អន្តរជាតិ
​អាម៉េរិក​សន្យា​បង្កើន​ការធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩ ដើម្បី​ឲ្យ​សាលារៀន​នៅ​បើក​ដំណើរការ
14, Jan 2022 , 11:29 pm        
រូបភាព
ដោយ: VOA
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធកន្លងមក​ថា ខ្លួននឹងបង្កើនការធ្វើតេស្តរកជំងឺកូវីដ១៩ នៅតាមសាលារៀននានា ដើម្បីឲ្យសិស្សអាចនៅបន្តរៀនក្នុងថ្នាក់ដោយផ្ទាល់បានតទៅទៀត ស្របពេលដែលសន្ទុះកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ គំរាមប៉ះពាល់ដល់ការសិក្សារបស់ពួកគេដែលអាចឲ្យការសិក្សាត្រូវប្តូរទៅធ្វើនៅតាមអនឡាញវិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។



នៅពេលនេះ សាលារៀនប្រហែល ៤% នៅក្នុងសហរដ្ឋអាមេរិក បានបិទទ្វារជាថ្មីម្ដងទៀត ដោយសារតែវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) កំពុងឆ្លងរាលដាលនៅទូទាំងប្រទេស ដែលបានឆ្លងដល់សិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំ និងបានបង្ខំឲ្យសហជីពគ្រូបង្រៀនចាត់វិធានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីបង្ការការឆ្លង។
 
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានផ្ដល់អាទិភាពលើការបន្តអនុញ្ញាតឲ្យសិស្សរៀនដោយផ្ទាល់នៅតាមសាលារៀននៅក្នុងអំឡុងពេលនៃការកើនឡើងខ្លាំងនៃការឆ្លងជំងឺកូវីដ១៩ នៅពេលបច្ចុប្បន្ននេះ។
 
លោក Biden បានសន្យាឲ្យមានការបន្ថែមការធ្វើតេស្តចំនួន ១០ លានទៀត ក្នុងមួយខែទាក់ទិននឹងជំងឺកូវីដ១៩ សម្រាប់សាលារៀននានានៅក្នុងសហរដ្ឋអាមេរិក។
 
សេតវិមានបានបញ្ជាក់ថា៖ «ការធ្វើតេស្តបន្ថែមនេះ នឹងជួយឲ្យសាលារៀនមានសុវត្ថិភាព និងអាចបន្តដំណើរការបង្រៀនបាន»។
 
សេតវិមានបានបន្ថែមថា៖ «យើងដឹងអំពីរបៀបដើម្បីធ្វើឲ្យសិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំ មានសុវត្ថិភាពនៅក្នុងសាលារៀន តាមរយៈការចាក់វ៉ាក់សាំងកូវីដ១៩ និងដូសជំរុញ ការអនុវត្តការពាក់ម៉ាសជាទូទៅនៅក្នុងសាលារៀន ការរក្សាគម្លាតពីគ្នា ការធ្វើឲ្យមានចរន្តខ្យល់ចេញចូលល្អ និងការអនុវត្តការធ្វើតេស្តរកជំងឺកូវីដ១៩»៕

© រក្សាសិទ្ធិដោយ thmeythmey.com