ជាតិ
សេដ្ឋកិច្ច
១០ខែ កម្ពុជានាំចូលរថយន្តមានតម្លៃជិត ១ ០០០លានដុល្លារ ដោយកើន ៨ភាគរយ
06, Jan 2022 , 6:59 pm        
រូបភាព
ទិដ្ឋភាពកកស្ទះចរាចរណ៍ នៅម្តុំស្ពានព្រះមុនីវង្សចាស់ កាលពីយប់ថ្ងៃទី៨មេសា ឆ្នាំ២០២១
ទិដ្ឋភាពកកស្ទះចរាចរណ៍ នៅម្តុំស្ពានព្រះមុនីវង្សចាស់ កាលពីយប់ថ្ងៃទី៨មេសា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជា​បាន​ចំណាយ​ប្រាក់​សរុប៩៧៧លានដុល្លារ​ ទៅលើ​ការ​នាំចូល​រថយន្ត​គ្រប់​ប្រភេទ នា​រយៈពេល១០ខែ ឆ្នាំ​២០២១។ ទំហំទឹកប្រាក់ដែលនាំចូលរថយន្តពីបរទេសនេះ គឺមានការកើនឡើង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា មានចំនួន ៩០១លានដុល្លារ កាលពីឆ្នាំ២០២០។

 
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២១ ​បានបញ្ជាក់ថា ទំ ហំទឹកប្រាក់ដែលកម្ពុជាចំណាយលើការនាំចូលរថយន្ត នារយៈពេល១០ខែមកនេះ គឺស្មើ៤ភាគរយនៃការនាំទំនិញចូលសរុប​ ២៣ ០៦០ លានដុល្លារ។​ 
 
បើតាម ស៊ុន ចាន់ថុល រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួនរថយន្តដែលបានចុះបញ្ជីប្រើប្រាស់នៅកម្ពុជានាបច្ចុប្បន្ន បានកើនដល់៩២ម៉ឺនគ្រឿង។  លោកបានលើកឡើងក្នុងពិធីសម្ពោធ​​ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី៦ធ្នូ ដូច្នេះ៖ « ​​ឆ្នាំ១៩៩៨ កម្ពុជាមានរថយន្តដែលចរាចរណ៍តាមដងផ្លូវនៅទូទាំងប្រទេសត្រឹមតែ៦,៥ម៉ឺនគ្រឿង ប៉ុន្តែ បច្ចុប្បន្នចំនួនរថយន្តនៅកម្ពុជា បានកើនរហូត៩២ម៉ឺនគ្រឿង»។
 
ចំពោះការនាំចូលរថយន្តនេះ រដ្ឋាភិបាល ក៏បានប្រាប់ឱ្យម្ចាស់យានយន្តបង់ពន្ធឱ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសវាងការផាកពិន័យធ្ងន់ធ្ងរ៕

Tag:
 គយ
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com