ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចិន និងឥណ្ឌា ៤ទៀត នឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា ក្នុងឆ្នាំ២០២២
11, Jan 2022 , 11:30 am        
រូបភាព
រូបតំណាង៖ ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ។ រូបថត៖ ក្រសួងរ៉ែ និងថាមពល។
រូបតំណាង៖ ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ។ រូបថត៖ ក្រសួងរ៉ែ និងថាមពល។
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគចំនួន៤ទៀត អាចនឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា នាអំឡុងឆ្នាំ២០២២។ នេះជាការសង្ឃឹមរបស់ លោក អ៊ឹង ឌីបូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ  ដោយបានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនទាំងនេះ  មានក្រុមហ៊ុន៣ មកពីចិន និង១ក្រុមហ៊ុនទៀតមកពីឥណ្ឌា។

 
លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា ក្រុមហ៊ុនចិនចំនួន៣​ នឹងធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅទឹកដីនៃខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនមកពីប្រទេសឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាសនេះ នៅក្នុងខេត្តរតនគិរី ​ផងដែរ។ លោក អ៊ឹង ឌីបូឡា បាននិយាយប្រាប់សារព័ត៌មានThmeyThmey នាព្រឹកថ្ងៃទី១១មករា ដូច្នេះ៖ «យើងសង្ឃឹមខ្ពស់ថា ក្រុមហ៊ុនទាំងនេះ នឹងអាច​ធ្វើអាជីវកម្មជាផ្លូវការ នៅក្នុងឆ្នាំ២០២២»។ 
 
បើតាមលោក អ៊ឹង ឌីបូឡា ការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនទាំងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា តាមរយៈរដ្ឋាភិបាលទទួលបានចំណូលពីសួយសារនិងពន្ធអាករផ្សេងៗ។ 
 
សូមរម្លឹកថា កាលពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១  រដ្ឋាភិបាល​បានប្រកាសបើកដំណើរការចម្រាញ់រ៉ែមាសលើកដំបូង នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុន Renaissance Minerals មកពីប្រទេសអូស្រា្តលី ដែលមានសមត្ថភាពអាចផលិតមាសសុទ្ធ បានប្រមាណ៣តោនក្នុងមួយឆ្នាំ។ លទ្ធភាពរបស់រោងចក្រចម្រាញ់រ៉ែមាសនេះ កម្ពុជារំពឹងថា នឹងទទួលបានថវិកាចូលជាតិ ពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕ 

អត្ថបទទាក់ទង

Tag:
 រ៉ែមាស
  លោក អ៊ឹង ឌីបូឡា
  ព្រះវិហារ
  ក្រចេះ
  មណ្ឌលគិរី
  រតនៈគិរី
© រក្សាសិទ្ធិដោយ thmeythmey.com