ជាតិ
៨ឆ្នាំនៃ ហេតុការណ៍តវ៉ាផ្លូវវេងស្រេង! សង្គមស៊ីវិលជិត៦០ ទទូចឲ្យរដ្ឋាភិបាលជួយរកយុត្តិធម៌
03, Jan 2022 , 11:29 pm        
រូបភាព
សាច់ញាតិជនរងគ្រោះធ្វើបុណ្យដល់អ្នកស្លាប់។ (រូបពីលីកាដូ)
សាច់ញាតិជនរងគ្រោះធ្វើបុណ្យដល់អ្នកស្លាប់។ (រូបពីលីកាដូ)
ភ្នំពេញ៖ សង្គមស៊ីវិលចំនួន៥៩ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយស្នើឲ្យរដ្ឋាភិបាលស៊ើបសួរ និងបង្ហាញលទ្ធផល លើកងកម្លាំងសមត្ថកិច្ច ដែលជាប់ពាក់នឹងករណីកើតហេតុនៅផ្លូវវេងស្រេង កាលពី២០១៤។ ៨ឆ្នាំមកនេះ សំណុំរឿងបង្ក្រាបកម្មករតវ៉ា ស្ថិតក្នុងភាពស្ងប់ស្ងាត់ ខណៈជនរងគ្រោះ រួមទាំងគ្រួសាររបស់ពួកគេពុំទាន់ទទួលបានយុត្តិធម៌។

 
 
ខួប៨ឆ្នាំ នៃករណីតវ៉ាផ្លូវវេងស្រេង សង្គមស៊ីវិលបានចេញសេចក្ដីថ្លែងការរួមមួយស្ដីពី «ការចងចាំនៅវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌» ដោយពួកគេបន្តស្នើឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវលើហេតុការណ៍ ដែលបានកើតឡើង។ 
 
សេចក្ដីថ្លែងការណ៍រួម ចេញថ្ងៃទី៣មករា ឆ្នាំ២០២២ ដោយសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និង អង្គការតម្លាភាពកម្ពុជា (TI)ជាដើម បានលើកឡើងថា ការបាញ់ប្រហាររបស់កម្លាំងសមត្ថកិច្ច ទៅលើកម្មករតវ៉ានៅផ្លូវវេងស្រេង បណ្ដាលឱ្យមានអ្នកស្លាប់៤នាក់ ហើយរងបួស និងបាត់ខ្លួន ៣៨នាក់ ដោយពុំទាន់ឃើញមាននរណាម្នាក់ទទួលខុសត្រូវ ចំពោះមុខច្បាប់នៅឡើយទេ។ ប៉ុន្តែ ក្នុងហេតុការណ៍នោះ កម្មករនិងអ្នកការពារសិទ្ធិមនុស្ស២៣នាក់ ត្រូវបានចាប់ខ្លួនទៅវិញ ហើយក៏ត្រូវជាប់ទោសពីបទហិង្សាដោយចេតនា បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចតនា បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថពាក់ព័ន្ធនឹងការតវ៉ានេះ។ 
 
ជាមួយគ្នានេះ ក្មេងប្រុសម្នាក់ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនដល់សព្វថ្ងៃ។ អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់សុផាត បានលើកឡើងថា បើទោះបីជា កូនខ្លួនត្រូវបានគេបាញ់ស្លាប់ក្នុងហេតុការណ៍នោះ ក៏គួរទុកសាកសពឲ្យធ្វើបុណ្យដែរ។ អ្នកស្រីពោលថា៖ «ខ្ញុំធ្វើបុណ្យឲ្យកូនរាល់ឆ្នាំនៅស្រុក ដោយមិនមានសាកសព មិនដឹងកូនស្លាប់ឬនៅរស់»។  
 
កម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូប ពីការបាត់ខ្លួនដោយបង្ខំ។ ដូច្នេះកម្ពុជា ត្រូវមានកាតព្វកិច្ចស្វែងរកក្មេងប្រុសដែលបាត់ខ្លួននេះ ដើម្បីឲ្យគ្រួសាររបស់សុផាត ដឹងព័ត៌មានជុំវិញការបាត់ខ្លួន និងទទួលសំណងខូចខាតនិងយុត្តិធម៌។ នេះបើតាមការលើកឡើងរបស់ក្រុមសង្គមស៊ីវិល ដោយទទូចដល់រដ្ឋាភិបាលជួយរកយុត្តិធម៌ដល់ពួកគេ។ 
 
សង្គមស៊ីវិល បានបន្ថែមថា៖«ចាត់វិធានការជាបន្ទាន់ ក្នុងការស៊ើបសួរពីបាត់ខ្លួនរបស់សុផាត ដើម្បីឲ្យដឹងស្លាប់ឬរស់។ ត្រូវកំណត់អត្តសញ្ញាណនិងសាកសួរលើកងកម្លាំងសមត្ថកិច្ច និងទាហានទាំងអស់ដែលមាននៅក្នុងព្រឹត្តិការណ៍បង្ក្រាបការតវ៉ា។ បន្ទាប់មកចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ឲ្យទទួលខុសត្រូវ ពិសេសបាញ់ប្រហារលើកម្មករ។ ត្រូវបង្ហាញលទ្ធផលនៃការសង្កេតលើករណីទាំងនេះ ចាប់តាំងពីដើម រហូតដល់បច្ចុប្បន្ន»។ 
 
ជុំវិញការស្នើំសំណុំរឿងនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលឆ្លើយតបវិញថា ករណីដែលកើតឡើងនៅផ្លូវវេងស្រេង ជាបទល្មើសព្រហ្មទណ្ឌ​ដែលមិនទាន់បានបិទបញ្ចប់។ លោកប្រាប់ឲ្យអ្នកដែលដឹងពីហេតុការណ៍ ឬស្គាល់អ្នកពាក់ព័ន្ធដែលប្រព្រឹត្តបទល្មើស អាចរៀបចំសំណុំរឿងទៅតុលាការ ។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅល្ងាចថ្ងៃនេះថា៖ «បើជនណាដឹងពីករណីឬស្គាល់អ្នកបង្កហេតុច្បាស់ ដាក់ពាក្យរាយការណ៍ទៅតុលាការទៅ។ ព្រះរាជអាជ្ញានឹងបន្តនីតិវិធីហើយ»។ ជាមួយគ្នាដែរ លោកបន្ថែមថា ករណីកើតហេតុនាពេលនោះ ពុំមែនតែកងកម្លាំងនោះទេ ដែលប្រើប្រាស់អាវុធ គឺមានជនស៊ីវិលជាច្រើនទៀតប្រើប្រាស់អាវុធ។
 
 
សូមជម្រាបថា កាលពីថ្ងៃទី៣មករា ឆ្នាំ២០១៤ សមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលបានបាញ់ប្រហារនិងសម្លាប់ មនុស្សយ៉ាងតិច៤នាក់បានស្លាប់ និង៣៨នាក់រងរបួសក្នុងហេតុការណ៍បង្ក្រាបកូដកម្មនៅផ្លូវវេងស្រេង។ ការតវ៉ានោះ គឺទាមទារឲ្យប្រាក់ឈ្នួលអប្បរមាសមរម្យ។ អ្នកស្លាប់ក្នុងហេតុការណ៍នោះ មានលោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និង លោក ផេង កុសល។ រីឯ ក្មេង សុផាត ត្រូវបានគេប្រទះឃើញចុងក្រោយ គឺដេកផ្កាប់មុខក្នុងថ្លុកឈាម បន្ទាប់ពីរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើងចំទូ្រង។ ក្រោយពីការបាញ់ប្រហារចប់ អ្នកតវ៉ាបានទៅទីតាំងកើតហេតុ សុផាតក៏បាត់ពីកន្លែងកើតហេតុ។ នេះបើតាមរបាយការណ៍របស់ក្រុមសង្គមស៊ីវិល៕ 

Tag:
 តវ៉ា
  កម្មករ
  សិទ្ធិមនុស្ស
  ផ្លូវវេងស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com