អន្តរជាតិ
ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅភាគពាយព្យស៊ីរីក្បែរព្រំដែនតួកគី
15, Jan 2022 , 2:51 pm        
រូបភាព
យុទ្ធជន​ស៊ីរី ឈរ​យាម​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ដែល​មាន​មនុស្​សជាច្រើន​​ក្នុង​ទីក្រុង al-Bab ដែល​គ្រប់គ្រង​ដោយ​តួកគី​ក្នុង​ខេត្ត Aleppo ភាគ​ខាងជើង​ប្រទេស​ស៊ីរី ជាប់​ព្រំដែន​នឹង​ប្រទេស​តួកគី កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
យុទ្ធជន​ស៊ីរី ឈរ​យាម​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ដែល​មាន​មនុស្​សជាច្រើន​​ក្នុង​ទីក្រុង al-Bab ដែល​គ្រប់គ្រង​ដោយ​តួកគី​ក្នុង​ខេត្ត Aleppo ភាគ​ខាងជើង​ប្រទេស​ស៊ីរី ជាប់​ព្រំដែន​នឹង​ប្រទេស​តួកគី កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
ដោយ: VOA
សាក្សីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការផ្ទុះជាបន្តបន្ទាប់រួមមានការបំផ្ទុះគ្រាប់បែកអត្តឃាតពីរនៅភាគពាយព្យប្រទេសស៊ីរីក្បែរព្រំដែន ប្រទេសតួកគី នៅក្នុងការវាយប្រហារលើកដំបូងក្នុងឆ្នាំនេះ។ នេះ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។



បុគ្គលិកសង្គ្រោះម្នាក់បាននិយាយថា ជនស៊ីវិលម្នាក់បានស្លាប់ បន្ទាប់ពីជាតិផ្ទុះច្នៃបានផ្ទុះក្នុងរថយន្តនៅជិតការិយាល័យដឹកជញ្ជូនក្នុងទីក្រុង Azaz ជិតច្រកព្រំដែនសំខាន់ជាមួយប្រទេសតួកគី។

ប៉ូលិសបាននិយាយថា ប៉ុន្មានម៉ោងក្រោយមក គ្រាប់បែកអត្តឃាតនៅក្នុងផ្សារក្នុងទីប្រជុំជន al Bab បានធ្វើឱ្យមនុស្សបីនាក់រងរបួស ហើយអ្នកបំផ្ទុះគ្រាប់បែក បានស្លាប់។ ប៉ុន្មាននាទីក្រោយមក គ្រាប់ បែកអត្តឃាតមួយទៀត ផ្ទុះនៅរង្វង់មូលមួយក្នុងទីក្រុង Afrin គឺជាតំបន់មានជនជាតិឃឺដភាគច្រើន ហើយជាកន្លែងដែលកងកម្លាំងតួកគី និងសម្ព័ន្ធមិត្តស៊ីរីដណ្តើមបាន ពីកងជីវពលឃឺដក្នុងឆ្នាំ២០១៨។

ទីប្រជុំជនសំខាន់ៗនៅតំបន់ព្រំដែនភាគពាយព្យ ដែលគ្រប់គ្រងដោយពួកឧទ្ទាមអារ៉ាប់ស៊ីរី គាំទ្រដោយប្រទេសតួកគី បានរងការវាយប្រហារជាញឹកញាប់ដោយគ្រាប់បែក ដែលបានបំផ្ទុះនៅក្នុងតំបន់ ដែលមានជនស៊ីវិលកកកុញ។

ប្រទេសតួកគីនិងក្រុមឧទ្ទាមសម្ព័ន្ធមិត្តរបស់ប្រទេសតួកគីបាននិយាយថា ការបំផ្ទុះនេះ មានគោលបំណងរារាំងការគ្រប់គ្រងដែលមានប្រជាជនស៊ីរីជាង ៣លាននាក់ ដែលបានភៀសខ្លួនចេញពីតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរយៈពេលមួយទសវត្សរ៍នៅប្រទេសនេះ។

ក្រុមឧទ្ទាមអារ៉ាប់ដែលគាំទ្រដោយប្រទេសតួកគីនៅ ទីក្រុង Azaz និងផ្នែកផ្សេងទៀត បានស្តីបន្ទោសការបំផ្ទុះគ្រាប់បែកពីមុនទៅលើកងជីវពលឃឺដដែលគ្រប់គ្រងតំបន់មួយចំនួននៅភាគពាយព្យ និងកាន់កាប់តំបន់នានានៃភាគឦសានប្រទេសស៊ីរី។

ផ្ទុយទៅវិញ កងជីវពលឃឺដបានចោទថា ប្រទេសតួកគី សម្លាប់ជនស៊ីវិលនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ក្នុងអំឡុងសង្រ្គាមដែលរដ្ឋាភិបាលក្រុងអង់ការ៉ាបង្កនៅលើទឹកដី ដែលកាន់កាប់ដោយកងជីវពលឃឺដនៅភាគខាងជើងប្រទេសស៊ីរី។ ប្រទេសតួកគីចាត់ទុកថា កងជីវពលឃឺដ ជាផ្នែកមួយនៃគណបក្សពលករឃឺដ ដែលរដ្ឋាភិបាលតួកគីចាត់ទុកថា ជាក្រុមភេរវករ ហើយបានធ្វើការលុកលុយចូលប្រទេសស៊ីរីដើម្បីគាំទ្រពួកឧទ្ទាមស៊ីរី។

រដ្ឋាភិបាលទីក្រុងអង់ការ៉ា រក្សាវត្តមានយោធាដ៏ធំនៅក្នុងតំបន់នេះ ដោយដាក់ពង្រាយទាហានរាប់ពាន់នាក់នៅតំបន់ចុងក្រោយរបស់ក្រុមឧទ្ទាម៕



© រក្សាសិទ្ធិដោយ thmeythmey.com