ជាតិ
សេដ្ឋកិច្ច
កូរ៉េ នឹងជួយសង់ស្ពាន ភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រ
03, Jan 2022 , 5:59 pm        
រូបភាព
លោក  ផាក ហ៊ឹងឃ្យុង  ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កំពុងថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែង១៤៨គីឡូម៉ែត្រ  នាព្រឹកថ្ងៃទី៣មករា។
លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កំពុងថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែង១៤៨គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣មករា។
ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានសម្រេចជួយសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា​-កូរ៉េនេះ ត្រូវបានលើកឡើងដោយ លោក  ផាក ហ៊ឹងឃ្យុង(Park Heung-Kyeong)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា​ នៅថ្ងៃទី៣មករា។

 
 
របាយការណ៍នៃសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គពីរាជធានីភ្នំពេញទៅ តំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចលើការកំណត់ទីតាំង និងទ្រង់ទ្រាយនៃការសាងសង់របស់ស្ពាន។ លោក ផាក ហ៊ឹងឃ្យុង បានថ្លែងដូច្នេះ នៅចំពោះមុខសម្តេច ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី៣មករា ឆ្នាំ២០២២។​
 
បើតាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជារូបនេះ ប្រជាជនកូរ៉េជាច្រើនមានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍ និងមានការចូលរួមពីរដ្ឋាភិបាលកម្ពុជា។ លោក ផាក ហ៊ឹងឃ្យុង បាននិយាយដូច្នេះ៖ «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍ នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញ ផងដែរ»។ 
 
ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន​។ នេះជាការលើកឡើងរបស់លោក ផាក ហ៊ឹងឃ្យុង ដោយបានបន្ថែមថា ៖ « ស្ពាននេះ នឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍នៅរាជធានី និងមានមុខងារជាក់ស្តែងជា Landmark [ទីតាំងសម្គាល់] សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្តពង្រឹងចំណងមិត្តភាព រវាងកូរ៉េនិងកម្ពុជា ផងដែរ»។
 
ក្រោយទទួលបានរបាយការណ៍សិក្សានៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េពីភាគីកូរ៉េ សម្តេច ហ៊ុន សែន សង្ឃឹមថា គម្រោងសាងសង់ស្ពាននេះ នឹងប្រែក្លាយតំបន់អរិយក្សត្រឱ្យទៅជាទីក្រុងរណប នាពេលខាងមុខ។ 
 
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅចុងឆ្នាំ២០២២។ ដោយឡែក​​ ពាក់ព័ន្ធនឹងទំហំថវិកាសម្រាប់គម្រោងសាងសង់ស្ពាននេះ លោក សុទ្ធាយុត្តិ ពុំទាន់អាចបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបានឡើយ ដោយនៅរង់ចាំការសម្រេចរួមជាផ្លូវការ រវាងភាគីកម្ពុជានិងកូរ៉េ៕ 

Tag:
 ស្ពាន
  តំបន់អរិយក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com