អន្តរជាតិ
Human Rights Watch រិះគន់លោក Biden និងមេដឹកនាំផ្សេងទៀតថា ទន់ខ្សោយក្នុងការការពារលទ្ធិប្រជាធិបតេយ្យ
15, Jan 2022 , 8:29 am        
រូបភាព
ដោយ: VOA
អង្គការសិទ្ធិមនុស្ស Human Rights Watch កាលពី​ថ្ងៃព្រហស្បតិ៍កន្លងមក​នេះ បានរិះគន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំប្រទេសលោកខាងលិចផ្សេងទៀតចំពោះភាពទន់ខ្សោយក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងចំពោះការខកខានមិនបានដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលមានរួមទាំងវិបត្តិអាកាសធាតុ ការរាតត្បាតនៃជំងឺកូវីដ១៩ ភាពក្រីក្រ វិសមភាព និងភាពអយុត្តិធម៌ខាងជាតិសាសន៍។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
ផ្ទុយពីអ្វីដែលនាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights Watch លោក Kenneth Roth បានពណ៌នាថា ជាការអោបក្រសោបការគ្រប់គ្រងបែបផ្តាច់ការនិយមរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកប្រធានាធិបតី Biden បានចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១ ដោយបានសន្យាថា នឹងផ្តោតទៅលើបញ្ហាសិទ្ធិមនុស្សនៅក្នុងគោលនយោបាយការបរទេសរបស់លោក។
 
«ក៏ប៉ុន្តែ លោកប្រធានាធិបតី បានបន្តលក់អាវុធឲ្យប្រទេសអេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម និងអ៊ីស្រាអែល ថ្វីបើមានការបង្ក្រាបរបស់ប្រទេសទាំងនោះក៏ដោយ»។ នេះ ជាសម្តីរបស់លោក Roth នៅក្នុងរបាយការណ៍ពិភពលោកប្រចាំឆ្នាំរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
 
លោក Roth បានសរសេរដោយបានលើកយកឈ្មោះប្រធានាធិបតីបារាំងលោក Emmanuel Macron និងអតីតអធិការបតីអាល្លឺម៉ង់អ្នកស្រី Angel Merkel ថា «ពួកមេដឹកនាំប្រទេសលោកខាងលិចផ្សេងទៀត បានបង្ហាញនូវភាពទន់ខ្សោយប្រហាក់ប្រហែលគ្នានៅក្នុងការការពារលទ្ធិប្រជាធិបតេយ្យ»។
 
លោក Roth ក៏បាននិយាយដែរថា ក្នុងអំឡុងពេលនៃជំនួបកំពូលសំខាន់ៗ លោកប្រធានាធិបតី Biden «ហាក់ដូចជាបាត់សំឡេងរបស់លោកនៅពេលនិយាយពីការរិះគន់ជាសាធារណៈអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ»។
 
លោក Roth បានសរសេរទៀតថា «ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសប្រឆាំងម្តងម្កាលអំពីការគាបសង្កត់នៅក្នុងប្រទេសមួយចំនួន ហើយក្នុងករណីខ្លះ រដ្ឋបាលលោក Biden បានដាក់ទណ្ឌកម្មលើមន្ត្រីដែលទទួលខុសត្រូវខ្លះ ក៏ប៉ុន្តែ ជារឿយៗគ្មានសំឡេងដែលមានឥទ្ធិពលរបស់លោកប្រធានាធិបតីទេ»។
 
ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានការពារចំណាត់ការរបស់រដ្ឋបាលលោក Biden ដោយនិយាយថា ពួកអ្នកការទូតតែងតែបានលើកឡើងពីការព្រួយបារម្ភអំពីរឿងសិទ្ធិមនុស្សជាមួយបណ្តាមេដឹកនាំបរទេស ដែលរួមមានទាំងការសន្ទនាដ៏ពិបាកជាមួយគូសត្រូវដែលរួមមានប្រទេសចិន និងរុស្ស៊ីផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com