ជាតិ
សេដ្ឋកិច្ច
ជប៉ុន​​ ផ្តល់កម្ចីជិត២០០លានដុល្លារទៀត ដល់កម្ពុជា ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ-១៩
12, Jan 2022 , 10:06 am        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (ស្តាំ) ត្រៀមចុះហត្ថលេខាផ្តល់-ទទួលកម្ចីជិត២០០លានដុល្លារ ជាមួយលោក MIKAMI Masahiro អគ្គឯករាជទូតជប៉ុនប្រចាំកម្ពុជា ក្រោមវត្តមានសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២មករា។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (ស្តាំ) ត្រៀមចុះហត្ថលេខាផ្តល់-ទទួលកម្ចីជិត២០០លានដុល្លារ ជាមួយលោក MIKAMI Masahiro អគ្គឯករាជទូតជប៉ុនប្រចាំកម្ពុជា ក្រោមវត្តមានសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២មករា។
ភ្នំពេញ៖  រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់កម្ចីជិត២០០លានដុល្លារទៀតដល់កម្ពុជា សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ-១៩។ កម្ចីដែលជប៉ុនបន្តផ្តល់ឱ្យកម្ពុជានេះ គឺជាដំណាក់កាលទីពីរ ខណៈដំណាក់កាលទីមួយ កម្ពុជាទទួលបានចំនួន ២៣៧លានដុល្លារ។

 
 
កម្ពុជា ទទួលបានកម្ចីពីរដ្ឋាភិបាលជប៉ុនចំនួន២០០លានយ៉េនទៀត (ប្រមាណ១៨៥លានដុល្លារអាម៉េរិក) ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ក្នុងដំណាក់កាលទី២។  ទំហំកម្ចីនេះ ត្រូវបានចុះហត្ថលេខា ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ ជាមួយលោក MIKAMI Masahiro​ អគ្គឯករាជទូតជប៉ុនប្រចាំកម្ពុជា ក្រោមវត្តមានសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២មករា។
 
សម្រាប់កម្ចីដំណាក់កាលទីមួយ ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលជប៉ុន កាលពីឆ្នាំ២០២០ មានទំហំទឹកប្រាក់ ប្រមាណ២៣៧លានដុល្លារ។ កម្ចីទាំងដំណាក់ទីមួយនិងទីពីរដែលជប៉ុនផ្តល់ឱ្យកម្ពុជានេះ គឺប្រើសម្រាប់គាំទ្រដល់ការអនុវត្តគោលនយោបាយរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ដល់សុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច ដោយសារការរាតត្បាតពីជំងឺកូវីដ-១៩។ តាមរយៈកម្ចីនេះ កម្ពុជានឹងបន្តផ្តល់ជំនួយដល់ពលរដ្ឋមានជីវភាព ដែលស្ថិតក្រោមបន្ទាត់ភាពក្រីក្រ មនុស្សចាស់ជរា ស្ត្រី កុមារ និងជនជាតិដើមភាគតិច ជាដើម។
 
ក្រៅពីថវិកាកម្ចីខាងលើ  កម្ពុជាក៏ទទួលបានជំនួយឥតសំណង ជាវ៉ាក់សាំងបង្ការកូវីដ-១៩ រថយន្តសង្រ្គោះ ទូត្រជាក់ដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត ពីរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមទប់ស្កាត់នឹងជំងឺកូវីដ-១៩ ផងដែរ។ 
 
រយៈពេលជាង២ឆ្នាំមកនេះ​ កម្ពុជាបានចាយប្រាក់សន្សំអស់ប្រមាណ ២ ៣០០លានដុល្លារអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន នាពេលកន្លងមក៕ 

Tag:
 កម្ចី
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com