ជាតិ
សង្គមជាតិ
អ្នកស្រី ទ្រី ដាណា រងបណ្តឹងពីបទប្រមាថជនជាតិដើមភាគតិចព្នង
03, Jan 2022 , 3:34 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក អ្នកស្រី ទ្រី ដាណា
រូបពីទំព័រហ្វេសប៊ុក អ្នកស្រី ទ្រី ដាណា
តំណាង៨រូបរបស់ជនជាតិដើមភាគតិចព្នង បានសរសេរបណ្តឹងរួមគ្នាទៅកាន់ប្រធានតុលាការខេត្តមណ្ឌលគិរី ដើម្បីសុំប្តឹង អ្នកស្រី ទ្រី ដាណា ជាម្ចាស់ហាងពេជ្រ និងជាអ្នកលក់ផលិតផលតាមអនឡាញ។ ការដាក់បណ្តឹងនេះ ដោយសំអាងថា អ្នកស្រី បានប្រមាថជាសាធារណៈលើជនជាតិដើមភាគតិចព្នង។



កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ទ្រី ដាណា បានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីនិយាយពីជម្លោះរវាងអ្នកស្រី និងស្វាមីរបស់អ្នកស្រី ដែលគេ ហៅជាទូទៅថា ពូម៉ៅ។ ពេលនោះ អ្នកស្រី បានជ្រុលមាត់មួយមាត់ ដោយប្រដូចស្វាមីរបស់អ្នកស្រី ថា ដូចព្នងចុងស្រុក។

អ្នកស្រី សំដៅទៅកាន់ស្វាមីរបស់អ្នកស្រីដូច្នេះថា៖«បើឆាតមក ឬមួយនិយាយមក ថា បង ដឹងកំហុសហើយ ដោយសារបងជឿបងប្អូន អ្នកផ្ទះបង ឬមួយមិត្តភក្តិបង បានបង បំផ្លាញគ្រួសារមួយនេះ។ នែ! និយាយអ៊ីចឹងមក ក្រែងលោ អញហ្នឹង រាងធូរចិត្តខ្លះ តែអានេះ ចេញមក យូកូមបាតផ្សារម៉ង ឈ្លើយម៉ង  ចេញមក ព្នងចុងស្រុកម៉ង»។

ពាក្យនេះហើយ ដែលជនជាតិដើមភាគតិចព្នង យកធ្វើជាអង្គហេតុ ក្នុងការប្តឹងអ្នកស្រី។ សម្រាប់ជនជនជាតិដើមភាគតិចព្នង ពាក្យនេះ គឺជាការប្រមាថមាក់ងាយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ជនជាតិដើមភាគតិចព្នង។

តាមរយៈពាក្យបណ្តឹង ដែលធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តំណាងជនជាតិដើមភាគតិចព្នង ទាមទារឲ្យអ្នកស្រី ទ្រី ដាណា សូមទោសដល់ជនជាតិដើមភាគតិចព្នងជាសាធារណៈ និងទាមទារឲ្យអ្នកស្រី បង់ប្រាក់២សែនដុល្លារ ទុកជាការសងជំងឺចិត្តដល់ជនជាតិដើមភាគតិចព្នង។

សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០១២ ធ្លាប់មានតំណាងរាស្រ្តម្នាក់ ទិះតៀនតំណាងរាស្រ្តម្នាក់ទៀត ថា មានចរិតព្រៃផ្សៃដូចព្នង។ ពាក្យនេះ បានធ្វើឲ្យជនជាតិដើមភាគតិចព្នង ប្រតិកម្មយ៉ាងខ្លាំងលើលោក។ យ៉ាងណា តំណាងរាស្រ្តរូបនោះ បានសូមទោសជនជាតិព្នង ចំពោះពាក្យពេចន៍មិនគប្បីរបស់ខ្លួន ហើយពុំបានរងចំណាត់ការពីតុលាការអ្វីឡើយ៕

អត្ថបទទាក់ទង



Tag:
 ទ្រី ដាណា
  ជនជាតិព្នង
© រក្សាសិទ្ធិដោយ thmeythmey.com