ជាតិ
ប្រធានសមាគមអ្នក​ចិញ្ចឹមសត្វ៖ កម្ពុជាប្រឈមខ្វះសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារ
15, Jan 2022 , 5:39 pm        
រូបភាព
ភ្នំពេញ៖ តម្លៃជ្រូករស់ចាប់ផ្ដើមងើបឡើងវិញនៅដើមឆ្នាំ២០២២នេះ ខណៈសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា កម្ពុជាអាចនឹងប្រឈមខ្វះសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារ រយៈពេល២ខាងមុខទៀត ដូចប្រទេសថៃ និងវៀតណាមដែរ។  លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា បញ្ហាខ្វះសាច់ជ្រូកនេះ ដោយសារ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ជ្រូករាប់ពាល់ក្បាល បានងាប់ជាបន្តបន្ទាប់ និងកសិករខ្លះបាក់ទឹកចិត្ត បោះបង់ការចិញ្ចឹម។

 
លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា នាខែមករា ឆ្នាំ២០២២នេះ តម្លៃជ្រូករស់បានងើបឡើងវិញ ពី៩ ០០០ទៅ ១ ១០០០រៀល ក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា តម្លៃងើបឡើងវិញនេះ មិនអាចជួយឱ្យកសិករចំណេញបានឡើយ។ ដូច្នេះ ប្រសិនបើជ្រូករស់ មានតម្លៃឡើងដល់ ១ ២០០០រៀល ទើបអាចចំណេញ។ 


 
លោក ស្រ៊ុន ពៅ ប្រាប់ដូច្នេះថា៖«តម្លៃទើបតែកើនឡើងប៉ុន្មានថ្ងៃហ្នឹងទេ តែជ្រូកយើងកាន់តែស្បើយហើយ។ អ៊ីចឹង មិនត្រឹមតែឡើងថ្លៃប៉ុណ្ណោះទេ គឺរហូតឈានដល់ខ្វះសាច់ជ្រូកផ្គត់ផ្គង់ទីផ្សារទៀត ដោយសារកសិករយើង រងផលប៉ះពាល់ខ្លះដោយសារជំងឺ។ អ៊ីចឹង មូលហេតុ គឺកម្ពុជាជិតអស់ជ្រូក ហើយបើនាំពីប្រទេសជិតខាងថ្លៃ។ ណាមួយថៃ និងវៀតណាម កំពុងខ្វះជ្រូកបរិភោគដែរ ដូច្នេះ យើងមិនអាចពឹងលើប្រទេសណាទេ»។   
 
បច្ចុប្បន្ន ថៃ និងវៀតណាម កំពុងផ្ទុះជំងឺប៉េស្តអាហ្រ្វិក ខណៈតម្រូវការសាច់ជ្រូកប្រទេសទាំងពីរនេះកើនឡើងខ្លាំង។ លោក ស៊្រុន ពៅ សន្និដ្ឋានថា បញ្ហាប្រឈមខ្វះសាច់ជ្រូកបរិភោគនេះ ​នឹងអាចអូសបន្លាយរយៈពេល ១ឆ្នាំ ឬតិចជាងនេះ ដោយសារបរិមាណជ្រូកក្នុងស្រុកធ្លាក់ចុះ ដោយសារជំងឺ ហើយកម្ពុជាពុំអាចនាំចូលពីប្រទេសជិតខាង។
 
បើតាម លោក ស្រ៊ុន ពៅ ទោះបីជានាពេលខាងមុខ កម្ពុជា​​អាចប្រឈមនឹងការខ្វះសាច់ជ្រូកផ្គត់ផ្គង់តម្រូវការ ដោយសារបរិមាណជ្រូកក្នុងស្រុកធ្លាក់ចុះ  តែលោកក៏បានអំពាវនាវ ដល់រដ្ឋាភិបាលបន្តបិទការនាំចូលជ្រូកបន្តទៀត ព្រោះអាចធ្វើឱ្យជ្រូកឆ្លងជំងឺ ប៉ះពាល់ដល់កសិករ និងធ្វើឱ្យតម្លៃជ្រូកកាន់តែធ្លាក់ចុះ។
 
លោក អះអាងដូច្នេះ៖«ចូល២០ឆ្នាំហើយ កម្ពុជាយើងនាំចូលជ្រូកតែពីថៃ និងវៀតណាម។ ចុះបើ ២ប្រទេសហ្នឹង ផ្ទុះជំងឺដែរ តើយើងសង្ឃឹមអី? បើយើង ហ៊ានតែនាំសាច់បង្កកចូលមក ដូចនាំជំងឺមកប្រទេសអ៊ីចឹង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទៀត ពិសេសអ្នកចិញ្ចឹម»។ 
 
ជុំវិញបញ្ហានេះ លោក វេង​ សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម​ បានប្រាប់សារព័ត៌មាន Thmey Themy 25 កាលពីថ្ងៃទី៤មករាថា ជ្រូកងាប់ភាគច្រើនបណ្ដាលមកពីជំងឺប៉េស្តអាហ្រ្វិក។ កសិករចិញ្ចឹមគ្មានរបៀបរាបរយ និងមិនស្ដាប់ការណែនាំរបស់ក្រសួងកសិកម្ម។ លោក រៀបរាប់ថា ការចិញ្ចឹមជ្រូកបែបថ្មី គឺត្រូវចិញ្ចឹមជាលក្ខណៈបិទជិត ឬហៅថាជីវៈសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនចិញ្ចឹមតាមលក្ខណៈគ្រួសារ។ អ្នកខ្លះ យកសាច់ជ្រូកពីខាងក្រៅចូល  ដែលអាចជាប្រភពនៃជំងឺ។
 
រដ្ឋមន្រ្តីរូបនេះ អះអាងដូច្នេះ៖« ភាគច្រើននៃជ្រូក ដែលងាប់ទាំងនោះ គឺជាជំងឺប៉េស្តអាហ្រ្វិក ព្រោះកន្លងទៅនេះឃើញថាប្រទេសជិតខាងយើងដូចជាថៃ និងវៀតណាមឆ្លង»។ 
 
បើតាមលោក ស្រ៊ុន ពៅ កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃសម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។ ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ លើកទឹកចិត្តដល់កសិករឱ្យចិញ្ចឹមជ្រូកឡើងវិញ កុំបាក់ទឹកចិត្ត ដើម្បីជំរុញដល់ការផ្គត់ផ្គង់ជ្រូកក្នុងស្រុក៕
 
 

Tag:
 កសិកម្ម
  ជ្រូក
  សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com