ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លើកទី៣ ស្លៀកពាក់ឈុតអ្នកទោស និងដាក់ខ្នោះជើងខ្លួនឯង ដើរចូលតុលាការ
04, Jan 2022 , 11:43 am        
រូបភាព
រូបទី១ អ្នកនាង សេង ធារី តែងខ្លួនជាអ្នកទោស ចូលសវនាការនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ (រូបពីគណនីហ្វេសប៊ុក ជុំ ពុទ្ធី)។ រូបទី២ អ្នកនាង តែងខ្លួនជាបុរស ចូលសវនាការនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុក Ron Chanty រុន ចន្ធី)។ រូបទី៣ អ្នកនាង កោរសក់ និងតែងខ្លួនជាអប្សរា ចូលសវនាការនៅពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ (រូបដោយសហការី)។
រូបទី១ អ្នកនាង សេង ធារី តែងខ្លួនជាអ្នកទោស ចូលសវនាការនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ (រូបពីគណនីហ្វេសប៊ុក ជុំ ពុទ្ធី)។ រូបទី២ អ្នកនាង តែងខ្លួនជាបុរស ចូលសវនាការនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុក Ron Chanty រុន ចន្ធី)។ រូបទី៣ អ្នកនាង កោរសក់ និងតែងខ្លួនជាអប្សរា ចូលសវនាការនៅពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ (រូបដោយសហការី)។
លើកទី១ តែងខ្លួនជាអប្សរា លើកទី២ តែងខ្លួនជាបុរស លើកទី៣ តែងខ្លួនជាអ្នកទោស។ នេះជារបៀបតែងខ្លួនទាំង៣លើករបស់អ្នកនាង សេង ធារី សម្រាប់បង្ហាញវត្តមានក្នុងសវនាការ។



អ្នកនាង សេង ធារី អ្នកធ្វើការតាមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ បានបន្តទៅចូលរួមសវនាការនៃតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ។ ដូចលើកមុនៗដែរ អ្នកនាង មិនតុបតែងខ្លួនជាលក្ខណៈធម្មតានោះទេ តែអ្នកនាង នៅតែតុបតែងខ្លួនប្លែកដដែល។

សម្រាប់លើកនេះ អ្នកនាង បានស្លៀកពាក់ឈុតអ្នកទោសពណ៌ក្រហម ហើយថែមទាំងដាក់ខ្នោះជើងខ្លួនឯងទាំង២ថែមទៀត។ អ្នកនាង ក៏មិនពាក់ស្បែកជើងដែរ។ អ្នកនាង អះអាងថា ខ្នោះនោះ គឺសម្រាប់ដាក់អ្នកទោសក្នុងសម័យខ្មែរក្រហម។

នៅម៉ោងជិត៧ព្រឹក អ្នកនាង បានចាប់ផ្តើមធ្វើដំណើរដោយថ្មើរជើង ពីក្រុមហ៊ុនណាហ្កាវើលដ៍ ឆ្ពោះទៅតុលាការភ្នំពេញ តាមមហាវិថីព្រះសីហនុ។ ដើរបណ្តើរ អ្នកនាង ផ្សាយផ្ទាល់បណ្តើរលើគណនីហ្វេសប៊ុករបស់អ្នកនាង។

អ្នកនាង លើកឡើងថា អ្នកនាង ស្លៀកពាក់ឈុតអ្នកទោស ក៏ព្រោះតែអ្នកនាង គិតថា អ្នកនាង អាចនឹងត្រូវជាប់គុកពិតប្រាកដមែន។ អ្នកនាង និយាយក្នុងការផ្សាយផ្ទាល់យ៉ាងដូច្នេះថា៖«[ខ្ញុំ] ពាក់អាវអ្នកទោស ត្រៀមខ្លួនសម្រាប់ជាប់គុក ខ្ញុំ អាចជាប់គុក»។

អ្នកនាង ប្រាប់ថា ខ្នោះ ដែលអ្នកនាង ដាក់ជើងខ្លួនឯង គឺអ្នកនាង យកមកពីភូមិបឹងរៃ ក្នុងខេត្តស្វាយរៀង។ អ្នកនាង បន្តថា ខ្នោះនោះ គឺនៅសល់ពីសម័យខ្មែរក្រហមមក។ អ្នកនាង រម្លឹកថា កាលនៅជាកុមារី ក្នុងរបបខ្មែរក្រហម អ្នកនាង ក៏ធ្លាប់ជាប់គុកដែរ។

ពេលធ្វើដំណើរតាមមហាវិថីព្រះសីហនុ អ្នកនាង មានបំណងឈប់គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា មេសហជីពដ៏ល្បី១រូប នៅរូបសំណាក់លោក ដែលស្ថិតនៅខាងលិចវិមានឯករាជ្យ។ តែនៅពេលទៅដល់រូបសំណាក់ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ ដែលស្ថិតខាងកើតវិមានឯករាជ្យ អ្នកនាង ក៏ត្រូវអាជ្ញាធរ ឃាត់ខ្លួនសួរ ដោយសារការតុបតែងខ្លួនជាអ្នកទោស។

អាជ្ញាធរ និយាយទៅកាន់អ្នកនាង ថា៖«បើថាម៉េចៗ ខ្ញុំយកឡើងឡាន។ បើថាអ្នកទោស យកទៅកន្លែងអ្នកទោសវិញ»។ អ្នកនាង សួរត្រឡប់ទៅវិញថា៖«ខ្ញុំ ធ្វើអីខុស?»។ តែអាជ្ញាធរ ពុំបានបូរបាច់អ្វីច្រើនជាមួយអ្នកនាងឡើយ ហើយក៏ឃាត់អ្នកនាងអស់មួយសម្ទុះ។

ក្រោយអាជ្ញាធរ ដោះលែង អ្នកនាង ក៏បន្តដំណើរតាមម៉ូតូកង់៣ ដើម្បីឲ្យទាន់សវនាការនៅម៉ោង៨កន្លះ ហើយទីបំផុត អ្នកនាង ក៏បានទៅដល់តុលាការភ្នំពេញ និងដើរចូលសវនាការ។ មុនចូលសវនាការ អ្នកនាង ត្រូវអាជ្ញាធរ តម្រូវឲ្យដោះខ្នោះជើងចេញ។ នៅលើម៉ូតូកង់៣ អ្នកនាង និយាយក្នុងការផ្សាយផ្ទាល់ថា អាជ្ញាធរ ឃាត់អ្នកនាងអស់ជិត១ម៉ោង។


អ្នកនាង សេង ធារី ដោះខ្នោះចេញ មុនចូលសវនាការ (រូបពីគណនីហ្វេសប៊ុក ជុំ ពុទ្ធី)។

នៅមុខតុលាការភ្នំពេញ មានសកម្មជន និងប្រជាពលរដ្ឋមួយចំនួន បានប្រមូលផ្តុំគ្នា ដើម្បីលើកទឹកចិត្តអ្នកនាង។ ក្នុងចំណោមអ្នកទៅលើកទឹកចិត្តនោះ មានអ្នកខ្លះ ក៏ស្លៀកពាក់ឈុតអ្នកទោសពណ៌ក្រហម ដូចអ្នកនាងដែរ។


អ្នកស្រី សាត ផា (ពាក់ស្បែកជើង) ស្លៀកពាក់ឈុតអ្នកទោសដូចអ្នកនាង សេង ធារី ដែរ និងថតជាមួយគ្នានៅមុខតុលាការភ្នំពេញ (រូបពីគណនីហ្វេសប៊ុក អ្នកស្រី សាត ផា)។ អ្នកស្រី សាត ផា ដែលធ្លាប់ជាប់ពន្ធនាគារដោយសារការតវ៉ាផ្សេងៗ បានទៅតុលាការភ្នំពេញ ដើម្បីលើកទឹកចិត្តអ្នកនាង សេង ធារី។ 
 
ជាលើកទី៣ហើយ ដែលអ្នកនាង តែងខ្លួនប្លែកបែបនេះ សម្រាប់បង្ហាញខ្លួនក្នុងសវនាការ។ លើកទី២ អ្នកនាង តែងខ្លួនជាបុរស ដោយពាក់អាវធំពណ៌ខ្មៅខាងក្រៅ ជាមួយក្រវាត់ក។ លើកទី១ អ្នកនាង តែងខ្លួនជាអប្សរា។ ចូលសវនាការ៣លើក អ្នកនាង បង្កឲ្យមានភាពភ្ញាក់ផ្អើល និងធ្វើឲ្យប្លែកភ្លែកទាំង៣លើក។ អ្នកខ្លះ លើកទឹកចិត្តអ្នកនាង ហើយអ្នកខ្លះទៀត សើចចំអកអ្នកនាង ចំពោះការតែងខ្លួនប្លែកបែបនេះ។ 

តាមពិត អ្នកនាង ចូលសវនាការបាន៤លើកហើយ ដោយលើកដំបូងបង្អស់ អ្នកនាង តុបតែងខ្លួនជាលក្ខណៈធម្មតា។ សវនាការលើកដំបូង ធ្វើឡើងកាលពីចុងឆ្នាំ២០២០។ សវនាការទាំង៤លើកមកនេះ តុលាការ មិនទាន់សម្រេចសេចក្តីអ្វីលើអ្នកនាងឡើយ។ តុលាការ ប្រកាសថា សវនាការលើកទី៥លើអ្នកនាង នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាង យល់ថា តុលាការកម្ពុជា គឺជាតុលាការឆាកល្ខោននយោបាយ ដែលត្រូវបានរៀបចំឡើង ដើម្បីសម្តែងឈុតឆាកនយោបាយ ដូច្នេះ អ្នកនាង ក៏ត្រូវតុបតែងខ្លួនឲ្យប្លែកដែរ ដើម្បីចូលរួមសម្តែងជាមួយតុលាការ។ នេះជាហេតុផល ដែលអ្នកនាង លើកឡើងកន្លងមក។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកថា ជារឿងធម្មតា ដែលអ្នកនាង សេង ធារី ក្នុងនាមជាជនជាប់ចោទ បានចោទប្រកាន់តុលាការបែបនេះ ឬបែបនោះ។ ប៉ុន្តែ លោក បញ្ជាក់ថា  ដើម្បីការពារខ្លួនបាន និងដើម្បីដោះបន្ទុក អ្នកនាង ត្រូវបង្ហាញភស្តុតាងរឹងមាំ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងមក មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ បានបកស្រាយថា៖«កោរសក់ ឬមិនកោរសក់ ស្លៀកពាក់ខោអាវយ៉ាងម៉េច ជារឿងរបស់គាត់ តែជាគោលការណ៍ច្បាប់ វា មិនអាចមានឥទ្ធិពលអី ឬអាចការពារខ្លួនតាមច្បាប់នោះទេ»។

អ្នកនាង សេង ធារី ដែលបច្ចុប្បន្នមានវ័យ៥២ឆ្នាំ បានរៀនជំនាញច្បាប់នៅអាម៉េរិក និងមានសញ្ជាតិអាម៉េរិក។ អ្នកនាង ប្រាប់ថា អ្នកនាង ធ្វើការផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ 

អ្នកនាង គឺជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទ១៣៩នាក់ ដែលត្រូវចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ពួកគេទាំង១៣៩នាក់ រងបទចោទទាំង២នេះ ដោយសារតុលាការ រកឃើញថា ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកា។

ផែនការ៩វិច្ឆិកា គឺជាផែនការ ដែលលោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស ប្រកាសថា នឹងចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សម្រាប់រដ្ឋាភិបាល ផែនការ៩វិច្ឆិកា គឺជាផែនការ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដូច្នេះហើយ ទើបបានជាអ្នកដែលពាក់ព័ន្ធនឹងផែនការនេះ ក៏ត្រូវប្រឈមនឹងផ្លូវច្បាប់ដែរ៕

អត្ថបទទាក់ទង

Tag:
 សេង ធារី
© រក្សាសិទ្ធិដោយ thmeythmey.com