ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំខ្ជិលពេក! គ្រាន់តែលាងចាន និងធ្វើបែបនេះ ក៏ជួយឱ្យស្រកទម្ងន់ដែរ
31, Dec 2021 , 6:59 am        
រូបភាព
ចង់បង្កើនការដុតបំផ្លាញ​កាឡូរីស្រកទម្ងន់បានច្រើនជាងមុនដោយមិនបាច់ធ្វើលំហាត់ប្រាណមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបង្កើនការដុតបំផ្លាញកាឡូរី ៖

 
១. ងូតទឹកក្ដៅ
 
ការងូតទឹកក្ដៅ គឺជារបៀបដ៏ល្អបំផុតមួយដើម្បីទទួលបាននូវអារម្មណ៍ធូរស្បើយនិងបំបាត់ភាពស្ត្រេស។ អ្វីដែលពិសេសទៀតនោះ គឺការងូតទឹកក្ដៅអាចជួយសម្រកទម្ងន់បានផងដែរ។ នៅពេលអ្នកងូតទឹកក្ដៅរាងកាយត្រូវធ្វើការកាន់តែខ្លាំងដើម្បីរក្សាសីតុណ្ហភាពធម្មតារបស់ខ្លួនដែលជាលទ្ធផលដុតបំផ្លាញកាឡូរីកាន់តែច្រើន។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការងូតទឹកក្ដៅដល់ទៅមួយម៉ោងអាចដុតបំផ្លាញកាឡូរីដល់ទៅ ១៣០កាឡូរីដែលអាចជាវិធីសាស្ត្រល្អមួយសម្រាប់ការស្រកទម្ងន់។
 
២. ទទួលទានទឹកត្រជាក់
 
ការរក្សាឱ្យបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល ប៉ុន្តែការទទួលទានទឹកក៏អាចបង្កើនការដុតបំផ្លាញកាឡូរីផងដែរ ជាពិសេសទឹកត្រជាក់។ នៅពេលទទួលទានទឹកត្រជាក់, រាងកាយចាំបាច់ត្រូវបង្កើនសីតុណ្ហភាពខាងក្នុងបន្ថែមដែលជួយជម្រុញការដុតរំលាយអាហារ។
 
៣. បង្កើនការទទួលទានប្រូតេអ៊ីន
 
ប្រូតេអ៊ីនក៏ចាំបាច់ណាស់ដើម្បីគ្រប់គ្រងភាពឃ្លានរបស់អ្នកនិងជួយបំពេញសារធាតុចិញ្ចឹមបន្ថែមក្នុងរបបអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រូតេអ៊ីនក៏ជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ របបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់អាចបង្កើនការដុតបំផ្លាញកាឡូរីបានចន្លោះពី ៨០ ទៅ ១០០ កាឡូរីក្នុងមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារសម្បូរប្រូតេអ៊ីនទេនោះ អ្នកក៏មិនអាចស្រកទម្ងន់ ឬដុតបំផ្លាញខ្លាញ់ក្បាលពោះបានប្រសើរដូចចិត្តដែរ។
 
៤. ធ្វើកិច្ចការផ្ទះ
 
ការជូតសម្អាតក្នុងផ្ទះ និងសូម្បីតែលាងចានក៏អាចជួយបង្កើនការដុតបំផ្លាញកាឡូរីធ្វើឱ្យស្រកទម្ងន់បានផងដែរ។ ការចំនាយពេល ១ម៉ោងសម្អាតក្នុងផ្ទះ និងលាងចានអាចជួយរាងកាយឱ្យដុតបំផ្លាញកាឡូរីដល់ទៅ ១០០កាឡូរីឯណោះ។ រីឯការដុសម្អាតក្នុងបន្ទប់ទឹកសម្រាប់រយៈពេល ៣៥នាទីវិញអាចដុតបំផ្លាកាឡូរីបានច្រើនដូចនឹងការដើរ ៣៥នាទីដែរ។
 
៥. ទទួលទានតែបៃតង
 
តែបៃតងមានផ្ទុកសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមិនត្រឹមតែធ្វើឱ្យស្បែកមើលទៅកាន់តែក្មេងជាងវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រសិទ្ធភាពដុតបំផ្លាញកាឡូរីផងដែរ។ ជាតិកាហ្វេអ៊ីននិងសារធាតុ catechins ក្នុងតែបៃតងជួយជម្រុញដល់ការដុតរំលាយអាហារនិងជួយរាងកាយបំបែកជាតិខ្លាញ់បានកាន់តែងាយស្រួល។ ប៉ុន្តែត្រឹម ១ពែងក្នុងមួយថ្ងៃនឹងមិនអាចផ្ដល់អត្ថប្រយោជន៍នេះឡើយ, ការសិក្សាស្រាវជ្រាវបានបង្ហាញថាអ្នកចាំបាច់ត្រូវទទួលទានឱ្យបានពី ៣ ទៅ ៥ពែងក្នុងមួយថ្ងៃ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com