ជាតិ
សេដ្ឋកិច្ច
ព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ២០២១៖ ដំណក់ប្រេងដំបូង រោងចក្ររ៉ែមាស និង ASEM 13th
01, Jan 2022 , 11:59 am        
រូបភាព
 ទិដ្ឋភាពរួមនៃរាជធានីភ្នំពេញ
ទិដ្ឋភាពរួមនៃរាជធានីភ្នំពេញ
ភ្នំពេញ៖  ក្នុងឆ្នាំ២០២១ ដ្បិត កម្ពុជារងគ្រោះខ្លាំងពីការរាតត្បាតដោយជំងឺកូវីដ-១៩ ជាពិសេសការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប៉ុន្តែកម្ពុជានៅតែសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចធំៗមួយចំនួន ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ ព្រឹត្តិការណ៍សេដ្ឋកិច្ចដែលកើតឡើងនៅកម្ពុជាប្រចាំឆ្នាំនោះ មានការប្រកាសនូវដំណក់ប្រេងដំបូង, ឧស្សាហកម្មចម្រាញ់«រ៉ែមាស» និងកម្ពុជាធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13th)...ជាដើម។

 
ព្រឹត្តិការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំ២០២១រួមមាន៖ 
 
១. ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា
កាលពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានប្រកាសពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជានៅតំបន់ប្លុកAនៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុនKrisEnergy។ ដ្បិតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដែលបានកើតឡើងនៅចុងឆ្នាំ២០២០ក៏ពិតមែន ប៉ុន្តែពលរដ្ឋគ្រប់មជ្ឈដ្ឋានចង់ចាំរឿងនេះកាន់តែច្បាស់ពីប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥ ០០០បារ៉ែល ដែលក្រុមហ៊ុន KrisEnergyបូមបាន ត្រូវបានគេលួចដឹកចេញពីកម្ពុជា។ 
 
៧ខែនៃដំណើរការបូមប្រេងនៅកម្ពុជា ជាដំបូងដោយក្រុមហ៊ុន KrisEnergy នេះ   ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវជនដែលមានអាយុពី១២ដល់១៧ឆ្នាំ កាលពីថ្ងៃទី១ សីហា ឆ្នាំ២០២១  សម្តេច ហ៊ុន សែន បានប្រកាសនូវភាពបរាជ័យនៃដំណើរការបូមប្រេងជាលើកដំបូងនៅកម្ពុជា ដោយក្រុមហ៊ុន KrisEnergy។
«២៩ធ្នូ[ឆ្នាំ២០២០] ដែលយើងប្រកាសដំណក់ប្រេងលើកដំបូង ប្រហែលបរាជ័យហើយ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ដែលបានបន្តរៀបរាប់ដូច្នេះ៖«[យើង]គ្រោងថា ក្នុងមួយថ្ងៃបូមប្រេងបាន៥,៧០០បារ៉ែល [តែ]ទីចុងបំផុតមួយថ្ងៃបានតែ១,០០០បារ៉ែល។ ឥឡូវក្រុមហ៊ុនហ្នឹងក្ស័យធន ហើយវាបូកថែមទាំងអាកប៉ាល់ដែលយើងបូម[ប្រេង]ដាក់ហ្នឹង វារត់ចេញទៅបាត់ទៅ ដោយយើងទប់មិនទាន់ វាចូលដល់ដីថៃ រួចហើយគេមានមេធាវីរបស់គេ[…]។  ឥឡូវ វាយកទាំងប្រេងទៅបាត់អស់រលីង! បាត់អស់អាប្រេងហ្នឹង»។ 
 
នាវាដែលលួចដឹកប្រេងឆៅរបស់កម្ពុជានោះ គឺឈ្មោះ MT Strovolos   ដែលក្រុមហ៊ុន KrisEnergy ជួលពីក្រុមហ៊ុនWorld Tankers Management មានមូលដ្ឋាននៅប្រទេសសិង្ហបុរី សម្រាប់ប្រតិកម្មនៃឧស្សាហកម្មបូមប្រេងនៅកម្ពុជា។ នាវឹក MT Strovolos នេះ បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីដែនសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ សីហា អាជ្ញាធរប្រទេសឥណ្ឌូណេស៊ីផ្តល់ដំណឹងឱ្យកម្ពុជា ថា ខ្លួនចាប់បាននាវាដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងប្រធានក្រុមនាវាដែលជាជនជាតិបង់ក្លាដែសនិងសមាជិកនាវិកចំនួន១៨នាក់ផ្សេងទៀត។ 
 
បច្ចុប្បន្ន កម្ពុជាកំពុងប្តឹង World Tankers Management ដែលជាក្រុមហ៊ុនគ្រប់គ្រងនាវា MT Strovolos ទៅកាន់អាជ្ញាធរប្រទេសឥណ្ឌូណេស៊ី ដើម្បីទាមទារយកប្រេងឆៅរបស់ខ្លួន ជិត៣០ម៉ឺនប៉ារ៉ែលនោះ មកវិញ។ 
 
២. ឧស្សាហកម្មចម្រាញ់រ៉ែមាសលើកដំបូងរបស់កម្ពុជា
ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានបើកដំណើរការនៅថ្ងៃទី២១ មិថុនា ឆ្នាំ២០២១។ ដំណើរការនៃរោងចក្រចម្រាញ់រ៉ែមាសនេះ គឺអនុវត្តដោយក្រុមហ៊ុន  រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោយចំណាយពេលរុករកធនធានធម្មជាតិនេះ អស់១៤ឆ្នាំមក។ អាជីវកម្មនេះ ត្រូវបានវិនិយោគឡើងក្នុងទំហំទឹកប្រាក់១២០លានដុល្លារអាម៉េរិក។
 
គិតត្រឹមខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុននេះ ចម្រាញ់រ៉ែមាសពីតំបន់អូខ្វោវ បានជាង ៧០០គីឡូក្រាម ឬស្មើនឹង ៦០ដុំ។ ក្នុងនោះ នាំចេញ បាន៥៥៥គីឡូ ដើម្បីបន្សុទ្ធទៅជាមាស៩៩,៩៩ភាគរយ នៅប្រទេសអូស្រ្តាលី។  សម្តេច ហ៊ុន សែន រំពឹងថា ការផលិតមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វោវ ស្រុកកែវសីមា ដោយក្រុមហ៊ុនRenaissance Mineralsនេះ  នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ។  ក្នុងចំណោមចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ សម្តេច ហ៊ុន សែន បានបន្តអះអាងថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
 
៣. កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13th)
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13th) ដែលមានសម្តេច ហ៊ុន សែន ជាប្រធាន។ កម្មវិធីនេះ បានប្រព្រឹត្តិឡើងនៅថ្ងៃទី២៥និង២៦វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធVideo Conference ដែលមានថ្នាក់ដឹកនាំចំនួន៥៣ប្រទេស-ស្ថាប័ន មកពីតំបន់អាស៊ី និងអឺរ៉ុប ចូលរួម។ 
 
ថ្វីត្បិតកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តិតាមប្រព័ន្ធអនឡាញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែអាចទាញយកអត្ថប្រយោជន៍ធំៗមួយចំនួន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលASEMទី១៣។  តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលASEMទី១៣នេះ  កម្ពុជាបានបង្ហាញពីភាពចាស់ទុំនៃនយោបាយការទូតរបស់ខ្លួន និងទទួលបានឱកាសលើកកម្ពស់មុខមាត់ប្រទេសជាតិ ទៅលើឆាកអន្តរជាតិ។ លើសពីនេះ គឺកម្ពុជាទទួលបានឱកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេស ដែលជាដៃគូ ASEM ទាំងអស់។ 
 
សម្រាប់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលមកពីប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលASEMនេះ បានបង្ហាញទៅពិភពលោកថា កម្ពុជា មានស្ថេរភាពនយោបាយមួយយ៉ាងពេញលេញ ដែលកំពុងដើរលើវិថីមួយយ៉ាងធំធេង ក្នុងការអភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រជុំកំពូលនេះ ក៏បានក្លាយជាឱកាសយ៉ាងធំមួយទៀតសម្រាប់កម្ពុជា ក្នុងការបង្ហាញពីអរិយធម៌ និងផ្សព្វផ្សាយវប្បធម៌ រួមទាំងការទាក់ទាញអ្នកវិនិយោគ  អ្នកទេសចរ មកកម្ពុជាបានកើនឡើងច្រើន សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។
 
សូមជម្រាបថា ASEM នេះ បានតំណាងឱ្យប្រមាណ៦៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយនៃប្រជាជន, ៥៥ភាគរយនៃពាណិជ្ជកម្ម និង៧៥ភាគរយ នៃទេសចរណ៍ពិភពលោក។
 
៤. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(CCFTA)
កម្ពុជា-ចិន បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កាលពីថ្ងៃទី១១តុលា ឆ្នាំ២០២០។ ជាងមួយឆ្នាំក្រោយចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន(CCFTA) នឹងប្រកាសចូលជាធរមាន នៅថ្ងៃទី១មករា ឆ្នាំ២០២២។  បន្ទាប់ពីការចូលជាធរមាននេះ កម្ពុជារំពឹងថាការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ២៥ភាគរយ។  ក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បានអះអាងថា ទំនិញកម្ពុជាជាង៣០០មុខ អាចនាំទៅចិនដោយមិនគិតពន្ធនៅពេលដែលCCFTA ចូលជាធរមាន។
 
៥. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ(CKFTA)
កម្ពុជា-សាធារណរដ្ឋកូរ៉េ បានការចុះហត្ថលេខាជាផ្លូវការរួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កាលពីថ្ងៃទី២៦តុលា ឆ្នាំ២០២១។ ក្រោយចុះហត្ថលេខានេះហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-រ៉េ(CKFTA) នឹងគ្រោងចូលជាធរមាននៅពាក់កណ្តាលឆ្នាំ២០២២។
 
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ កម្ពុជារំពឹងថានឹងជួយជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ជាពិសេស កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិច កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។
 
៦. ទីផ្សារមៀនប៉ៃលិន និងត្រីប្រារបស់កម្ពុជា
ក្នុងឆ្នាំ២០២១នេះ ដំណាំមៀនប៉ៃលិន(តាង៉ែន) និងត្រីប្រា របស់កសិករបានជួបបញ្ហាទីផ្សារខ្លាំង ដោយតែវិបត្តិនៃជំងឺកូវីដ-១៩ ដោយមៀនទុំចោលនៅពេញចម្ការ ខណៈត្រីប្រានៅច្រាលពេញស្រះ។  ប៉ុន្តែក្រោយមានការអន្តាគមន៍ពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ទាំងមៀនប៉ៃលិន និងត្រីប្រា នឹងអាចនាំចូលប្រទេសចិនបាន នៅឆ្នាំ២០២២ដែលជាទីផ្សារធំនៅក្នុងពិភពលោក។ 
 
៧. ពហុកីឡដ្ឋានជាតិ«មរតកតេជោ» តម្លៃប្រមាណ១៥០លានដុល្លារ 
ពហុកីឡដ្ឋានជាតិ«មរតកតេជោ» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១។ ពហុកីឡដ្ឋានជាតិ ដែលតម្លៃប្រមាណ១៥០លានដុល្លារ គឺជាជំនួយឥតសំណងដែលកម្ពុជាទទួលបានពីសាធារណរដ្ឋប្រជាមានិតចិន។ 
 
ពហុកីឡដ្ឋានជាតិដែលស្ថិតនៅលើផ្ទៃដីទំហំជាង១៦ហិកតា ក្នុងសង្កាត់ព្រែកតាសេកនៃខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនេះ  មានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ដោយនៅក្នុងនោះ មានអាងហែលទឹកកម្រិតអន្តរជាតិ និង សាលសម្រាប់ប្រកួតកីឡា។ សម្រាប់អាងហែលទឹកចែកចេញជាបី គឺអាងហែលទឹកកម្តៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និង អាងលោតទឹក។ ចំពោះអគារប្រកួតកីឡា គឺមានកន្លែងសម្រាប់ប្រកួតកីឡាបែបប្រយុទ្ធ និងកីឡាផ្សេងៗទៀត ដូចជា៖ បាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះនិងប្រភេទកីឡានានាជាដើម...។
 
ពហុកីឡដ្ឋានជាតិមរតកតេជោ អាចទទួលអ្នកទស្សនាបាន៦,៥ម៉ឺននាក់ ព្រមទាំងបំពាក់ប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហាជាយថាហេតុ។ សមិទ្ធផលដ៏ធំប្រចាំឆ្នាំនេះ  នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ កម្ពុជាក្នុងការរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
 

© រក្សាសិទ្ធិដោយ thmeythmey.com