អន្តរជាតិ
អាម៉េរិក ស្នើដាក់ទណ្ឌកម្មរបស់ UN បន្ថែមលើកូរ៉េខាងជើង ក្រោយការសាកល្បងកាំជ្រួចមីស៊ីល
15, Jan 2022 , 11:29 pm        
រូបភាព
ដោយ: VOA
សហរដ្ឋអាម៉េរិកកំពុងស្នើឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិបន្ថែម ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដែលជាផ្នែកមួយនៃការខិតខំកាន់តែខ្លាំងឡើងដើម្បីបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង បន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីល កាលពីពេលថ្មីៗបំផុតនះ។

 
សហរដ្ឋអាម៉េរិកកាលពីថ្ងៃពុធ បានពង្រឹងការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ដោយបានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង៥នាក់ដែលខ្លួនចោទថា មានការទទួលខុសត្រូវចំពោះការផ្តល់ទំនិញសម្រាប់កម្មវិធីអាវុធរបស់កូរ៉េខាងជើង។
 
ក្រៅពីវិធានការទាំងនោះ សហរដ្ឋអាមេរិកចង់ឲ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មឲ្យកាន់តែខ្លាំងឡើង។ នេះ បើតាមសារតាម Twitter របស់អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
 
អ្នកស្រី មិនបានផ្តល់សេចក្តីលម្អិតបន្ថែមទេ។
 
មិនទាន់មានប្រតិកម្មភ្លាមៗពីប្រទេសចិន និងរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៅឡើយទេ។ ក្រុមប្រឹក្សានេះ ចាំបាច់ទទួលការយល់ព្រមពីសមាជិកទាំង២នេះ សម្រាប់ការដាក់ទណ្ឌកម្មណាមួយ។ កាលពីពេលថ្មីៗនេះ ប្រទេសទាំង២ បានអំពាវនាវឲ្យមានការបន្ធូរទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជាជាងបង្កើន។
 
កូរ៉េខាងជើង បានត្រូវរារាំងមិនឲ្យធ្វើសកម្មភាពសេដ្ឋកិច្ចផ្សេងៗនៅក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាបន្តបន្ទាប់។ ចិន និងរុស្ស៊ី បានយល់ស្របចំពោះការដាក់ទណ្ឌកម្មទាំងនោះជាច្រើន បន្ទាប់ពីការសាលល្បងអាវុធនុយក្លែអ៊ែ និងកាំជ្រួចមីស៊ីលដែលបាញ់បានឆ្ងាយកាលពីឆ្នាំ២០១៧។
 
តាំងពីនោះមក កូរ៉េខាងជើង មិនបានធ្វើការសាកល្បងអាវុធនុយក្លែអ៊ែរ ឬបាញ់បង្ហោះកាំជ្រួចមីស៊ីលបាល់លីស្ទិកអន្តរទ្វីបទេ។ ប៉ុន្តែ នៅឆ្នាំ២០១៩ កូរ៉េខាងជើង បានចាប់ផ្តើមបាញ់បង្ហោះអាវុធដែលបាញ់ចម្ងាយជិតឡើងវិញ។ តាំងពីនោះមក កូរ៉េខាងជើង បានបញ្ចេញប្រព័ន្ធថ្មីមួយចំនួន រួមទាំងប្រព័ន្ធដែលរចនាឡើងដើម្បីគេចជៀសពីប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ។
 
ក្រុមមន្ត្រីសហរដ្ឋអាម៉េរិកបានថ្កោលទោសការបាញ់បង្ហោះទាំងនោះ ដោយបានលើកឡើងថា កូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពបាញ់កាំជ្រួចមីស៊ីលបាល់លីស្ទិក ក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលមានស្រាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com