ជាតិ
សេដ្ឋកិច្ច
កម្ពុជា បង់ពន្ធជិត៥០លានដុល្លារ លើការនាំចេញអង្ករទៅអឺរ៉ុប នាពេលជាប់ទណ្ឌកម្ម ៣ឆ្នាំនេះ
14, Jan 2022 , 7:59 pm        
រូបភាព
 រូបតំណាង៖ អង្ករក្រអូបរបស់កម្ពុជា ដែលត្រូវបានដាក់តាំងពិព័រណ៌នៅបរទេសបរទេស នាពេលកន្លងមក។ រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា​
រូបតំណាង៖ អង្ករក្រអូបរបស់កម្ពុជា ដែលត្រូវបានដាក់តាំងពិព័រណ៌នៅបរទេសបរទេស នាពេលកន្លងមក។ រូបពីសហព័ន្ធស្រូវអង្ករកម្ពុជា​
ភ្នំពេញ៖ រយៈពេលបីឆ្នាំហើយ ដែលសភាពាណិជ្ជកម្មសហភាពអឺរ៉ុប បានយកពន្ធលើអង្ករគ្រប់ប្រភេទ ដែលកម្ពុជានាំចូលទៅទីផ្សារប្រទេសអឺរ៉ុប។ បីឆ្នាំមកនេះ កម្ពុជាបានបង់ពន្ធអស់ជិត៥០លានដុល្លារម៉េរិក ក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារធំលំដាប់ទីពីរមួយនេះ  ប៉ុន្តែការបង់ពន្ធនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២០មករា ឆ្នាំ២០២២។​

 
សភាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប សម្រេចការគិតពន្ធលើការនាំចូលអង្ករកម្ពុជា រយៈពេលបីឆ្នាំជាប់គ្នា ដោយគិតចាប់ពីថ្ងៃទី២០មករា ឆ្នាំ២០១៩មក។ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានបញ្ជាក់ថា រយៈពេលបីឆ្នាំនេះ កម្ពុជាបានបង់ពន្ធលើការនាំ​ចេញអង្ករ អស់ជិត៥០លានដុល្លារ ទៅកាន់សហភាពអឺរ៉ុប។
 
ដើម្បីជ្រាបច្បាស់សូមលោក-អ្នកស្តាប់សំឡេងរបស់លោក សុង សារ៉ន ដូចតទៅ៖ 
 



ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey នាថ្ងៃទី១៣មករា លោក​ សុង សារ៉ន បាននិយាយដូច្នេះ៖​« ភាគច្រើនអង្ករដែលយើងនាំទៅ[ទីផ្សារអឺរ៉ុប]គឺជាប្រភេទអង្ករប្រអូប ដែលយើងត្រូវតែនាំចេញ ដ្បិតថាជាប់ពន្ធក៏ត្រូវតែទៅដែរ»។ 
 
រយៈពេល៣ឆ្នាំចុងឆ្នាំនេះ ទោះបីកម្ពុជានៅតែមានលទ្ធភាពក្នុងការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបក៏ពិតមែន ប៉ុន្តែការនាំចេញនោះ គឺមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយសាររបាំងពន្ធគយ។ បើតាមលោក សុង សារ៉ន មុនឆ្នាំ២០១៩​ ​កម្ពុជាបានកាប់ទីផ្សារអង្ករនៅអឺរ៉ុបបានរហូតដល់ជាង៥០ភាគរយនៃទីផ្សារសរុប ប៉ុន្តែទំហំនៃការនាំចេញនេះត្រូវបានធា្លក់ជាបន្តបន្ទាប់ ដោយសល់នៅត្រឹមតែជាង២០ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២១។ 


 លោក សុង សារ៉ន ​ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា
 
ឆ្នាំ២០២១ កម្ពុជា នាំចេញអង្ករបានជាង៦០ម៉ឺនតោន ដែលមានតម្លៃប្រមាណ៥០០លានដុល្លារអាម៉េរិក។ ក្នុងចំណោមអង្ករដែលត្រូវបាននាំចេញនេះ មានជិត១៤ម៉ឺនតោនប៉ុណ្ណោះ ដែលបាននាំចូលទីផ្សារអឺរ៉ុប។ សម្រាប់ឆ្នាំ២០២២ ជាឆ្នាំដំបូងកម្ពុជារួចផុតពីរបាំងពន្ធគយក្នុងការនាំចេញអង្ករទៅទីផ្សារអឺរ៉ុប លោក សុង សារ៉ន បានអះអាងថា សហព័ន្ធស្រូវ អង្ករកម្ពុជា  នឹងព្យាយាមធ្វើយ៉ាងណាដើម្បីនាំចេញអង្ករទៅទីផ្សារអឺរ៉ុប ឱ្យបានជិត២០ម៉ឺនតោន។ ប៉ុន្តែលោកបានបញ្ជាក់ដូច្នេះ៖ «ទំហំនៃការនាំចេញនេះ គឺវាអាស្រ័យទៅលើការដឹកជញ្ជូន ដោយសារការដឹកជញ្ជូននៅតែជាកត្តាមួយដែលរងឥទ្ធិពលអវិជ្ជមាន ទៅដល់ការនាំចេញរបស់យើង ដែលធ្វើឱ្យយើងមិនអាចនាំចេញបាននៅក្នុងឆ្នាំ២០២១កន្លងមកនេះ»។ 
 
សូមរម្លឹកថា សភាពាណិជ្ជកម្មនៃសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា ជាផ្លូវការចាប់ពីថ្ងៃទី២០មករា ឆ្នាំ២០១៩ ក្នុងអត្រាជិត២០០ដុល្លារអាមេរិក សម្រាប់អង្ករមួយតោន។ អត្រាពន្ធនេះ បានធ្លាក់មកនៅត្រឹមជាង១៧០ដុល្លារ សម្រាប់អង្ករមួយតោន នៅក្នុងឆ្នាំ២០២០ និងជាង១៤១ដុល្លារក្នុងអង្ករមួយតោន នៅឆ្នាំ២០២១៕ 

Tag:
 អង្ករ
  លោក សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com