ជាតិ
សេដ្ឋកិច្ច
១០ខែ កម្ពុជានាំទំនិញទៅអាម៉េរិក ៦ពាន់លានដុល្លារ និងទៅចិន ជាង១ពាន់លានដុល្លារ
28, Dec 2021 , 7:59 pm        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ ១០ខែ ​ឆ្នាំ២០២១ កម្ពុជា នាំទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក បាន​ក្នុងទំហំទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារ ខណៈការនាំចេញទៅប្រទេសចិន មានទំហំទឹកប្រាក់ត្រឹម១ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២។

 
កម្ពុជា សម្រេចការនាំចេញទំនិញជាមួយនឹងប​ណ្តាប្រ​ទេស-តំបន់នៅក្នុងពិភពលោកបានសរុប ១៤ ២៨៦លានដុល្លារ នារយៈពេល១០ខែ ឆ្នាំ២០២១។ បើតាមរបាយការណ៍បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ប្រទេសដែលនាំទំនិញចូលពីកម្ពុជាច្រើនគេមាន៖ សហរដ្ឋអាម៉េរិកមានទំហំទឹកប្រាក់សរុប ៦ ០៧៥លានដុល្លារ​, ចិនមានតម្លៃ ​១ ២២២លានដុល្លារ និងជប៉ុនមានក្នុងតម្លៃ ៩២០លានដុល្លារ។ 
 
ផ្ទុយពីការនាំចេញ កម្ពុជាបាននាំទំនិញចូលពីអាម៉េរិកក្នុងទំហំទឹកប្រាក់ត្រឹមតែ ២៧៨លានដុល្លារ, នាំចូលពីជប៉ុន មានក្នុងតម្លៃ​៥២៩លានដុល្លារ និងពីចិនវិញ​ មានរហូតដល់  ៧ ៧៦០លានដុល្លារ។ 
 
កម្ពុជា សម្រេចនូវទំហំពាណិជ្ជកម្មបានសរុប ៣៧ ៣៤៦លានដុល្លារ ជាមួយនឹងប​ណ្តាប្រ​ទេស-តំបន់នៅក្នុងពិភពលោក នារយៈពេល១០ខែដើមឆ្នាំ២០២១។ ក្នុងចំណោមពាណិជ្ជកម្មនេះ ការនាំចូលរបស់កម្ពុជាមានតម្លៃរហូតដល់ ២៣ ០៦០លានដុល្លារ។ របាយការណ៍បូកសរុបការងារដដែលរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា តម្លៃទំនិញដែលកម្ពុជានាំចូលពីបរទេសនេះ គឺបានកើនក្នុងអត្រា៥៨ភាគរយ ខណៈការនាំចេញកើនបានត្រឹម២ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០៕ 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com