ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០២១​ ធនាគារជាតិ បញ្ចេញសាច់ប្រាក់ជាង៥០០លានដុល្លារ ទិញប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាលំនឹងអត្រាប្តូរប្រាក់
04, Jan 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា(NBC) បានបញ្ចេញសាច់ប្រាក់៥៥៤,២លានដុល្លារ ដើម្បីប្រមូលទិញប្រាក់រៀលពីទីផ្សារអត្រាប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀលនៅលើទីផ្សារ។ ធនាគារជាតិ បានបញ្ជាក់ថា ការធ្វើអន្តាគមន៍ស្រូបយកប្រាក់រៀលពីទីផ្សារនារយៈពេលមួយឆ្នាំមកនេះ  គឺបានរក្សាអត្រាប្តូរប្រាក់លើទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤ ០៩៩រៀល ក្នុងមួយដុល្លារអាម៉េរិក។

 
២ឆ្នាំនៃវិបត្តិកូវីដ-១៩មកនេះ កម្ពុជាបានបង្កើនចំណាយសាធារណៈច្រើន  គួបផ្សំនឹងការធ្លាក់ចុះនូវតម្រូវការប្រាក់រៀល បានដាក់សម្ពាធលើប្រាក់រៀលឱ្យធ្លាក់ថ្លៃ ​ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាមានកម្រិតដុល្លាររូបនីយកម្មខ្ពស់។ ក្នុងឆ្នាំ២០២១ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀលដែលរួមចំណែកការពារអំណាចទិញរបស់ពលរដ្ឋនោះ ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ចំនួន៥៥៤,២លានដុល្លារ ដើម្បីប្រមូលយករៀលពីទីផ្សារវិញតាមរយៈការប្រកាសដាក់ឱ្យថ្លៃជាបន្តបន្ទាប់ជាមួយ គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់។ នេះបើយោងតាមឯកសារស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច​និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២របស់ ធនាគារជាតិ។
 
ការអន្តាគមន៍សាច់ប្រាក់របស់ធនាគារជាតិនេះ បានធ្វើឱ្យអត្រាប្តូរប្រាក់នៅកម្ពុជារក្សាស្ថិរភាពបានក្នុងរង្វង់ ៤ ០៩៩រៀល សម្រាប់ប្រាក់មួយដុល្លារ។ បើតាមធនាគារជាតិ ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណសាច់ប្រាក់ក្នុងសេដ្ឋកិច្ចសមស្របនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប២,៩ភាគរយ។ ធនាគារជាតិ បានបញ្ជាក់ថា ៖«អតិផរណានៅឆ្នាំ២០២១  រួមចំណែកដោយការងើបឡើងវិញ នៃថ្លៃទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ទនៈ ខណៈថ្លៃម្ហូបអាហារនិងអតិផរណាស្នូលបានថយល្បឿនមកវិញ»។ 
 
កន្លងមកលោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​ បានលើកឡើងថា ការបញ្ចេញប្រាក់ដុល្លារដើម្បីទិញប្រាក់រៀលពីទីផ្សារមកវិញនេះ គឺដោយសារ​ភាពតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចអន្តជាតិ និងការកើតឡើងរលកថ្មីៗនៃជំងឺកូវីដ-១៩ បានបង្កឱ្យមានភាពរអាក់រអួលដល់សកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ដែលឥទ្ធិពលនេះបានបង្កើតជាសម្ពាធដល់ដំណើការ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។  
 
លោកស្រី បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ៖ «ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាននេះ និងជួយទ្រទ្រង់ដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច រដ្ឋាភិបាលនិងធនាគារកណ្តាល បានអនុវត្តនូវគោលនយោបាយគាំទ្រមួយចំនួនដើម្បីបន្តនិរន្តភាពសេដ្ឋកិច្ច និងសិ្ថរភាពប្រព័ន្ធហិរញ្ញវត្ថុ។ ជាក់ស្តែង ក្នុងគោលដៅចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស អត្រាប្តូរប្រាក់»៕ 
 

Tag:
 ហិរញ្ញវត្ថុ
  ធនាគារ
 ​ អត្រាប្តូរប្រាក់
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com