ជាតិ
វត្តមានទេសចរនៅខេត្តកំពង់ស្ពឺ បានកែប្រែជីវភាពប្រជាសហគមន៍ឱ្យកាន់តែប្រសើរឡើង
10, Jan 2022 , 8:29 am        
រូបភាព
ដោយ:
ភ្ញៀវទេសចរទៅកម្សាន្ត នៅខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២១ កើនឡើង ៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានភ្ញៀវទេសចរចំនួន ១៩៩ ២១៣នាក់ ។ វត្តមានភ្ញៀវទេសចរទាំងនេះបានផ្ដល់ឱកាសការងារថ្មីដល់ប្រជាជននៅក្នុងសហគមន៍ជាពិសេសតំបន់ភ្នំឱរ៉ាល់ និង ភ្នំខ្នងផ្សា ដែលធ្វើជីវភាពប្រជាជននៅទីនោះប្រសើរឡើងមួយកម្រិត ។


 
យោងតាមរបាយការណ៍បឋមពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរ ៣២៣ ៩១៣នាក់ ក្នុងនោះភ្ញៀវជាតិមាន ៣២១ ៣១១នាក់ និងភ្ញៀវអន្តរជាតិមាន ២ ៦០២នាក់ ។ ដ្បិតជំងឺកូវីដ-១៩ ប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា តែខេត្តកំពង់ស្ពឺនៅតែមានលំនឹងភ្ញៀវទេសចរ ព្រោះតំបន់ទេសចរណ៍ធម្មជាតិ ក្នុងខេត្តមួយនេះ បានចងចិត្តភ្ញៀវ ឱ្យទៅកម្សាន្តមិនចេះជិនណាយ។
 
តាមរយៈការដើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់ខេត្តកំពង់ស្ពឺបានផ្ដល់ចំណូលឱ្យប្រជាជនក្នុងខេត្តនេះ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់សារព័ត៌មានThmeyThemy25 កន្លងមកថា ប្រជាជននៅតាមតំបន់ធម្មជាតិ ឈប់ចូលព្រៃកាប់ឈើ និងងាកមកបម្រើសេវាកម្មទេសចរណ៍វិញ។ ប្រជាជនក្នុងខេត្តនេះមួយចំនួន ក៏បានសាងសង់ផ្ទះស្នាក់ និងកន្លែងកម្សាន្ត ដើម្បីបង្កើនចំណូលបន្ថែមទៀតផងដែរ។


លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
 
លោក វ៉ី សំណាង បន្តដូច្នេះថា៖ «  យើងនឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅកន្លែងផ្សេងឱ្យកាន់តែល្អប្រសើរ។ យើងនឹងបន្តណែនាំបងប្អូនសហគមន៍ ឱ្យគាត់ខិតខំយកចិត្តទុកដាក់លើអនាម័យ រក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ។ ជាពិសេសយើងនឹងរៀបចំឱ្យមានបន្ទប់ទឹកនៅតាមតំបន់ទេសចរណ៍» ។
 
ឆ្នាំ២០២១ ដែលជាបរិបទកូវីដ-១៩ ការដើរកម្សាន្តតាមសហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង ក្លាយជានិន្នាការកម្សាន្តថ្មីរបស់យុវជន។ ការណ៍នេះបានធ្វើឱ្យ ភ្នំឱរ៉ាល់ និង ភ្នំខ្នងផ្សា ក្នុងខេត្តកំពង់ស្ពឺទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរជាតិ។ រយៈពេល១ឆ្នាំកន្លងទៅនេះ ភ្នំឱរ៉ាល់ ទទួលបានភ្ញៀវទេសចរ ៤ ០៦២នាក់ ខណៈភ្នំខ្នងផ្សា ទទួលបានភ្ញៀវទេសចរ ៣០ ២១៨នាក់។ 
 
ការដើរកម្សាន្តរបស់ទេសចរ ទៅកាន់សហគមន៍ភ្នំឱរ៉ាល់ និងសហគមន៍តាំងបំពង់ មិនត្រឹមតែផ្ដល់ចំណូលដល់ប្រជាជននៅទីនោះ ថែមទាំងកែប្រែរបៀបរស់នៅរបស់ពួកគេផងដែរ។ លោក ឈឺន ឈីម ប្រធានមគ្គុទេសក៍ទេសចរណ៍ភ្នំឱរ៉ាល់ លើកឡើងថា ប្រជាជនក្នុងសហគមន៍របស់លោក ក្រៅពីធ្វើស្រែពួកគេ បានធ្វើជាអ្នកនាំភ្ញៀវឡើងភ្នំ ដោយមិនចូលព្រៃ កាប់ឈើ ឬ បរបាញ់សត្វនោះទេ ។ ការងារជាអ្នកនាំភ្ញៀវ បានធ្វើឱ្យជីវភាពរបស់ប្រជាជនក្នុងសហគមន៍ប្រសើរឡើងមួយកម្រិត។


 
ប្រធានមគ្គុទេសក៍ទេសចរណ៍រូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖« ជីវភាពប្រជាជនក្នុងសហគមន៍កែប្រែបានច្រើន។ យើងថែមទាំងមានថវិកាធ្វើស្ពានឆ្លងស្ទឹងមួយកន្លែងនិង ផ្លូវពីរកន្លែងជុំវិញភូមិហើយក៏បានជួយសម្រួលជីវភាពដល់សហគមន៍បានច្រើន។ ចំណែក កាប់ឈើបរបាញ់សត្វនឹងគឺថាមិនមានទេ បានថយចុះយ៉ាងខ្លាំង »។
 
មិនខុសពីប្រជាជនក្នុងសហគមន៍ភ្នំឱរ៉ាល់ ប្រជាជននៅសហគមន៍តាំងបំពង់ បានកែប្រែទាំងជីវភាព និងរបៀបរស់នៅរបស់ពួកគេ ក្រោយមានភ្ញៀវទេសចរទៅកម្សាន្ត។ បើតាមលោក រស់ សុខ ប្រធានស្ដីទីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ប្រជាជននៅតំបន់រលាក់កងជើង ក្បែរភ្នំខ្នងផ្សា បានកែប្រែរស់នៅរបស់ពួកគាត់តាមអ្នកនៅទីប្រជុំជន ឬទីក្រុងមួយចំនួន។ ប្រជាជននៅទីនោះពីមុន ក្រៅពីធ្វើស្រែពួកគេ រស់នៅពឹងលើអនុផលព្រៃឈើដូចជា បាញ់សត្វ កាប់ឈើ និង បេះបន្លែតាមព្រៃបរិភោគ។ 
 
« ប្រជាជននៅតំបន់រលាក់កងជើងឥឡូវ កែប្រែខ្លួនគាត់តាមអ្នកទីក្រុងដែរ។ គាត់មានអនាម័យជាងមុន ហើយបានបញ្ជូនកូនៗទៅសាលា។ កាលមុនគាត់បេះតែបន្លែក្បែផ្ទះ និងតាមព្រៃបរិភោគ តែឥឡូវគាត់បានចំណូលពីទេសចរ គាត់មានលុយទៅផ្សារទិញសាច់គោ និងបង្កងបរិភោគ។ ប្រជាជននៅទីនោះខ្លះ គាត់បានធ្វើផ្ទះស្នាក់ ហើយលក់ម្ហូបឱ្យទេសចរ»។ នេះជាការលើកឡើងរបស់លោក រស់ សុខ ដោយបន្តថា ភូមិតាំងបំពង់នឹងក្លាយជាភូមិទេសចរណ៍គំរូមួយក្នុងខេត្តកំពង់ស្ពឺនាពេលអនាគត។


 
វត្តមានភ្ញៀវទេសចរ ជាប្រភពចំណូលដល់ប្រជាជនមូលដ្ឋាន តែបញ្ហាសំរាមនៅតំបន់ទេសចរធម្មជាតិក៏នៅតែបន្តមាន។ ភ្ញៀវទេសចរខ្លះ យកចំណីអាហារទៅបរិភោគនៅលើភ្នំ តែមិនបានយកសំរាមចុះមកវិញនោះទេ។ ប្រជាសហគមន៍ ត្រូវមានតួនាទីមួយទៀត គឺប្រមូលសំរាមរបស់អ្នកទេសចរ យកមកចោលនៅខាងក្រោមវិញ។ 
 
បើតាមលោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាសំរាម  មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទិញសំរាមពីប្រជាសហគមន៍ ដែលបានយកចុះពីលើភ្នំ ហើយបន្តអប់រំផ្សព្វផ្សាយដល់ភ្ញៀវទេសចរ ពីបញ្ហាបរិស្ថាននេះ។
 
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក៏កំពុងសាងសង់បន្ទប់ទឹក នៅលើភ្នំខ្នងផ្សាបន្ថែមដែរ។ «នៅលើខ្នងផ្សា យើងកំពុងធ្វើបន្ទប់ទឹកឱ្យស្អាតត្រូវស្តង់ដារ។ តែយើងជួបបញ្ហាដឹកជញ្ជូន ពិបាកយកសម្ភារៈទៅលើភ្នំ។ យើងនឹងធ្វើបន្ទប់ទឹកច្រើនកន្លែង តាំងពីកន្លែងចតឡានដល់លើភ្នំ។ ឥឡូវយើងធ្វើបន្ទប់ទឹកនៅលើភ្នំរួចជិត១០បន្ទប់ហើយ ដែលមានទាំងបន្ទប់ខាងស្រី និងខាងប្រុស»។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ 
 
សូមជម្រាបផងដែរថា ក្រៅពីភ្នំឱរ៉ាល់ និងភ្នំខ្នងផ្សា ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនទៀតដូចជា ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ, មណ្ឌលកម្សាន្តគិរីរម្យ, សហគមន៍ទេសចរណ៍ធម្មជាតិចំបក់, សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ, រមណីយដ្ឋានអំពែភ្នំ, វីគិរីរម្យផាញរីសត ព្រមទាំងតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួនផងដែរ ៕




 

Tag:
 វ៉ី សំណាង
  ឈឺន ឈីម
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com