានជាង១,៨លាននាក់, កុមារអាយុពី៦ឆ្នាំ ដល់១១ឆ្នាំ មានជិត១,៩លាននាក់ និងកុមារអាយុ៥ ជាង៣០ម៉ឺននាក់ ក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែរ៕ 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com