អន្តរជាតិ
ស្រីលង្កា បដិសេធថវិកាសង្គ្រោះរបស់អង្គការ IMF និងងាកទៅស្វែងរកកម្ចីជាថ្មីពីចិន
15, Jan 2022 , 5:03 pm        
រូបភាព
រធាន​ធនាគារ​កណ្ដាល​របស់​ប្រទេស​ស្រីលង្កា​លោក Ajith Nivard Cabraal ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច Thomson Reuters នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២
រធាន​ធនាគារ​កណ្ដាល​របស់​ប្រទេស​ស្រីលង្កា​លោក Ajith Nivard Cabraal ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច Thomson Reuters នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២
ដោយ: VOA
ទីក្រុងកូឡុំបូ- ប្រទេសស្រីលង្កា បានបដិសេធមិនទទួលយកថវិកាសង្គ្រោះរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ និងបានបញ្ជាក់ថា ខ្លួនមានបំណងស្វែងរកកម្ចីថ្មីមួយទៀតពី ប្រទេសចិន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចផ្អែកលើទេសចរណ៍របស់ខ្លួន ដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។



ទីភ្នាក់ងារវាយតម្លៃអន្តរជាតិនានាបានព្រមានថា ប្រទេសស្រីលង្កា អាចនឹងមិនមានលទ្ធភាពសងបំណុលបរទេសដែលមានតម្លៃប្រមាណ ៣៥ ពាន់លានដុល្លារអាមេរិក ស្របពេលដែលប្រទេសនេះ ប្រឹងប្រែងទប់ទល់នឹងស្ថានការណ៍លំបាកនៃថវិកាបម្រុងទុករបស់ខ្លួន និងទំហំដ៏ធំនៃឱនភាពថវិកា។

ប៉ុន្តែប្រធានធនាគារកណ្ដាលរបស់ប្រទេសស្រីលង្កាលោក Ajith Nivard Cabraal បានច្រានចោលការអំពាវនាវរបស់សេដ្ឋវិទូក្នុងប្រទេស និងអន្តរជាតិដែលចង់ឲ្យស្រីលង្កាស្វែងរកថវិកាសង្គ្រោះរបស់អង្គការ IMF និងស្វែងរកការកែប្រែលក្ខខណ្ឌបំណុលឡើងវិញ។

លោក Cabraal បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានីកូឡំុបូ ប្រទេសស្រីលង្កាថា៖ «អង្គការ IMF មិនមែនជាដំបងទិព្វនោះទេ។ នៅក្នុងស្ថានភាពបែបនេះ ជម្រើសផ្សេងពីនេះ គឺប្រសើរជាងការពឹងពាក់លើអង្គការ IMF»។

លោកបានបន្ថែមថា ការពិភាក្សាជាមួយប្រទេសចិនអំពីកម្ចីថ្មី កំពុងស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» ហើយកិច្ចព្រមព្រៀងថ្មីមួយ អាចនឹងធ្វើឡើងដើម្បីផ្ទេរបំណុល បច្ចុប្បន្នរបស់ស្រីលង្កា ទៅឲ្យចិនជាអ្នកគ្រប់គ្រងវិញ។

លោកលើកឡើងដូច្នេះថា៖ «ប្រទេសចិន នឹងជួយយើងក្នុងការសងបំណុល។ ...ហើយកម្ចីថ្មីរបស់ចិន នឹងជួយសម្រាលដល់ការសងបំណុលរបស់យើងដែលកំពុងជំពាក់ចិន»។

ការលើកឡើងរបស់លោក Cabraal នេះ បានធ្វើឡើង ក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសស្រីលង្កា ដើម្បីពិភាក្សាជាមួយប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa អំពីការកែប្រែលក្ខខណ្ឌសងបំណុលដល់ចិន។

ប្រទេសចិន គឺជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ប្រទេសស្រីលង្កា។ បំណុលបរទេសរបស់ប្រទេសស្រីលង្កាយ៉ាងតិច ១០% មានប្រទេសចិនជាម្ចាស់បំណុល៕



© រក្សាសិទ្ធិដោយ thmeythmey.com